ព័ត៌មានទាន់ហេតុការណ៍៖

សារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រារព្ធទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុ​នចាញ់ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងនាមរាជរដ្ឋាភិបាល ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមសម្តែងនូវការអបអរសាទរជាមួយប្រជាជាតិ និង ពិភពលោកទាំងមូលចំពោះការប្រារព្ធទិវាគ្រុនចាញ់ពិភពលោក និងទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃអង្គារ ៦កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ ក្រោម ប្រធានបទ “នេះជាពេលដែលគ្រុនចាញ់ត្រូវសូន្យ តាមរយៈការវិនិយោគ កែច្នៃ និងអនុវត្ត ក្នុងគោលបំណងបង្ហាញឱ្យឃើញអំពីពេលវេលាដែលត្រូវធ្វើឱ្យគ្រុនចាញ់សូន្យពីពេលនេះ តាមរយៈការលើកកម្ពស់ ប្រសិទ្ធភាពនៃការអនុវត្តសកម្មភាពពីគ្រប់មជ្ឈដ្ឋានជាចាំបាច់ សម្រាប់ឈានឆ្ពោះទៅលុបបំបាត់ជំងឺគ្រុនចាញ់ បានទាំងស្រុងក្នុងប្រទេសកម្ពុជានៅឆ្នាំ២០២៥ និងក្នុងពិភពលោកនៅឆ្នាំ២០៣០។

ពិតណាស់ ជំងឺគ្រុនចាញ់បានកើតឡើងដោយសារតែសត្វមូសដែកគោលជាភ្នាក់ងារខាំបឺតឈាមចម្លង មេរោគទៅមនុស្សបង្កជាបញ្ហាព្រួយបារម្ភចម្បងសម្រាប់សុខភាពសាធារណៈ និងសង្គម តាមរយៈកត្តាប៉ះពាល់ យ៉ាងខ្លាំងលើសុខភាព ខាតបង់ការងារ ខាតបង់ផលិតភាព ខាតបង់ថវិកា សេដ្ឋកិច្ចសង្គមធ្ងន់ធ្ងរ និងយាយីដល់ អាយុជីវិតគ្រប់ពេល។ ជំងឺគ្រុនចាញ់ក្នុងប្រទេសកម្ពុជា ត្រូវបានរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា អនុម័ត ដាក់ចេញជាផែនការយុទ្ធសាស្ត្រជាតិលុបបំបាត់ជំងឺគ្រុនចាញ់ឆ្នាំ២០១១-២០២៥ ដែលជាត្រីវិស័យនៃជ្រុងមួយ ក្នុងក្របខ័ណ្ឌគោលដៅអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០១៦-២០៣០ របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការស្តារនិងអភិវឌ្ឍប្រទេសកម្ពុជា ក្រោមដំបូលនៃសន្តិភាព និងស្ថិរភាពនយោបាយពេញផ្ទៃប្រទេស ដែលបាន ប្រសូត្រចេញពីថ្ងៃរំដោះជាតិ ៧ មករា ១៩៧៩ និងមាគ៌ានយោបាយឈ្នះឈ្នះ។ ការប្រតិបត្តិ ការវិនិយោគ កែច្នៃ និងអនុវត្តផែនការយុទ្ធសាស្ត្រជាតិលុបបំបាត់ជំងឺគ្រុនចាញ់ក្នុងប្រទេសកម្ពុជាកំពុងសម្រេចបានជោគជ័យនូវ វឌ្ឍនភាពសមិទ្ធផលផ្លែផ្កាជាបន្តបន្ទាប់ដោយឆ្នាំ២០១៦ ត្រូវបានបញ្ឈប់លែងឱ្យមានភាពស៊ាំថ្នាំសម្លាប់មេរោគ គ្រុនចាញ់ និងឆ្នាំ២០១៨ មកដល់បច្ចុប្បន្នគ្មានមនុស្សស្លាប់ដោយសារជំងឺគ្រុនចាញ់ ឯករណីឈឺដោយជំងឺ គ្រុនចាញ់ត្រូវបានកាត់បន្ថយជាលំដាប់ពីជាង ១១ម៉ឺនករណីឈឺ និងស្លាប់ជាង៥០០នាក់ ជាមធ្យមប្រចាំឆ្នាំ ក្នុងអំឡុងទសវត្សរ៍មុនឆ្នាំ២០១១ មកសល់ ៤ ០៤១ករណីឈឺ នៅឆ្នាំ២០២២។

