ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិចិនម្នាក់បើករថយន្ត Prius បុករបាំងថ្មពុះចែកទ្រូងផ្លូវជាតិលេខ៤​ ក្រឡាប់ផ្ងារជើងម្ខាងរងការខូចខាត

ចែករំលែក៖

​     ភ្នំពេញ​ ៖​ បុរសម្នាក់ជាជនជាតិចិន​ បានបើករថយន្តម៉ាកToyota Prius យ៉ាងលឿនជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវជាតិលេខ៤​ពេញទំហឹងបណ្ដាលឱ្យរថយន្តក្រឡាប់ផ្ងារជើងម្ខាងរងការខូចខាត​ តែសំណាងដែរដែលមិនគ្រោះថ្នាក់ដល់មនុស្ស​ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១ និង ៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០២៣​ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ពានអាកាសផ្លូវល្បឿនលឿន ស្ថិតក្នុងសង្កាត់ចោមចៅទី៣  ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

​    តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនកេីតហេតុនោះ​ គេឃេីញរថយន្តម៉ាក​ Toyota Prius ពណ៌ទឹកប្រាក់​ ពាក់ផ្លាកលេខភ្នំពេញ2AW-2813​ បេីកបរដោយបុរសម្នាក់ជាជនជាតិចិន​ ធ្វេីដំណេីរតាមបណ្ដោយផ្លូវជាតិលេខ៤​ពីលិចទៅកេីតក្នុងល្បឿនលឿន​ ខណៈមកដល់ចំណុចកេីតហេតុ​ ដោយសារអ្នកបេីកបរខ្វះការប្រុងប្រយ័ត្ន​បានជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង​ បណ្ដាលឱ្យបាក់របាំងថ្មចំនួន២កង់​ ឯរថយន្តបង្កបានក្រឡាប់ផ្ងារជេីងម្ខាងរងការខូចខាតយ៉ាងដំណំ​ ។ ភ្លាមៗនោះតៃកុងរថយន្តបង្កជាជនជាតិចិនបានបេីកទ្វារវារចេញពីក្នុងរថយន្ត​ដោយមិនមានរបួសដល់ខ្លួនឯង​និងអ្នកដទៃឡេីយ​ ។ 

​    ក្រោយកើតហេតុ​ តៃកុងរថយន្តបង្កព្យាយាមរុញរថយន្តឱ្យត្រឡប់ដូចដេីមវិញតែមិនដូចបំណង​ក៏ដេីរចេញគេចខ្លួនបាត់​ ទៅ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋាន​ សហការជាមួយមន្ត្រីផ្នែកជំនាញធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នាតាមច្បាប់នាពេលក្រោយ​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