ខេត្តបាត់ដំបង៖ យុវជនម្នាក់ រពឹសដៃទំនងគ្មានអីលេង បែរជាបែកគំនិតកែច្នៃគ្រាប់បែកដាក់ដប ផ្ទុះរងរបួសធ្ងន់ខ្លួនឯង បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានចុះមកជួយអន្តរាគមន៍ភ្លាមៗ។
នេះបេីយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងនៅព្រឹកថ្ងៃសុក្រទី២៨ ខែមេសា ឆ្នាំ២០២៣។
របាយការណ៍ដដែលបន្តថា កាលពីវេលាម៉ោង៤រសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ម្សិលមិញ ត្រង់ចំណុចភូមិកន្ទួត ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង មានករណីយុវជនម្នាក់គ្រោះថ្នាក់ផ្ទុះគ្រាប់បែកច្នៃ ជនរងគ្រោះឈ្មោះ សុខ ចំរើន ភេទប្រុស អាយុ១៩ឆ្នាំ ទីលំនៅភូមិកន្ទួត ឃុំសំឡូត ខេត្តបាត់ដំបង បណ្តាលអោយរបួសមធ្យមលើខ្លួនផ្នែកខាងមុខនិងលើចិញ្ចើម។
តាមការបញ្ជាក់ពីសាច់ញាតិជនរងគ្រោះបានអោយដឹងថា ជនរងគ្រោះបានកែច្នៃគ្រាប់បែកដាក់ ដប M-150 ហើយបានយកទៅដុតបោកនៅចំណុចអូរកន្ទុយដីចំការពូប្រនភូមិកន្ទួត ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង ទើបបណ្តាលអោយរងរបួស។
បច្ចុប្បន្ន សមត្ថកិច្ចបានចុះធ្វើការត្រួតពិនិត្យ និងចាត់បញ្ជូនជនរងគ្រោះ ទៅសម្រាកព្យាបាលនៅមណ្ឌលសុខភាពបឹងរុន ស្រុកសំឡូត៕
ដោយ៖ អរុណរះ