ខេត្តស្ទឹងត្រែង៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានអញ្ជើញដឹកនាំប្រារព្ធ “ទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ឆ្នាំ២០២៣” នៅស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ ក្រោមប្រធានបទ “នេះជាពេលដែលគ្រុនចាញ់ ត្រូវសូន្យតាមរយៈការវិនិយោគ កែច្នៃ អនុវត្ព” នៅក្នុងបរិវេណវិទ្យាល័យតេជោសៀមប៉ាង ស្ថិតក្នុងភូមិសៀមប៉ាង ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង នៅក្នុងគោលបំណង ដើម្បីចែករំលែកសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ ព្រមទាំងបង្កើនការយល់ដឹងដល់សហគមន៍ និងប្រជាជនគ្រប់មជ្ឈដ្ឋាន អំពីពេលវេលាដែលត្រូវធ្វើឱ្យគ្រុនចាញ់សូន្យពីពេលនេះ តាមរយៈការលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តន៍សកម្មភាពទាំង អស់គ្នាជាចាំបាច់ សម្រាប់ឈានឆ្ពោះទៅលុបបំបាត់ជំងឺគ្រុនចាញ់បានទាំងស្រុងនៅក្នុងប្រទេសកម្ពុជានៅឆ្នាំ២០២៥ និងក្នុងពិភពលោកនៅឆ្នាំ២០៣០។
ទិវាជាតិនេះ មានការអញ្ជើញចូលរួមពីក្រសួង និងស្ថាប័នពាក់ព័ន្ធ រួមមាន៖ ក្រសួងសុខាភិបាល ក្រសួង បរិស្ថាន ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ ក្រសួងកសិកម្ម ក្រសួងទេសចរណ៍ លោក លោកស្រី គណៈអភិបាលខេត្តទទួលបន្ទុកប្រធានក្រុមការងារពិសេសថ្នាក់ខេត្តលុបបំបាត់ជំងឺគ្រុនចាញ់ (PSMET) ប្រធាន/អនុប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្ទឹងត្រែង មន្ទីរចំណុះរដ្ឋបាលខេត្ត កងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋ រួមទាំង ដៃគូអនុវត្តន៍ និងដៃគូអភិវឌ្ឍជាតិ និងអន្តរជាតិ មានដូចជា ៖ WHO, UNOPS, USAID/PMI CHAI, CRS, MC, HSD, PSI, Vectorlink, Chemonics-PSM,។ល។ ដែលមានអ្នកចូលរួមសរុបប្រមាណ ៧៥០នាក់។
នៅក្នុងពិធីដ៏សំខាន់នេះលោករដ្ឋមន្ដ្រីក្រសួងសុខាភិ បាល បានអានសារលិខិតរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី សម្រាប់ទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ (ដូចមានជូនភ្ជាប់មកជាមួយនេះ) ដោយនៅក្នុងសារលិខិតនេះ បានសំដែងនូវការអបអរសាទរជាមួយពិភពលោកទាំងមូល ចំពោះការប្រារព្ធទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុន ចាញ់ និងទិវាគ្រុនចាញ់ពិភពលោក ព្រមទាំងគាំទ្រយ៉ាងពេញទំហឹងចំពោះគ្រប់សកម្មភាពទាំងអស់ដែលបាន និងកំពុងវិនិយោគ កែច្នៃ បង្កើនប្រសិទ្ធភាព និងអនុវត្ត យ៉ាងសកម្មនាពេលកន្លងមក រហូតទទួលបានសមិទ្ធ ផលវិជ្ជមានជាផ្លែផ្កា លើការងារប្រយុទ្ធនឹងជំងឺគ្រុនចាញ់តាមគន្លងផែនការយុទ្ធសាស្ត្រជាតិ លុបបំបាត់ជំងឺ គ្រុនចាញ់ឆ្នាំ២០១១-២០២៥៕
ដោយ៖ សូរិយា