ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីភ្នំពេញ រៀបចំការផ្សាយបន្តផ្ទាល់ ចំនួន ៧ ទីតាំង សម្រាប់ ការប្រកួតបាល់ទាត់ របស់ក្រុមជម្រើសជាតិកម្ពុជា ក្នុងព្រឹត្តិការណ៍ប្រកួតកីឡា អាស៊ីអាគ្នេយ៍លើកទី៣២

ចែករំលែក៖

ភ្នំពេញ ៖ ទទួលបានប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រដ្ឋបាលរាជធានីភ្នំពេញ រៀបចំការផ្សាយបន្តផ្ទាល់ ចំនួន ៧ ទីតាំង សម្រាប់ ការប្រកួតបាល់ទាត់ របស់ក្រុមជម្រើសជាតិកម្ពុជា ក្នុងព្រឹត្តិការណ៍ប្រកួតកីឡា អាស៊ីអាគ្នេយ៍លើកទី៣២។ 

នៅរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹង ដោយបញ្ជាក់ថា, ទទួលបានប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ និងដើម្បីចូលរួមអបអរ សាទរព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ក្នុងឱកាសដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ រដ្ឋបាលរាជធានី ភ្នំពេញមានកិត្តិយសសូមជម្រាបជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋ ដែលស្រឡាញ់វិស័យកីឡា ទាំងអស់មេត្តាជ្រាបថា រដ្ឋបាលរាជធានីភ្នំពេញនឹងសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) រៀបចំផ្សាយបន្តផ្ទាល់ការប្រកួតបាល់ទាត់របស់ក្រុមជម្រើសជាតិកម្ពុជាក្នុងព្រឹត្តិការណ៍ប្រកួត កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ ២០២៣ នៅតាមទីតាំង មួយចំនួនដូចខាងក្រោម៖

១-សូនច្បារមុខវត្តបទុមវតី ស្ថិតនៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ

 ២-សូនច្បារមាត់ទន្លេទល់មុខភោជនីយដ្ឋានមេត្រ ស្ថិតនៅក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ

៣-ក្នុងបុរីប៉េងហួតបឹងស្ងោរ ស្ថិតនៅក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ 

៤-សួនច្បារមិត្តភាពក្បែរក្រសួងការពារជាតិ ស្ថិតនៅក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា 

៥-សួនច្បារទល់វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ព្រៃឈើ-សត្វព្រៃ ស្ថិតនៅក្នុងសង្កាត់ គោកឃ្លាង ខណ្ឌសែនសុខ 

៦-សួនច្បារព្រះនាងប្រាជ្ញាបារមី ស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ

៧-ទីលានប្រជាធិបតេយ្យ ក្បែរស្ពានអាកាសឫស្សីកែវ ស្ថិតនៅក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។

រដ្ឋបាលរាជធានីភ្នំពេញសង្ឃឹមជឿជាក់ថាសាធារណជន និងបងប្អូនប្រជាពលរដ្ឋ ដែលស្រឡាញ់ វិស័យកីឡាទាំងអស់ នឹងចូលរួមគាំទ្រ និងទស្សនាការផ្សាយបន្តផ្ទាល់តាមទីតាំងខាងលើឱ្យបានច្រើនកុះករ និងអធិកអធម ៕

ដោយ ៖ សំរិត


ចែករំលែក៖