ព័ត៌មានទាន់ហេតុការណ៍៖

ដឹកឈើតាមម៉ូតូចុះចំណោតមិនប្រយ័ត្នដួលម៉ូតូត្រូវឈើសង្កត់ស្លាប់ភ្លាមៗនៅនឹងកន្លែង

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុដោយសាររកសុីដឹកឈើមូលតាមម៉ូតូកែច្នៃដែលមានទម្ងន់ធ្ងន់ចេញពីព្រៃខ្វះការប្រុងប្រយ័ត្នធ្វើឱ្យដួលម៉ូតូត្រូឈើវសង្កត់ពីលើ។

   ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ៦៖២០នាទី ព្រឹកថ្ងៃទី២៥ខែមេសា ឆ្នាំ២០២៣ នៅត្រង់ចំណុចផ្លូវចុះចំណោតក្បែរដីចំការមួយកន្លែង ស្ថិតក្នុងភូមិពូត្រុំ សង្កាត់រម្យនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

   ប្រភពពីពលរដ្ឋនៅកន្លែងកើតហេតុបានឱ្យដឹងថា ដំបូងឡើយគេឃើញជនរងគ្រោះបានយកម៉ាស៊ីនអារឈើឆ្ពោះទៅក្នុងព្រៃកាត់ឈើយកមកផ្ទះអារច្រៀកដើម្បីធ្វើឧបករណ៍ប្រើប្រាស់ផ្សេងៗ ស្រាប់តែមកដល់ចំណុចកើតហេតុ ម៉ូតូបានបាក់កាំផ្នែកខាងក្រោយ ហើយកំពុងចុះចំណោតផងក៏បណ្តាលឱ្យម៉ូតូដួលហើយឈើក៏រមៀលសង្កត់លើតែម្តង។

    បន្ទាប់ពីកើតហេតុកម្លាំងសមត្ថកិច្ច អធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ ក៏បានចុះទៅដល់ទីតាំងនោះភ្លាមៗហើយធ្វើការពិនិត្យនិងធ្វើកោសល្យវិច្ច័យសពបានសន្និដ្ឋានថា ជនរងគ្រោះមិនមានជាប់ពាក់ព័ន្ធនឹងអំពើឃាតកម្មនោះឡើយ។ 

   សមត្ថកិច្ចប្រាប់ថា ជនរងមានឈ្មោះ ថុល ចាន់ធួន ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្ន នៅភូមិពូត្រុំ សង្កាត់រម្យនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ហើយក៏បានប្រគល់សាកសពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ ៖ ជីវ័ន្ត


ចែករំលែក៖