ព័ត៌មានទាន់ហេតុការណ៍៖

Tottenham វាយបកតាមស្មើ Man Utd ក្រោមការដឹកនាំដំបូងរបស់លោក Ryan Mason

ចែករំលែក៖

ខ្សែប្រយុទ្ធ Son Heung-min បានរកគ្រាប់បាល់តាមស្មើនៅនាទីទី៧៩ដើម្បីបញ្ចប់ការត្រឡប់មកវិញដ៏ល្អរបស់ក្រុមម្ចាស់ផ្ទះ Tottenham ទល់នឹងក្រុមបិសាចក្រហម Manchester United ក្នុងលទ្ធផល ២ទល់២ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២៨ មេសា ក្នុងការប្រកួតដំបូងរបស់លោក Ryan Mason ក្នុងនាមជាគ្រូបង្វឹកបណ្តោះអាសន្ន។

ក្រុមបិសាចក្រហមមើលទៅហាក់ដូចជាកំពុងឆ្ពោះទៅរកការប្រជែង Top 3 នៅ Premier League បន្ទាប់ពីគ្រាប់បាល់ស៊ុតបញ្ចូលទីដោយកីឡាករJadon Sancho និង Marcus Rashford បានធ្វើឱ្យពួកគេស្ថិតក្នុងក្តីសង្ឃឹមនៃការឈ្នះក្នុងតង់ទី១។

កីឡាករ Pedro Porro បើកការវាយបក មុនពេល Bruno Fernandes ស៊ុតប៉ះរបារទីសម្រាប់ United នៅពេលដែលគាត់គួរតែស៊ុតបញ្ចូលទី។

Son បាន​តាម​ស្មើ​បន្ទាប់​ពី​ការបញ្ជូនបាល់​ដ៏​ល្អ​របស់ Harry Kane ដើម្បី​ផ្តល់ទំនុកចិត្តដល់​អ្នក​គាំទ្រ​ម្ចាស់ផ្ទះដែលធ្លាប់រិះគន់ពីការលេងកាលពីសប្តាហ៍មុន។

ក្រោយស្មើនេះ Spurs កំពុងឈរលើ Liverpool និង Aston Villa ដោយឈរនៅលេខរៀងទី៥ ខណៈ Man Utd ដេញតាមពីក្រោយក្រុមលេខ៣ Newcastle ចំនួន២ពិន្ទុ បន្ទាប់ពីក្រុម Newcastle ឈ្នះ ៤-១ នៅលើទឹកដីក្រុម Everton ។

លោក Mason បានត្រឡប់មកគ្រប់គ្រងវិញរយៈពេល២ឆ្នាំបន្ទាប់ពីការចូលដឹកនាំលើកដំបូងរបស់គាត់ក្នុងនាមជាគ្រូបង្វឹកបណ្តោះអាសន្ន និង៤ថ្ងៃបន្ទាប់ពីការចាញ់ក្រុម Newcastle ៦-១ ដ៏គួរឱ្យរន្ធត់ដែលនាំឱ្យលោក Cristian Stellini ជាគ្រូបង្វឹកបណ្តោះអាសន្នត្រូវក្លិបបញ្ចប់តួនាទី។

Man United នៅតែស្ថិតក្នុងចំណាត់ថ្នាក់ល្អដើម្បីបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលទាំង៤ ប៉ុន្តែការនាំមុខ ២-០ នៅតង់ទី១ និងធ្វើឲ្យគូប្រកួតតាមស្មើវិញបានបង្ហាញថា មានបញ្ហាដែលត្រូវការយកចិត្តទុកដាក់របស់អ្នកចាត់ការលោក Erik ten Hag នៅរដូវក្តៅនេះ។ បច្ចុប្បន្នក្រុមបិសាចក្រហមលើស៦ពិន្ទុ និងមាន២ប្រកួតក្នុងដៃលើក្រុមលេខ៥ Spurs ៕ ដោយ៖ ភារៈ

(រូបភាព ៖ BBC/Reuters/CNA)


ចែករំលែក៖