ឆ្លៀតក្នុងឱកាសនេះ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមសំដែងនូវការអបអរសាទរ និងគាំទ្រយ៉ាងពេញទំហឹង ចំពោះគ្រប់សកម្មភាពទាំងអស់ដែលបាននិងកំពុងវិនិយោគ កែច្នៃបង្កើនប្រសិទ្ធភាពនិងអនុវត្តយ៉ាងសកម្ម នាពេលកន្លងមករហូតទទួលបានសមិទ្ធផលវិជ្ជមានជាផ្លែផ្កាលើការងារប្រយុទ្ធនឹងជំងឺគ្រុនចាញ់ តាមគន្លងផែនការ យុទ្ធសាស្ត្រជាតិ។ ទន្ទឹមគ្នានឹងវឌ្ឍនភាពសមិទ្ធផលជោគជ័យទាំងនេះ ក៏យើងនៅមិនត្រូវភ្លេចខ្លួនទេ ព្រោះយើង មិនទាន់សម្រេចគោលដៅផែនការលុបបំបាត់ជំងឺគ្រុនចាញ់ទាំងស្រុងនៅឡើយនោះទេ រីឯករណីជំងឺគ្រុនចាញ់ ប្រភេទហ្វាល់ស៊ីប៉ារ៉ូម (ឬហៅថា គ្រុនចាញ់សព្វំ) នៅមានវត្តមាននៅឡើយក្នុងការគំរាមកំហែងដល់អាយុជីវិត សាធារណជនគ្រប់ពេល ពិសេសប្រជាជនដែលចូលទៅតំបន់ព្រៃភ្នំទាញយកអនុផលព្រៃភ្នំ អេកូទេសចរណ៍ធម្មជាតិ ឬរស់នៅក្នុងភូមិសាស្ត្រប្រឈមការចម្លងជំងឺគ្រុនចាញ់ ក្រោមវត្តមានភ្នាក់ងារចម្លងសត្វមូសដែកគោល។ សកម្មភាពលើកកម្ពស់ការយល់ដឹងសាធារណជនឱ្យផ្លាស់ប្តូរផ្នត់គំនិត មកជាសកម្មភាពចូលរួមអនុវត្តពេញលេញ រៀងៗខ្លួន ដើម្បីទទួលបាននូវសុខភាពបរិបូណ៌គ្រប់រូប សហគមន៍មានអនាម័យល្អ បរិស្ថានស្អាត និងសេដ្ឋកិច្ចសង្គម គ្រួសារគាប់ប្រសើរ រួមទាំងវិធានការបង្ការជំងឺ គ្រប់គ្រងស្ថានភាពករណីជំងឺ និងស្វែងរកសេវាថែទាំសុខភាព ត្រឹមត្រូវ គឺជាកត្តាត្រូវការចាំបាច់របស់ប្រជាជនគ្រប់រូប និងសង្គមជាតិ ពិសេសតាមរយៈការផ្តល់អាទិភាព យកចិត្តទុកដាក់ខ្ពស់ដល់សហគមន៍ទីជនបទ ឬតំបន់ឆ្ងាយដាច់ស្រយាលប្រឈមងាយរងគ្រោះ ដូចជាប្រជាជន ក្រីក្រ ស្ត្រីមានផ្ទៃពោះ កុមារតូចៗ ជនជាតិដើមភាគតិច ជនចំណាកស្រុកជាដើម។

