ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចតេជោ ៖ ម្ចាស់ផ្ទះកម្ពុជាបន្ថែម ៧លាន ដុល្លារលើការចំណាយសម្រាប់ប្រតិភូកីឡាស៊ីហ្គេមដែលចូលរួមប្រកួត មានន័យថា, សរុបចំនួននេះកើន ១៣១លានដុល្លារនៃចំណាយសរុបដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ !

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា មានប្រសាសន៍ថានឹងបន្ថែម ៧លានដុល្លារ ដើម្បីចំណាយចំពោះការមិនយកថ្លៃចំណាយរបស់របស់ប្រតិភូកីឡាទាំងអស់ដែលមកចូលរួមប្រកួតនៅស៊ីហ្គេមកម្ពុជា។

សម្តេចតេជោ ហ៊ុនសែន មានប្រសាសន៍លើកឡើងដូចនេះក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា និងឆ្លងសមិទ្ធផលក្នុងវត្តព្រះបារមីវង្កតបុរី ហៅវត្តតាំងក្រសាំង នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ «ខ្មែរលើកនេះគឺថា ធ្វើឱ្យគេស្គាល់បេះដួងខ្មែរពិតប្រាកដ យើងចំណាយប្រមាណ ៧លានដុល្លារថែមទៀតដើម្បីចិញ្ចឹមកីឡាករ កីឡាការនី មិត្តភក្តិបរទេសដែលមកប្រកួត»។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា អ្នកចូលរួមទស្សនាទាំងខ្មែរ និងបរទេស គឺមិនតម្រូវឱ្យមានការបង់ប្រាក់ទិញសំបុត្រចូលនោះទេ ដោយឡែកចំពោះអ្នកគាំទ្រមកពីក្រៅប្រទេសត្រូវរ៉ាប់រងថ្លៃស្នាក់នៅ ហូបចុក និងធ្វើដំណើរដោយខ្លួនឯង។

គួរឱ្យដឹងដែរថា នៅក្នុងសន្និសីទកាសែតស្តីពីវឌ្ឍនភាពនៃការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ លោក វ៉ាត់ ចំរើន បានឱ្យដឹងថាកម្ពុជានឹងចំណាយថវិកាចំនួន ១២៤លានដុល្លារ សម្រាប់រៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២។ ខណៈពេលនេះសម្តេចតេជោប្រកាសថានឹងបន្ថែម ៧លានទៀត ដែលចំនួននេះកើន ១៣១លានដុល្លារនៃចំណាយសរុបដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ។

នៅសល់ ១១ថ្ងៃទៀត នៃដំណើរឆ្ពោះទៅព្រឹត្តិការណ៍ស៊ីហ្គេម និង ៤០ថ្ងៃទៀត នៃអាស៊ានប៉ារ៉ាហ្គេម ជាមួយនឹងដំណើរត្រៀមដង្ហែព្រះអគ្គិជ័យកីឡា និងរត់ភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅប្រទេសឡាវ នាថ្ងៃទី២៥ ខែមេសា ស្អែកនេះ។

សូមបញ្ជាក់ថា, នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣  លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាអនុប្រធានគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC រួមជាមួយ លោកបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការជាតិ CAMSOC-CAMAPGOC បានអញ្ជើញចុះពិនិត្យទីតាំងផ្តល់សេវាសុខាភិបាល បន្ទប់សម្រាប់ព្យាបាល និងរថយន្តគិលានុសង្រ្គោះ នៅពហុកីឡដ្ឋានជាតិមរកតតេជោ ដើម្បីត្រៀមលក្ខណៈថែទាំសុខភាព និងសង្គ្រោះបន្ទាន់ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣។

សូមជម្រាបថា ក្នុងឱកាសដែលកម្ពុជាក្លាយជាម្ចាស់ផ្ទះនៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ក្រសួងសុខាភិបាល បានកំណត់ទីតាំងផ្ដល់សេវាសុខភាព និងសង្គ្រោះបន្ទាន់ ចំនួន ២៨ទីតាំងផងដែរ ទាំងនៅពហុកីឡដ្ឋានជាតិមរតកតេជោ និងទីតាំងផ្សេងៗទៀត នៅរាជធានីភ្នំពេញ៕

ដោយ ៖ សិលា


ចែករំលែក៖