ព័ត៌មានទាន់ហេតុការណ៍៖

ប្អូនប្រុសលោក ស៊ន តារា គឺលោក ស៊ន សារ៉ាត ចេញវីដេអូបញ្ជាក់ថា លោកបានផ្ដាច់ទំនាក់ទំនងជាមួយបងប្រុស គឺលោក ស៊ន តារា ជាយូរណាស់មកហើយ

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ លោក ស៊ន សារ៉ាត ដែលត្រូវជាងប្អូនប្រុស លោក ស៊ន តារា កំពុងក្លាយជនពាលជាមួយក្រុមទណ្ឌិតក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី បានចេញវីដេអូប្រមាណ២នាទីនិង៣វិនាទី គឺបញ្ជាក់ថា លោកបានផ្ដាច់ទំនាក់ទំនងជាមួយបងប្រុស គឺលោក ស៊ន តារា ជាយូរណាស់មកហើយ។ ក្នុងនោះ លោកក៏ធ្វើលិខិតគោរពជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដោយបញ្ជាក់ថា, ខ្ញុំបាទឈ្មោះ ស៊ន សារ៉ាត អាយុ ៤០ឆ្នាំ មុខរបរ អ្នកសារព័ត៌មាន នៃសារព័ត៌មានខេមបូចា អាសយដ្ឋានបច្ចុប្បន្ន ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សូមគោរពជូន

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត!

តាមរយៈ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ អគ្គស្នងការរងនគរបាលជាតិ ទទួលផែនសន្តិសុខ។

ខ្ញុំបាទសូមរៀបរាប់អំពីស្ថានភាពគ្រួសារ និងជីវប្រវត្តិ ដូចខាងក្រោម៖

– ឪពុកឈ្មោះ សុខ ស៊ុនណារ៉េត អាយុ ៧០ឆ្នាំ មុខរបរ កងយោពលខេមរភូមិន្ទ អាសយដ្ឋាន ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ

– ម្តាយឈ្មោះ ពិល វ៉ាន់ថុន អាយុ ៦៦ឆ្នាំ មុខរបរ មេផ្ទះ អាសយដ្ឋាន ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ 

– បងប្អូនបង្កើតចំនួន ០៤នាក់ ខ្ញុំជាកូនទី២

(១)ឈ្មោះ ស៊ន តារា ភេទប្រុស បច្ចុប្បន្ននៅប្រទេសបារាំង (២)ឈ្មោះ ស៊ន សារ៉ាក់ ភេទប្រុស មុខរបរ លក់ខោអាវនៅផ្សារក្រាំងចេក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ 

(៣)ឈ្មោះ ស៊ន សារ៉ាម ភេទប្រុស មុខរបរ បុគ្គលិកក្រុមហ៊ុនឯកជន (ផ្នែកលក់កែវ)

អាសយដ្ឋាន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

– មានភរិយាឈ្មោះ ព្រំ សុគន្ធារី អាយុ ៣៩ឆ្នាំ មុខរបរនគរបាលជាតិ មានកូនចំនួន ០៣នាក់

ប្រុស ០១នាក់ ស្រី ០២នាក់

– កម្រិតវប្បធម៌ បរិញ្ញាបត្រភាសាអង់គ្លេស ឆ្នាំ២០០៧ – ចុងឆ្នាំ២០០៧ បានចូលបម្រើការងារនៅវិទ្យុ VOD

– ឆ្នាំ២០០៩ បានចូលបម្រើការងារជាអ្នកសារព័ត៌មានភ្នំពេញប៉ុស្តិ៍ 

– ឆ្នាំ២០២០ បានចូលបម្រើការងារជាអ្នកសារព័ត៌មាន Khmer Times

– ចុងឆ្នាំ២០២០ មកដល់បច្ចុប្បន្ន បានចូលបម្រើការងារជាអ្នកសារព័ត៌មានខេមបូចា។

– ដោយឃើញសកម្មភាពរបស់បងប្រុសឈ្មោះ ស៊ន តារា ដែលតែងតែនិយាយប្រមាថព្រះមហាក្សត្រ រាជរដ្ឋាភិបាល និងសម្តេច ព្រមទាំងក្រុមគ្រួសារ។ ខ្ញុំក៏បានផ្ដាច់ការទំនាក់ទំនងជាមួយគាត់ ព្រោះខ្លាចប៉ះ ពាល់ដល់វិជ្ជាជីវៈផ្ទាល់ខ្លួន។

បន្ទាប់ពីសម្តេច ប្រកាសជាសាធារណៈអ្នកដែលចង់ចូលមកប្រទេសវិញមិនយកទោសពៃ ព្រម ទាំងមានការពន្យល់ពីសមត្ថកិច្ច ខ្ញុំសូមសន្យាចំពោះ សម្តេច ដូចខាងក្រោម៖

១-ព្យាយាមពន្យល់អូសទាញបងប្រុសឈ្មោះ ស៊ន តារា ឲ្យបញ្ឈប់សកម្មភាពវាយប្រហារ ប្រមាថ ព្រះមហាក្សត្រ រាជរដ្ឋាភិបាល និងសម្ដេច ព្រមទាំងគ្រួសារ ឲ្យចាកចេញពីក្រុមឧទ្ទាមក្បត់ជាតិ មករួមរស់ជាមួយក្រុមគ្រួសារ និងប្រទេសជាតិវិញ។

២-ចូលរួមសហការជាមួយសមត្ថកិច្ច ក្នុងករណីដែលខ្ញុំទទួលបាន ឬបានដឹង នូវព័ត៌មាន ដែលធ្វើ ឲ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម នឹងរាយការណ៍ជូន។ 

៣- ខ្ញុំ និងភរិយា នៅតែបន្តគាំទ្រគណបក្សប្រជាជនកម្ពុជា ឥតងាករេ។

ដើម្បីបញ្ជាក់ចិត្តស្មោះត្រង់ជូនចំពោះ សម្តេច ខ្ញុំបាទសូមផ្តិតមេដៃស្ដាំ ទុកជាភស្តុតាង ដោយ មានភរិយាខ្ញុំចូលរួមផងដែរ ៕

IMG_0206 IMG_0207 IMG_0208

ដោយ ៖ សិលា


ចែករំលែក៖