ព័ត៌មានទាន់ហេតុការណ៍៖

ក្បូន​ដង្ហែ​ព្រះអគ្គិជ័យកីឡា បានចាកចេញពីខេត្តស្ទឹងត្រែង ឆ្ពោះមករាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៨​ មេសានេះ​

ចែករំលែក៖

ភ្នំពេញ៖ ពិធីដង្ហែ ព្រះអគ្គិជ័យកីឡា នៃព្រឹត្តិការណ៍ស៉ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ បានចាកចេញពីខេត្តស្ទឹងត្រែង ឆ្ពោះមករាជធានីភ្នំពេញ​ នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣នេះ។ ក្នុងពិធីនេះដែរ ដឹកនាំដោយលោក នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាតំណាង CAMSOC​ អមជាមួយរថយន្ដ និងម៉ូតូធំជាច្រើនគ្រឿង ដែលដង្ហែចេញពីវត្តស្រះកែវមុន្នីវណ្ណ(វត្តលើ)។ 

សូមជម្រាបថា ព្រះអគ្គីជ័យកីឡា (ភ្លើងគប់) ត្រូវបានដង្ហែចូលដល់ប្រទេសកម្ពុជាវិញកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ដែលជាទីតាំងប្រកួតកីឡា SEA Games និង ASEAN Para Games ក្រោយពិធីដង្ហែទៅបណ្តាប្រទេសស្ថិតនៅតំបន់អាស៊ីអាគ្នេយ៍ក្នុងរយៈពេលជាង ១ខែមកនេះ ពោលគឺចាប់ពីថ្ងៃទី២២ ខែមីនា ដល់ថ្ងៃទី២៧ ខែមេសា។

យោងតាមតារាងកម្មវិធីដង្ហែ ព្រះអគ្គិជ័យកីឡា នៃព្រឹត្តិការណ៍ស៉ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២នេះ​ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ០៦៖៤៥នាទីល្ងាចនេះ នឹងមានពិធីទទួលព្រះអគ្គិជ័យកីទ្បា នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ ដង្ហែទៅវត្តលង្កាព្រះកុសុមារាម។ បន្ថែមលើនេះ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ០៦៖០០នាទីព្រឹក នឹងមានពិធីរត់ដង្ហែព្រះអគ្គិជ័យកីទ្បា នៅមុខស្ថានទូតសិង្ហបុរី ដង្ហែទៅមុខអង្គភាពប្រឆាំងអំពើពុករលួយ។

សូមជម្រាបជូនថា ព្រះអគ្គិជ័យកីឡា បានចាប់ផ្ដើមធ្វើពិធីដង្ហែទៅកាន់បណ្ដាប្រទេសអាស៊ីអាគ្នេយ៍ និងទីម័រខាងកើត មានរយៈពេលជាង ១ខែ ពោលគឺចាប់ពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ដោយមានការចូលរួមពីបេសកជនពិសេសតំណាងគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ សហការជាមួយស្ថានទូត និងស្ថានតំណាងនៃកម្ពុជា ប្រចាំប្រទេសនានា។

ក្រោយចាកចេញពីមាតុភូមិ ប្រតិភូពិសេសកម្ពុជាបានរៀបចំពិធីដង្ហែព្រះអគ្គិជ័យកីឡា កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដោយជោគជ័យ និងទទួលបានការគាំទ្រ យ៉ាងផុសផុលជាបន្ដបន្ទាប់ក្នុងការដង្ហែទៅប្រទេសវៀតណាម, ហ្វីលីពីន, ឥណ្ឌូនេស៊ី, ទីម័រខាងកើត, ម៉ាឡេស៊ី, សិង្ហបុរី, ថៃ, មីយ៉ាន់ម៉ា និងឡាវ ជាប្រទេសចុងក្រោយ៕

ដោយ​៖ សហការី​


ចែករំលែក៖