ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រី ឌិត ទីណា លើកឡើងអំពីទិសដៅក្រសួងក្នុងការចង់សម្រេចបាននូវសន្តិសុខស្បៀង និងមាននិរន្តរភាពសេដ្ឋកិច្ច

ចែករំលែក៖

 ភ្នំពេញ​៖​ ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣នេះ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានចូលរួមប្រជុំពិភាក្សាជាមួយលោក Gunther Beger នាយកគ្រប់គ្រង SDG ការច្នៃប្រឌិត និងការផ្លាស់ប្តូរសេដ្ឋកិច្ច នៃអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) កាលពីម្សិលមិញនេះ​ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ 

 ក្នុងកិច្ចប្រជុំនេះ លោករដ្ឋមន្ត្រី ឌិត​ ទីណា​ បានលើកឡើងអំពីទិសដៅក្រសួងក្នុងការចង់សម្រេចបាននូវសន្តិសុខស្បៀង និងមាននិរន្តរភាពសេដ្ឋកិច្ច ដោយក្នុងនោះត្រូវពិនិត្យការប្រើប្រាស់ដីឱ្យមានតុល្យភាព ដើម្បីឱ្យកសិករអាចបន្តការដាំដុះ ទទួលបានចំណូល និងកើនប្រាក់ចំណេញ។ ក្នុងន័យនេះ កសិករត្រូវការបច្ចេកទេស បច្ចេកវិទ្យា ដើម្បីផលិតផលិតផលប្រកបដោយគុណភាពស្តង់ដា សម្រាប់ផ្គត់ផ្គង់តម្រូវទីផ្សារពេញមួយឆ្នាំ។   

 ជាមួយគ្នានេះ​ លោករដ្ឋមន្ត្រី​ បានស្នើឱ្យ UNIDO សហការ និងពិនិត្យលទ្ធភាពសិក្សាលើការងារនេះ រួមទាំងការពង្រឹងសមត្ថភាពមន្ទីរពិសោធន៍ផងដែរ ព្រោះវាជាគោលដៅអាទិភាពមួយរបស់ក្រសួង៕

ដោយ​៖ សហការី​


ចែករំលែក៖