ព័ត៌មានទាន់ហេតុការណ៍៖

របងថ្មធ្វើរំលោភចំណីផ្លូវដែកត្រូវបានអាជ្ញាធរក្រុងនិងជំនាញបញ្ជាឱ្យរុះរើចេញ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ អាជ្ញាធរក្រុងប៉ោយប៉ែតរួមជាមួយមន្ត្រីជំនាញខេត្តបានចុះពិនិត្យនិងបញ្ជាឱ្យម្ចាស់រុះរើរបងចេញ ខណៈដែលគាត់ធ្វើរបងរំលោភដីចំណីផ្លូវដែកនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ស្ថិតនៅភូមិផ្សារកណ្ដាលសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។

   លោក មាស សំណាង អភិបាលរងក្រុងប៉ោយប៉ែតបានប្រាប់ថា៖ ក្រោយទទួលបានព័ត៌មានថាមានបុគ្គលម្នាក់បានសាងសង់របងថ្មរំលោភដីចំណីផ្លូវដែកពីចិញ្ចើមផ្លូវប្រមាណជា២ម៉ែត្រហើយតាមការណែនាំពីលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតបានអោយលោកដឹកនាំមន្ត្រីជំនាញនិងអាជ្ញាធរភូមិ/សង្កាត់បានចុះពិនិត្យនិងហាមឃាត់អោយបញ្ឈប់សកម្មភាពសាងសងសំណង់របងបេតុងដែលរំលោភចំណីផ្លូវដែក។

លោកបានបញ្ជាក់ថា៖ ក្រោយពីមន្ត្រីចម្រុះចុះពិនិត្យហាមឃាត់ហើយក៏ហៅម្ចាស់សំណង់ធ្វើកិច្ចសន្យាអោយបញ្ឈប់សកម្មភាពហើយត្រូវរុះរើរបងថ្មដែលសាងសង់រំលោភដីចំណីផ្លូវដែកចេញជាបន្ទាន់ ព្រោះនេះជាអំពើល្មើសច្បាប់ដែលអាងខ្លួនមានប្រាក់ចេះតែហ៊ានធ្វើផ្តេសផ្តាស់ បើមិនរុះរើចេញតាមកិច្ចសន្យាទេនឹងមានវិធានការតាមផ្លូវច្បាប់។

    លោក សុក ចាន់ថា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនបានប្រាប់ថា៖ចំណីផ្លូវជាតិនិងផ្លូវដែកពីចិញ្ចើមផ្លូវប្រវែង៣០ម៉ែត្រមិនត្រូវអនុញ្ញាតអោយជនណាម្នាក់ចាក់ដីខ្ពស់ជាងផ្លូវជាតិឬផ្លូវដែកធ្វើឱ្យខុសនឹងច្បាប់ បើសិនជាមន្ត្រីឃើញមានសកម្មភាពចាក់ដីរំលោភចំណីផ្លូវដែកត្រូវមានវិធានការតាមច្បាប់ជាមិនខានឡើយ៕

ដោយ ៖ វណ្ណា


ចែករំលែក៖