ព័ត៌មានទាន់ហេតុការណ៍៖

ឃើញម្ចាស់រវល់តែហូបបាយ បន្លំចូលលួចទូរស័ព្ទក្នុងហាងបានហេីយរត់មិនរួច ពលរដ្ឋនាំគ្នាដេញចាប់ប្រគល់ជូនសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានប្រជាពលរដ្ឋនាំគ្នាដេញចាប់ប្រគល់ជូនសមត្ថកិច្ចចាត់ការតាមនីតិវិធីបន្ទាប់ពីបន្លំចូលលួចទូរស័ព្ទដៃពីក្នុងហាងមួយកន្លែងបានសម្រេចកកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ នៅតូបលក់ទូរស័ព្ទ តាមផ្លូវបេតុងក្នុងភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យចាប់ខ្លួនបានមាន ឈ្មោះ ឌួង សីហា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅផ្ទះជួលក្នុងភូមិចោមចៅ២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ឃុំបាភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង ។ ចំណែកជនរងគ្រោះ មានឈ្មោះ ស្រ៊ូ គឹមស្រ៊ាង ភេទស្រីអាយុ២៤ឆ្នាំ មុខរបរ លក់ទូរស័ព្ទ ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើតនៅ ភូមិព្រែកក្រូច ឃុំបុឺស១ ស្រុកក្រូចឆ្នារ ខេត្តត្បូងឃ្មុំ ។ ទូរស័ព្ទដែលជនសង្ស័យលួចយក ម៉ាក I phone 7 plush យកបានមកវិញ ។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះជាប់រវល់អង្គុយហូបបាយក្នុងផ្ទះ ស្រាប់តែជនសង្ស័យជិះម៉ូតូហុងដាឌ្រីម អត់មានស្លាកលេខ ទៅឈប់ពីមុខតូប ឃើញម្ចាស់រវល់ហូបបាយ ឆ្លៀតឱកាសចូលទៅលួចយកបានទូរស័ព្ទ I phone 7 plush បានសម្រេចហើយ ដើរចេញមកវិញ ត្រូវបានជនរងគ្រោះក្រឡេកមើលក្រោយឃើញ ស្រែកផ្អើលពលរដ្ឋ ជនសង្ស័យរត់គេច ដល់មុខរោងចក្រ សាន់ ស្កាយ ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ទើបចាប់ឃាត់ខ្លួនបាន ប្រគល់ឲ្យសមត្ថកិច្ច ។

ជនសង្ស័យរួមជាមួយវត្ថុតាង ត្រូវបានសមត្ថកិច្ចនាំយកទៅសាកសួរនៅប៉ុស្តិ៍នគរបាលកាកាបទី២ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