ព័ត៌មានទាន់ហេតុការណ៍៖

ខ្យល់កន្ត្រាក់បោកផ្លាកប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្ម ធ្លាក់លើផ្លូវជាតិលេខ៤ ទទឹងផ្លូវរលំសង្កត់លើរថយន្ត០១គ្រឿង នៅក្រុងច្បារមន

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់​ស្ពឺ​ បានឱ្យដឹង​នៅព្រឹកថ្ងៃ​ពុធ​ទី​២៦​ ខែមេសា​ ឆ្នាំ​២០២៣នេះថា៖​ មានករណីគ្រោះថ្នាក់ខ្យល់កន្ត្រាក់បោកផ្លាកប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្មធ្លាក់លើផ្លូវជាតិលេខ៤ ទទឹងផ្លូវរលំសង្កត់លើរថយន្ត ០១គ្រឿង កាលពីយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង២០ និង៣០នាទី ស្ថិតនៅលើផ្លូវជាតិលេខ០៤ ចន្លោះគីទ្បូម៉ែត្រលេខ៤៦-៤៧ ត្រង់ចំណុចភ្លើងស្តុបមន្ទីរសារធារណ:ការ ភូមិសំណង់ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ​។ 

ប្រភព​ដដែល​បន្តថា​ ៖ មុនពេលកើតហេតុមានរថយន្ដ ០១គ្រឿង ម៉ាកHYUNDAI ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3B-1311 សណ្តោងស៊ឺមីរ៉ឺម៉ក ពណ៌ប្រផេះ ពាក់ផ្លាកលេខភ្នំពេញ 4A-8630 អ្នកបើកបរ ឈ្មោះ ស៊ុន ឧស្សាហ៍ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិជ្រលង ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បើកបរពីទិសខាងកើត ទៅទិសខាងលិច លុះមកដល់ចំណុចខាងលើ ត្រូវបានផ្លាកប៉ាណូទទឹងផ្លូវ ធ្លាក់សង្កត់ពីលើ ចំកន្ទុយសណ្តោងរ៉ឺម៉ក ។ ករណីខាងលើនេះបណ្ដាលឲ្យខូចខាតកន្ទុយសណ្តោងរ៉ឺម៉ក (ស្រាល) និងខូចផ្លាកប៉ាណូកាត់ទទឹងផ្លូវ ០១ ប៉ុន្តែពុំមានគ្រោះថ្នាក់ដល់មនុស្សឡើយ ។

ក្នុងហេតុការណ៍ខាងលើនេះដែរ លោក វុី សំណាង អភិបាល នៃគណៈ:អភិបាលខេត្តកំពង់ស្ពឺ  អញ្ជើញចុះត្រួតពិនិត្យ និងដឹកនាំជំនាញពាក់ព័ន្ធ ពិសេសកងកម្លាំងនគរបាលចរាចរណ៍ខេត្ត  ក្នុងកិច្ចប្រតិបត្តិការ សម្រួល បង្វៀងចរាចរណ៍កុំឲ្យមានការកកស្ទះ និងដោះស្រាយយកផ្លាកប៉ាណូចេញពីលើផ្លូវ ដើម្បីឲ្យយានយន្តគ្រប់ប្រភេទធ្វើចរាចរណ៍បានឡើងវិញជាធម្មតា ។

សូមបញ្ជាក់ផងដែរថា ពេលនេះផ្លាកប៉ាណូ ដែលបាក់រលំនេះត្រូវបានរៀបចំឲ្យមានរបៀបរៀបរយ ហើយត្រូវបានបើកឲ្យធ្វើចរាចរណ៍ឡើងវិញជាធម្មតា ៕

ដោយ ៖ អរុណរះ


ចែករំលែក៖