ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋក្នុងឃុំដងពែង ស្រុកស្រែអំបិលប្រទះឃើញក្រពើភ្នំដែលជាសត្វកម្របំផុត

ចែករំលែក៖

ខេត្តកោះកុង ៖ យោងតាមការផ្សាយហ្វេសប៊ុកផេកក្រសួងបរិស្ថាននៅថ្ងៃទី២៨ ខែ មេសា ឆ្នាំ២០២៣ បានឲ្យដឹងថា ក្រពើភ្នំដែលជាសត្វកម្របំផុតក្នុងពិភពលោក ១ក្បាល ទម្ងន់ ៣.៥គីឡូក្រាម ប្រវែង ១.១៥ម៉ែត្រ ត្រូវបានប្រជាពលរដ្ឋក្នុងឃុំដងពែង ស្រុកស្រែអំបិល ខេត្ត កោះកុង ក្នុងតំបន់ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង ប្រទះឃើញ និងយកមកប្រគល់ជូនមន្រ្តីឧទ្យានុរក្សនៃក្រសួងបរិស្ថាន។

ក្រោយពីបានពិនិត្យដោយសហការជាមួយមន្រ្តីជំនាញរបស់អង្គការសត្វព្រៃនិងរុក្ខជាតិ អន្តរជាតិ Fauna and Flora International ឃើញថាក្រពើភ្នំខាងលើ គឺជាក្រពើធម្មជាតិ មិនមែនជាក្រពើដែលអង្គការធ្លាប់បានលែងនោះទេ។ 

មន្រ្តីឧទ្យានុរក្សនៃក្រសួងបរិស្ថាន និងអង្គការ Fauna and Flora International បានយកក្រពើភ្នំខាងលើ ទៅលែងនៅទីជម្រកធម្មជាតិវិញ និងសូមថ្លែង អំណរគុណដល់ប្រជាពលរដ្ឋដែលបានយល់ពីតម្លៃនៃសត្វក្រពើភ្នំ ដែលជាសត្វកម្រលើពិភពលោក និងកំពុងមានវត្តមានច្រើនជាងគេនៅប្រទេសកម្ពុជាផងដែរ។ 

តំបន់ជួរភ្នំក្រវាញ ក្នុងប្រទេសកម្ពុជា បានផ្តល់ជាទីជម្រកយ៉ាងល្អ សម្រាប់ការរស់រានរបស់សត្វក្រពើភ្នំ ចាប់ពីតំបន់អូរសោម ក្នុងខេត្តពោធិ៍សាត់ រហូតដល់តំបន់ឆាយរាបនៃប្រព័ន្ធព្រែកកំពង់សោម ស្រុកស្រែអំបិល ខេត្តកោះកុង៕

ដោយ៖ សូរិយា


ចែករំលែក៖