ភ្នំពេញ ៖ បើយោងតាមព្រះរាជក្រឹត្យ ដែលអង្គភាព មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” ទទួលបាននៅល្ងាចថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣។ គឺព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បានសព្វព្រះរាជហឫទ័យ ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំងលោក ហ៊ុន កុសល ជាអនុរដ្ឋលេខាធិការ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
សូមបញ្ជាក់ថា, ការត្រាស់បង្គាប់តែងតាំង លោក ហ៊ុន កុសល ជាអនុរដ្ឋលេខាធិការក្រសួងរៀបចំដែន បានធ្វើឡើងតាមសំណើរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។
សូមជម្រាបថា សកម្មជនក្រុមប្រឆាំង លោក ហ៊ុន កុសល នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ បានស្នើសូមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ តាមរយៈ Video ខ្លីមួយ លោកបានប្តេជ្ញា និងបង្ហាញចិត្តស្មោះត្រង់ ចំពោះសម្ដេចតេជោ និងគណបក្សប្រជាជនកម្ពុជា។
លោក ហ៊ុន កុសល បានបញ្ជាក់យ៉ាងដូច្នេះថា «កូនសូមប្តេជ្ញា និងបង្ហាញចិត្តស្មោះត្រង់ ចំពោះសម្ដេចពុក និងចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ត្រជាក់ត្រជុំរបស់សម្ដេច។ គុណដ៏ធំធេងរបស់សម្ដេចពុក គឺជាគុណដែលកូនមិនអាចបំភ្លេចបានពេញ ១ជីវិតនេះ។ ដើម្បីជាការតបស្នងសងគុណចំពោះសម្ដេចពុក កូនសូមប្តេជ្ញាចិត្ត ភក្តីភាព ស្មោះត្រង់ ជាមួយសម្ដេច ដើម្បីចូលរួមកសាងនិងស្ថាបនា របស់ប្រទេសយើង ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចពុក ដែលនាំនាវាកម្ពុជាពីភ្លើងសង្គ្រាមមកសន្តិភាព»៕
ដោយ ៖ សហការី