ព័ត៌មានទាន់ហេតុការណ៍៖

លោក លូ គឹមឈុន ៖ នាវាវ៉េសស្ទើដាម នឹងមកចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុជាថ្មីម្តងទៀតនាចុងឆ្នាំនេះ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នាវាវ៉េសស្ទើដាម (Westerdam) នឹងមកចូលចតសាជាថ្មីម្តងទៀតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅចុងឆ្នាំ២០២៣ ។ នេះជាការបញ្ជាក់ពីលោក លូ គឹមឈុន អគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣។ 

លោកបានលើកឡើងបន្តថា នាវាវ៉េសស្ទើដាម (Westerdam) នឹងមកចូលចតសាជាថ្មីម្តងទៀតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ បន្ទាប់ពីបានចូលចតនៅថ្ងៃ១៣ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងគ្រាអាសន្នដោយសារជំងឺកូវីដ-១៩ បន្ទាប់ពីប្រទេសជាច្រេីនបានបដិសេធមិនឱ្យចូលចត ហើយចុងក្រោយមានតែប្រទេសកម្ពុជាមួយប៉ុណ្ណោះដែលយល់ព្រមឱ្យចូលចត និងក៏មានវត្តមានសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានទៅទទួលដោយភាពកក់ក្តៅ និងស្និទ្ធស្នាលមិនអាចបំភ្លេចបាន។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឱ្យនាវាទេសចរណ៍ អាម៉េរិក ដែលមានឈ្មោះថា Westerdam ចូលចតនៅកំពង់ផែស្វយ័តខេត្តព្រះសីហនុ ក្រោយពីប្រទេសនិងកោះចំនួន ៥ (ជប៉ុន តៃវ៉ាន់ កោះហ្គាម ហ្វីលីពីន និងថៃ) បានបដិសេធលើការស្នើសុំចតរបស់ក្រុមហ៊ុន Holland America Line ដោយសារបារម្ភពីជំងឺកូវីដ-១៩ ខណៈដែលកំពុងផ្ទុកមនុស្សជាង ២២០០នាក់នៅលើនាវា ក្នុងនោះ អ្នកដំណើរ ១, ៤៥៥នាក់ មានជាង ៤០សញ្ជាតិ និងបុគ្គលិកបម្រើការងារតាមផ្នែកលើនាវា ៨០២នាក់។ អ្នកទេសចរដែលច្រើនជាងគេគឺ អាម៉េរិក មានចំនួន ៦៥១នាក់ កាណាដា ២៧១នាក់ អង់គ្លេស ១២៧នាក់ ហុល្លង់ ៩១នាក់ អូស្ត្រាលី ៧៩នាក់ អាល្លឺម៉ង់ ៥៧នាក់ និងជនជាតិមួយចំនួនទៀត។ 

សូមបញ្ជាក់ថា សម្តេចអគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាធ្លាប់មានប្រសាសន៍ថា, ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលក្នុងការអនុញ្ញាតឱ្យនាវាទេសចរណ៍ Westerdam ចូលចត គឺដោយសារហេតុផលមនុស្សធម៌។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានលើកឡើងថា “ហេតុអ្វី​ត្រូវ​សម្រេចអនុញ្ញាតឱ្យនាវានេះចូលចត តើត្រូវឱ្យពួកគេទៅណា បើគេបានបិទអស់ហើយ ដូចដែលខ្ញុំបាននិយាយហើយថា ជំងឺពិតប្រាកដគឺភាពភ័យខ្លាច មិនមែនជាជំងឺកូរ៉ូណា​នោះទេ។ ការអនុញ្ញតឱ្យចូលនេះ បង្ហាញពីការលុបបំបាត់នូវជំងឺភ័យខ្លាចដែលកំពុងកើតមាន​នៅលើពិភពលោកយើងនេះ ហើយកម្ពុជាគ្មានឡើយការរើសអើងពូជសាសន៍ ត្រូវតែចូលរួម​សង្រ្គោះក្នុងកិច្ចការមនុស្សធម៌ ខណៈពួកគេកំពុងជួបគ្រោះអាសន្ន។”

សម្តេចតេជោបានបន្តទៀតថា យើងត្រូវសហការគ្នាទាំងអ្នកជាប់នៅលើនាវាដើម្បី​ជួយសង្រ្គោះដោយមិនខ្វល់ពីជាតិសាសន៍ ទោះបីជាតិសាសន៍ណាក៏ដោយ កិច្ចការនេះ​បង្ហាញ​ពីការងារមនុស្សធម៌ដ៏ប្រពៃ និងសន្តានចិត្តរបស់កម្ពុជាសម្រាប់មនុស្ស​លើពិភព​លោក ក្នុងការយកអាសាសម្រាប់ជាតិសាសន៍ដទៃ។ សម្ដេចតេជោបានលើកឡើងថា “បើគេមិនទទួល កម្ពុជាទទួល ហើយកម្ពុជា​ក៏ចង់​បង្ហាញថា កម្ពុជាមិនមែនគ្រាន់តែសហការ​​ជាមួយចិននោះទេ គឺធ្វើជាមួយគ្រប់ជាតិសាសន៍ទាំងអស់ ព្រោះបញ្ហានេះវាក្លាយជា​បញ្ហា​ប្រឈមជាសកលរួចទៅហើយ និងម្យ៉ាងទៀតបញ្ហាមនុស្សធម៌ក៏គ្មានព្រំដែនដែរ។ យើង​ត្រូវតែជួយពួកគេនៅពេលដែលពួកគេសុំឱ្យយើងជួយ យើងត្រូវតែជួយគេប្រកប​ដោយស្មារតី​ទទួលខុសត្រូវ។”

ក្រុមហ៊ុន Holland America Line និងអ្នកដំណើរដែលកំពុងស្ថិតនៅលើនាវា Westerdam បានសរសេរសារនៅលើបណ្តាញ Facebook ដោយសូមថ្លែង​អំណរគុណយ៉ាង​ជ្រាលជ្រៅបំផុតចំពោះកម្ពុជា ដែលបានគាំទ្រនិងអនុញ្ញាតឱ្យកប៉ាល់របស់ខ្លួន​បានចូលចត​នៅកំពង់ផែក្រុងព្រះសីហនុ។ ជាមួយគ្នានេះ នៅក្នុងសារមួយនៅលើបណ្តាញសង្គម Twitter លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា ក៏បានសម្តែងការ​កោតសរសើរយ៉ាងខ្លាំងចំពោះទង្វើមនុស្សធម៌របស់អាជ្ញាធរកម្ពុជា ដែលបានអនុញ្ញាតឱ្យនាវា​ទេសចរណ៍ Westerdam និងទេសចរ ដែលភាគច្រើនជាជនជាតិអាម៉េរិកចូលចតនៅ​កំពង់ផែក្រុងព្រះសីហនុ៕

ដោយ ៖ សិលា


ចែករំលែក៖