ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ីបានលើកឡើងពីជំហររបស់ខ្លួនលើជម្លោះនៅស៊ូដង់

ចែករំលែក៖

ស៊ូដង់ត្រូវតែដោះស្រាយបញ្ហាដោយគ្មានការជ្រៀតជ្រែកពីខាងក្រៅ ហើយរុស្ស៊ីមានទំនាក់ទំនងជាទៀងទាត់ជាមួយប្រទេសទាំងអស់ដែលពាក់ព័ន្ធ ដើម្បីសម្របសម្រួលស្ថានភាពមួយចំនួន។
យោងតាមសារព័ត៌មាន Arab News អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បាននិយាយថា រុស្ស៊ីបានអំពាវនាវឱ្យភាគីទាំងពីរដែលមានជម្លោះក្នុងប្រទេសស៊ូដង់ បញ្ឈប់ការបាញ់ប្រហារជាអចិន្ត្រៃយ៍ និងដោះស្រាយការខ្វែងគំនិតគ្នាតាមរយៈការចរចា។ លោកស្រីក៏បានបន្ថែមថា ប្រជាជនស៊ូដង់អាចដោះស្រាយបញ្ហាដោយខ្លួនឯងបានដោយមិនចាំបាច់មានអន្តរាគមន៍ពីខាងក្រៅ។
លោកស្រីZakharova បាននិយាយថា “ព្រឹត្តិការណ៍ដ៏អស្ចារ្យដែលកំពុងកើតឡើងនៅក្នុងប្រទេសស៊ូដង់ធ្វើឱ្យយើងព្រួយបារម្ភយ៉ាងខ្លាំង។ យើងអំពាវនាវឱ្យភាគីទាំងពីរដែលមានជម្លោះបង្ហាញពីឆន្ទៈនយោបាយ អនុវត្តការអត់ធ្មត់ និងចាត់វិធានការជាបន្ទាន់ឆ្ពោះទៅរកបទឈប់បាញ់ ដោយផ្តើមចេញពីការណ៍ពិតដែលថាភាពខុសគ្នាណាមួយអាចត្រូវបានដោះស្រាយតាមរយៈការចរចា។
នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀតពា់ព័ន្ធនោះដែរ សេតវិមាននៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបានជំរុញឱ្យពលរដ្ឋអាមេរិកទាំងអស់នៅក្នុងប្រទេសស៊ូដង់ ចាកចេញពីប្រទេសមួយនេះក្នុងរយៈពេល២៤ទៅ៤៨ ម៉ោងខាងមុខ ដោយព្រមានថាស្ថានការណ៍អាក្រក់អាចកើតឡើងបានគ្រប់ពេល។
នៅក្នុងសន្និសីទសារព័ត៌មាន អ្នកនាំពាក្យសេតវិមាន លោកស្រី ការីន ហ្សង់ព្យែរ (Karine Jean-Pierre) បានគូសបញ្ជាក់ដូច្នេះថា «ស្ថានការណ៍អាចនឹងកាន់តែធ្លាក់ចុះដុនដាប នៅគ្រប់ពេលវេលា ហើយយើងកំពុងបន្តបង្កើតជម្រើសសម្រាប់ឱ្យពលរដ្ឋអាមេរិកចាកចេញពីប្រទេសស៊ូដង់»។ លោកស្រីបន្តថា រដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន មានការព្រួយបារម្ភជាខ្លាំងចំពោះការកើនឡើងនៃសកម្មភាពបំពានលើបទឈប់បាញ់នៅស៊ូដង់ កាលពីថ្ងៃពុធកន្លងទៅ។
គួរបញ្ជាក់ថា បើតាមសេតវិមាន សហរដ្ឋអាមេរិកក៏បានដាក់ពង្រាយអង្គភាពស៊ើបការណ៍ តាមដាន និងឈ្លបយកការណ៍ផងដែរ ដើម្បីផ្ដល់ការគាំទ្រ ក៏ដូចការពារផ្លូវអាកាស និងគោកដែលពលរដ្ឋអាមេរិកប្រើប្រាស់ដើម្បីជម្លៀសខ្លួន៕ ដោយ៖ ធីរីណា

រូបថត៖ AFP/TTXVN


ចែករំលែក៖