ភ្នំពេញ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតិអោយលោកស្រី អ៊ុលឃឺឃូចូអ៊ែវហ្វេ ឯកអគ្គរដ្ឋទូតតួកគីប្រចាំនៅកម្ពុជា និងលោកវរសេនីយ៍ឯក Ismet KoNaRoGLu អនុព័ន្ធយោធាតួកគីចូលឋជួបសវនាការនិងសម្តែងការគួរសមនៅអគ្គាបញ្ជាការដ្ឋាន នាព្រឹកថ្ងៃទី២៦មេសានេះ នៅអគ្គបញ្ជាការដ្ឋាន។
ក្នុងជំនួបនេះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានសម្តែងការការអបអរសាទរ និងស្វាគមន៍ចំពោះលោកជំទាវឯកអគ្គរដ្ឋទូត និងលោកវរសេនីយ៍ឯកអនុព័ន្ធយោធាតួកគី ដែលបានមកចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនាឱកាសនេះ។
នាយឧត្តមសេនីយ៍ វង្ស ពិសេន ក្នុងនាមថ្នាក់ដឹកនាំអគ្គបញ្ជាការ និងក្នុងនាមលោកផ្ទាល់ បានត្រៀមខ្លួនជានិច្ចក្នុងការធ្វើកិច្ចសហការជិតស្និទ្ធជាមួយតួកគី ដើម្បីរួមចំណែកបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃជាផ្លែផ្កានេះទៅមុខទៀត។
នាយឧត្តមសេនីយ៍ វង្ស ពិសេន បានបញ្ជាក់ថា កម្ពុជាបានឆ្លងកាត់សង្គ្រាមស៊ីវិលអស់ជាច្រើនទសវត្សរ៍មកហើយចាប់ពីឆ្នាំ១៩៧០មក ទើបតែមកដល់ចុងឆ្នាំ១៩៩៨ កម្ពុជាទទួលបានសុខសន្តិភាពពេញបរិបូណ៌ ដោយនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ធ្វើអោយកម្ពុជាមានការអភិវឌ្ឍលើគ្រប់វិស័យ ហើយមកដល់ពេលនេះកម្ពុជា ជាប្រទេសដែលមានអធិបតេយ្យស្មើមុខស្មើមាត់ជាមួយបណ្តាប្រទេសក្នុងតំបន់។
នាយឧត្តមសេនីយ៍ បានបន្តទៀតថា ក្នុងឆ្នាំ២០២២កន្លងមក កម្ពុជាបានធ្វើម្ចាស់ផ្ទះក្នុងកិច្ចប្រជុំកំពូលអាស៊ានដោយផ្ទាល់ ទទួលបានជោគជ័យយ៉ាងក្រចះត្រចង់ ហើយកក្នុងឆ្នាំ២០២៣នេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងប៉ារ៉ាហ្កេមលើកទី១២ និងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអណត្តិទី៧។
នាយឧត្តមសេនីយ៍ វង្ស ពិសេន បានមានសង្ឃឹមយ៉ាងមុតមាំថា តាមរយ:លោកវរសេនីយ៍ឯកអនុព័ន្ធយោធាតួកគី កិច្ចទំនាក់ទំនងសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ កម្ពុជា-តួកគី កាន់តែត្រូវបានពង្រឹងពង្រីកឥតឈប់ឈរ។
ក្នុងកិច្ចឆ្លើយតប លោកវរសេនីយ៍ឯកអនុព័ន្ធយោធាតួកគី បានសម្តែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមអគ្គមេបញ្ជាការ ដែលទទួលការស្វាគមន៍ដល់រូបលោកនិងសហការី ដោយលោកបានបញ្ជាក់ពីការយល់ច្បាស់នូវសភាពការណ៍នៅកម្ពុជា។
លោកវរសេនីយ៍ឯកបន្តថា ថ្វីត្បិតរូបលោកពុំមាននិវេសនដ្ឋាននៅកម្ពុជា តែរូបលោកបានយល់ដឹងអំពីការអភិវឌ្ឍឌីរីកចំរើនលើគ្រប់វិស័យរបស់កម្ពុជា ជាពិសេសវិស័យកងទ័ពកម្ពុជា ដែលមិនត្រឹមតែមានលទ្ធភាពគ្រប់គ្រាន់ក្នុងការការពារអធិបតេយ្យភាពរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែកម្ពុជាបានបញ្ជូនកងទ័ពទៅបំពេញភារកិច្ចមនុស្សធម៌ក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិដើម្បីសន្តិភាពក្នុងតំបន់ និងពិភពលោកផងដែរ៕
ដោយ ៖ សិលា