ក្នុងនាមរាជរដ្ឋាភិបាល ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមថ្លែងអំណរគុណដល់ភាគីពាក់ព័ន្ធទាំងអស់ ទាំងក្នុង និងក្រៅប្រទេសដែលជាដៃគូអភិវឌ្ឍ និងដៃគូវិនិយោគ រួមទាំងក្រសួងសុខាភិបាល មជ្ឈមណ្ឌលជាតិ ប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ មន្ត្រី បុគ្គលិកសុខាភិបាល ក្រុមការងារលុបបំបាត់ ជំងឺគ្រុនចាញ់ អាជ្ញាធរមូលដ្ឋាន អ្នកស្ម័គ្រចិត្ត និងប្រជាជនគ្រប់រូប ដែលបានលះបង់គ្រប់បែបយ៉ាង រួមទាំង សុខភាពផ្ទាល់ខ្លួន ប្រកបដោយស្មារតីម្ចាស់ការទទួលខុសត្រូវខ្ពស់តាមគោលការណ៍អភិបាលកិច្ចល្អ ដើម្បី បំពេញកាតព្វកិច្ចបន្តរក្សាបានការសម្រេចវឌ្ឍនភាពសមិទ្ធផលផែនការយុទ្ធសាស្ត្រជាតិលុបបំបាត់ជំងឺគ្រុនចាញ់ ជូនដល់សាធារណជនទូទៅ និងប្រទេសកម្ពុជាបន្ថែមពីលើកាតព្វកិច្ចពុះពារលំបាកចូលរួមទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ដែលត្រូវបានគ្រប់គ្រងទាំងស្រុងគួរជាទីមោទនភាពខ្ពស់ទាំងក្នុងតំបន់ និងសកលលោក។ ក្នុងឱកាសទិវាដ៏វិសេសវិសាលនេះ ខ្ញុំសូមអំពាវនាវឱ្យស្មារតីបំពេញកាតព្វកិច្ចដ៏អង់អាចក្លាហាននេះស្ថិតនៅជា រៀងរហូតជាមួយថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក និងប្រជាជន ព្រមទាំងសូមឱ្យក្រសួង ស្ថាប័ន អាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ទាំងអស់ វិស័យឯកជន អង្គការនានា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន សហគមន៍ជាតិ និងអន្តរជាតិ ដៃគូអភិវឌ្ឍ ដៃគូអនុវត្ត និងប្រជាជនគ្រប់រូប សូមបន្តចូលរួមអនុវត្ត និងគាំទ្រដល់បេសកកម្មផែនការលុបបំបាត់ ជំងឺគ្រុនចាញ់រហូតទទួលបានជោគជ័យទាំងស្រុង ពិសេស ខ្ញុំសូមឱ្យក្រុមការងារលុបបំបាត់ជំងឺគ្រុនចាញ់ អាជ្ញាធរ មូលដ្ឋាន ព្រមទាំងដៃគូពាក់ព័ន្ធទាំងអស់ ត្រូវតែផ្តល់ជូនដល់សាធារណៈនូវគ្រុនចាញ់សូន្យតាមភូមិសាស្ត្រ នីមួយៗចាប់ពីពេលនេះតទៅ តាមរយៈយន្តការបន្តការវិនិយោគ បន្តកែច្នៃស្វែងរកប្រសិទ្ធភាព និងប្រែក្លាយការ យល់ដឹងមកជាការអនុវត្តជាក់ស្តែងជាប្រចាំ ដោយប្រជាជនប្រឈមងាយរងគ្រោះគ្រប់រូបមិនឱ្យខ្វះចន្លោះ នរណាម្នាក់ឡើយលើរាល់មធ្យោបាយ និងវិធីសាស្រ្តយុទ្ធសាស្ត្រដែលកំពុងមាន តាមបរិបទបត់បនទន់ភ្លន់ ក្នុងការបញ្ជ្រាបសារអប់រំសុខភាព ការផ្សព្វផ្សាយវិធានបង្ការ ការផ្គត់ផ្គង់បរិក្ខារ និងការលើកទឹកចិត្ត រួមទាំង សកម្មភាពចូលរួមពីគ្រប់មជ្ឈដ្ឋាន កំណត់អត្តសញ្ញាណប្រជាជនប្រឈមសង្ស័យជាករណីជំងឺគ្រុនចាញ់ ដែល ចាំបាច់ត្រូវរាយការណ៍ ឬបញ្ជូនទៅសេវាសាធារណៈ និងផ្តល់សេវាសុខភាពជូនករណីអ្នកជំងឺគ្រុនចាញ់ដោយ មិនយកកម្រៃជាកំហិត។

ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមឧទ្ទិសឱ្យខ្លឹមសារ និងអត្ថន័យនៃទិវាគ្រុនចាញ់ពិភពលោក ២៥ មេសា ២០២៣ ដែលមានពាក្យស្លោកថា “នេះជាពេលដែលគ្រុនចាញ់ត្រូវសូន្យ តាមរយៈការវិនិយោគ កែច្នៃ និងអនុវត្ត” ឱ្យស្ថិតនៅជាការប្ដេជ្ញាចិត្តដ៏រឹងមាំរបស់យើងទាំងអស់គ្នា ដើម្បីបុព្វហេតុឈានឆ្ពោះទៅ លុបបំបាត់ជំងឺគ្រុនចាញ់បានទាំងស្រុងនៅឆ្នាំ២០២៥ ក្នុងព្រះរាជាណាចក្រកម្ពុជា និងឆ្នាំ២០៣០ ក្នុងពិភពលោក។ តាមរយៈនេះ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ភាគីពាក់ព័ន្ធទាំងអស់ ទាំងក្នុងជួររាជរដ្ឋាភិបាល វិស័យឯកជន អង្គការជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍ ដៃគូអនុវត្ត សប្បុរសជន ព្រះសង្ឃ ប្រជាពលរដ្ឋទាំងអស់ នឹងបន្តរួមចំណែកចូលរួមសហការគ្នាជាប្រព័ន្ធតួអង្គតែមួយគាំទ្រ វិនិយោគ កែច្នៃ និងយកការអនុវត្តជាចម្បង ដើម្បីទទួលបានគ្រុនចាញ់សូន្យ ពីពេលបន្ទាប់នេះតទៅ។

ជាទីបញ្ចប់ ជាមួយនឹងឱកាស នៃការប្រារព្ធទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ និងទិវាគ្រុនចាញ់ ពិភពលោកនេះ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមប្រគេនពរដល់ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងជូនពរសម្ដេច ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្ស និងបងប្អូនជនរួមជាតិទាំងអស់ សូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕ 

ដោយ ៖ សិលា


ចែករំលែក៖