ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្ដីណែនាំទៅអាជ្ញាធរនិងប្រជាពលរដ្ឋឱ្យចូលរួមលើកកម្ពស់កិត្យានុភាពជាតិ ធានាសោភណភាពនិងអនាម័យ-បរិស្ថានស្អាតក្នុងឱកាសប្រកួតកីឡាអាសុីអាគ្នេយ៍និងអាស៊ានប៉ារ៉ាហ្គេម

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣នេះបានចេញសេក្ដីណែនាំទៅអាជ្ញាធរនិងប្រជាពលរដ្ឋឱ្យចូលរួមលើកកម្ពស់សោភណភាព និងការថែរក្សាអនា ម័យ-បរិស្ថាន ក្នុងអំឡុងពេលរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ ។ 

ព្រះរាជាណាចក្រកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ នាពេលខាងមុខនេះ ដូច្នេះ ដើម្បីចូលរួមអបអរសាទរក្នុងព្រឹត្តិការណ៍ជាកំណត់ត្រាប្រវត្តិសាស្រ្តជាតិឱ្យប្រព្រឹត្តទៅដោយរលូន ជោគជ័យនិងអធិកអធម សំដៅចូលរួមចំណែកលើកកម្ពស់កិត្យានុភាពជាតិ ធានាបាននូវសោភណភាព និងអនាម័យ-បរិស្ថានស្អាត រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដូចខាងក្រោម៖. 

១- គ្រប់លំនៅឋាន ផ្សារទំនើប អគារពាណិជ្ជកម្ម រោងចក្រ សហគ្រាស រមណីយដ្ឋាន មជ្ឈមណ្ឌលកម្សាន្ត សំណង់បុរី មូលដ្ឋានអាជីវកម្មទេសចរណ៍ (ដូចជាសណ្ឋាគារ ខុនដូ ភោជនីយដ្ឋានជាអាទិ៍) និងមូលដ្ឋានអាជីវកម្មគ្រប់ប្រភេទផ្សេងទៀត សូមចងទង់ជាតិ ដោយដាក់ដងឱ្យបានត្រឹមត្រូវ និងរៀបចំតុបតែងលម្អភ្លើងពណ៌នៅមុខគេហដ្ឋាន លើអគារ តាមរបង និងនៅមុខមូលដ្ឋានអាជីវកម្មរបស់ខ្លួនឱ្យបានផុលផុស។ ទង់ជាតិត្រូវមានលក្ខណៈត្រឹមត្រូវស្របតាមអត្តសញ្ញាណជាតិ និងត្រូវចងឱ្យមានរបៀបរៀបរយល្អ ព្រមទាំងត្រូវពិនិត្យមើលក្រណាត់ទង់ជាតិ ចៀសវាងប្រើប្រាស់កំណាត់ដាច់រហែក ស្លក់ពណ៌ ឬទក់ ដែលធ្វើឱ្យបាត់បង់សោភណភាព ។ 

២- គ្រប់គ្រឹះស្ថានរដ្ឋ-ឯកជន ផ្សារទំនើប អគារពាណិជ្ជកម្ម រោងចក្រ-សហគ្រាសរមណីយដ្ឋាន មជ្ឈមណ្ឌលកម្សាន្ត សំណង់បុរី និងមូលដ្ឋានអាជីវកម្មគ្រប់ប្រភេទនៅក្នុងរាជធានីភ្នំពេញសូមចងបដាពាក្យស្លោក ដែលមានខ្លឹមសារឆ្លុះបញ្ចាំងពីការអភិវឌ្ឍជាតិ និងព្រឹត្តិការណ៍ប្រកួតកីឡាទាំងពីរនេះ ដោយត្រូវចងតាមលក្ខណៈបច្ចេកទេស និងសមស្របតាមទំហំអគារ ឬទីតាំងរបស់ ខ្លួនចៀសវាងបង្កគ្រោះថ្នាក់ និងបាត់បង់សោភណភាព ។ 

– រៀបចំបំពាក់ខ្សែភ្លើងពណ៌បំភ្លឺ និងដាក់គោមភ្លើងបំភ្លឺនៅតាមរបងនៅមុខអគារ ឬតាមជញ្ជាំង អគារ ឬដើមឈើ និងមូលដ្ឋានអាជីវកម្មរបស់ខ្លួនឱ្យមានភាពទាក់ទាញ និងសោភណភាព – នៅមុខទីតាំងផ្សារទំនើប និងអគារពាណិជ្ជកម្មធំៗ ដែលមានសូនច្បារ និងទឹកបាញ់ ត្រូវរៀបចំតុបតែងលម្អភ្លើងពណ៌បំភ្លឺចម្រុះពណ៌ ហើយទីតាំងដែលមានបំពាក់ទូរទស្សន៍ LED ត្រូវចាក់ផ្សាយអំពីសកម្មភាពនិងខ្លឹមសារផ្សេងៗពាក់ព័ន្ធនឹងព្រឹត្តិការណ៍ប្រកួតកីឡានេះ ។ -សម្រាប់មូលដ្ឋានអាជីវកម្មទេសចរណ៍ ត្រូវដាក់ពាក្យស្លោក ផ្សព្វផ្សាយ និងប្រើប្រាស់ខ្លឹមសារ និងនិមិត្តសញ្ញាផ្សព្វផ្សាយ “ឆ្នាំទស្សនាកម្ពុជា ២០២៣* (Visit Cambodia Year 2023) ដើម្បី ផ្សារភ្ជាប់ជាមួយនឹងនិមិត្តសញ្ញា។  ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣” ជាមួយរូបតំណាង“បូរី និងរំដួល” និងពាក្យស្លោក”កម្ពុជាព្រះរាជាណាចក្រអច្ឆរិយ ផ្តល់ភាពកក់ក្ដៅ”និង”គ្រប់ថ្ងៃ គឺជាអច្ឆរិយភាព”(Every Day Is A Wonder) ៕

ដោយ ៖ សំរិត


ចែករំលែក៖