ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនស្ត្រីម្នាក់ពាក់ព័ន្ធករណីហិង្សាដោយមានស្ថានទម្ងន់ទោស ដោយសាររឿងកាប់ដើមឈើ

ចែករំលែក៖

ខេត្តស្វាយរៀង ៖ សមត្ថកិច្ច នគរបាលបាន ឃាត់ខ្លួនស្ត្រីសង្ស័យម្នាក់ពាក់ព័ន្ធករណីហិង្សាដោយមានស្ថានទម្ងន់ទោស ដោយបានយកដំបងឈើវាយទៅលើស្ត្រីរងគ្រោះដោយសារមូលហេតុរឿងកាប់ដើមឈើ។

ហេតុការណ៍នេះបានកើតឡើងកាលពីនៅវេលាម៉ោង២ និង០៥នាទីរសៀល ថ្ងៃទី ២៣ខែមេសាឆ្នាំ២០២៣ ស្ថិតនៅត្រង់ចំណុចភូមិត្រពាំងធ្លកខាងត្បូង ឃុំចន្ត្រី ស្រុករមាសហែក ។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថាស្ត្រីសង្ស័យមានឈ្មោះ ជ័យ លុច អាយុ ៣៥ឆ្នាំមុខរបរកសិករ រស់នៅភូមិអូរកន្តិល សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ។

ចំណែកស្ត្រីរងគ្រោះ មានឈ្មោះ ឡុង សំបូរ អាយុ ៤១ ឆ្នាំ មុខរបរកសិករ រស់នៅភូមិឃុំកើតហេតុ ដោយរងរបួស បែកក្បាល ។

សមត្ថកិច្ចបានបញ្ជាក់ទៀតថា ដែលបណ្ដាលអោយមានអំពើហិង្សានេះកើតឡើងដោយសារ មូលហេតុស្ត្រី សង្ស័យ បានមានទំនាស់ពាក្យសម្ដីគ្នាជាមួយឈ្មោះ ជ័យជា ដែលត្រូវជាប្អូនប្រុសបង្កើត និងជាប្ដីរបស់ជនរងគ្រោះ ឈ្មោះ ឡុង សំបូរ អំពីរឿងកាប់ដើមឈើ បណ្ដាលអោយមានចិត្តខឹងខ្លាំងក៏ស្ទុះទៅយកដំបងមកវាយក្បាលពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង។

បច្ចុប្បន្នស្ត្រីសង្ស័យ ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុករមាសហែកដើម្បីចាត់ការបន្តតាមច្បាប់ ៕

ដោយ៖ សុថាន

 


ចែករំលែក៖