ភ្នំពេញ ៖ ស្របពេលដែលការបោះឆ្នោតជាតិកាន់តែខិតជិតមកដល់ មជ្ឈដ្ឋានទូទៅ រួមទាំងសមាជិក និងសកម្មជនរបស់ខ្លួន កំពុងតែតាមដានមើលចំពោះសកម្មភាពរបស់គណបក្សភ្លើងទៀន ដែលត្រូវបានគេដឹងគ្រប់គ្នាថា ជាគណបក្សរបស់ទណ្ឌិតក្បត់ជាតិ សម រង្ស៊ី ហើយគេចង់ដឹងថា តើអ្នកណាគឺជាបេក្ខភាពនាយករដ្ឋមន្រ្តីរបស់បក្សភ្លើងទៀន នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៧ខាងមុខនេះ។ មានមតិមួយចំនួន ក៏ដូចជាពាក្យចចាមអារាមជុំវិញ ការមិនទាន់បង្ហាញបេក្ខភាពនាយករដ្ឋមន្រ្តីរបស់គណបក្សភ្លើងទៀន រួមមាន៖
ទី១-ដើម្បីចៀសវាងការប្រឈមមុខចំពោះផ្លូវច្បាប់៖
គណបក្សភ្លើងទៀន ត្រូវបានគេដឹងច្បាស់ថា ជាគណបក្សរបស់ទណ្ឌិតក្បត់ជាតិ សម រង្ស៊ី ជាអ្នកបង្កើតឡើង ហើយតំណែងបេក្ខភាពនាយករដ្ឋមន្រ្តី ត្រូវបានគេសង្ស័យថា ទុកសម្រាប់ទណ្ឌិតរូបនេះ។ មូលហេតុដែលបក្សភ្លើងទៀន មិនហ៊ានប្រកាសថា សម រង្ស៊ី ជាបេក្ខភាពនាយករដ្ឋមន្រ្តី ក៏ព្រោះតែទណ្ឌិតតពូជរូបនេះ គឺជាបុគ្គលដែលមានទោសជាប់ខ្លួន ដែលត្រូវប្រឈមមុខចំពោះផ្លូវច្បាប់ដោយសារតែទង្វើទុច្ចរិតរបស់ខ្លួន។
សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏ធ្លាប់បានប្រកាសយ៉ាងដាច់ណាត់ថា រាល់បុគ្គលណា ឬបក្សណាដែលជាប់ទាក់ទងជាមួយនឹងទណ្ឌិតក្បត់ជាតិ គឺត្រូវប្រឈមមុខចំពោះផ្លូវច្បាប់ និងប្រឈមនឹងការរំលាយចោល។
ទី២-ដើម្បីងាយស្រួលលក់តំណែងខ្យល់៖
ការមិនទាន់ប្រកាសបេក្ខភាពនាយករដ្ឋមន្រ្តី របស់បក្សភ្លើងទៀន ក៏ជាមូលហេតុមួយទៀត ដែលអាចធ្វើឱ្យពួកគេមានភាពងាយស្រួលក្នុងការបន្តលក់តំណែងខ្យល់ និងប្រមូលស្រោមសំបុត្រពីពលរដ្ឋខ្មែរនៅក្រៅប្រទេស។
ការធ្វើនយោបាយរបស់ទណ្ឌិតក្បត់ជាតិ សម រង្ស៊ី កន្លងមក គឺមិនមែនដើម្បីបម្រើផលប្រយោជន៍ជាតិ និងប្រជាជនខ្មែរនោះទេ គឺដើម្បីតែផលប្រយោជន៍សួនតួ សុខចិត្តរកគ្រប់មធ្យោបាយញុះញង់មួលបង្កាច់ដើម្បីទទួលបានស្រោមសំបុត្រ យកទៅចាយវាយសប្បាយហ៊ឺហា។ ការលក់តំណែងខ្យល់នេះ ក៏ជាយុទ្ធសាស្រ្តមួយនៅក្នុងចំណោមនោះដែរ។
ទី៣-ដើម្បីកុំឱ្យបែកបាក់ផ្ទៃក្នុងកាន់តែខ្លាំង៖
រឿងចម្រូងចម្រាស់ដែលកើតចេញពីដណ្តើមតំណែងគ្នាក្នុងបក្សភ្លើងទៀន មុនការបោះឆ្នោតជាតិមកដល់នេះ ក៏ជាមូលហេតុមួយនៃការមិនទាន់ប្រកាសបេក្ខភាពនាយករដ្ឋមន្រ្តីផងដែរ។ បើតាមប្រភពផ្ទៃក្នុងបានទម្លាយថា ស៊ន ដារ៉ា ត្រូវបានផ្ទៃក្នុងបក្សភ្លើងទៀនមួយភាគធំ គាំទ្រឱ្យធ្វើជាបេក្ខភាពនាយករដ្ឋមន្រ្តី ជំនួសទណ្ឌិត សម រង្ស៊ី។ ប៉ុន្តែក៏មានផ្ទៃក្នុងមួយភាគទៀត មិនគាំទ្រ ស៊ន ដារ៉ា ផងដែរ ដោយសារគេលើកឡើងថា ស៊ន ដារ៉ា មានចរិតបាតផ្សារពាលាអាវ៉ាសែមិនសមជាថ្នាក់ដឹកនាំនោះទេ។
បើយើងងាកមកមើលផ្ទៃក្នុងបក្សភ្លើងទៀន នៅតាមមូលដ្ឋានវិញ ក៏កំពុងតែមានការបែកបាក់គ្នាជាបន្តបន្ទាប់ ព្រោះតែបញ្ហាផ្ទៃក្នុង និងតំណែងតួនាទីនេះដែរ។ អ្នកប្រឹងប្រែងខាំស្មៅ ស្លាប់រស់ជាមួយភ្លើងទៀន កំពុងតូចចិត្ត មិនបានឈរឈ្មោះតំណាងរាស្រ្ត ប៉ុន្តែអ្នកនៅក្រៅប្រទេសដែលមានលុយទិញតំណែង បានជាប់ឈ្មោះជាតំណាងរាស្ត្រទៅវិញ។
ដោយសារតែមើលឃើញថា ផ្ទៃក្នុងបក្សភ្លើងទៀន កំពុងតែបន្តបែកបាក់កាន់តែខ្លាំងឡើងៗ តាំងពីថ្នាក់លើ រហូតដល់ថ្នាក់មូលដ្ឋានបែបនេះហើយ ទើបសកម្មជន និងអ្នកគាំទ្របក្សនេះ បានចាប់ផ្តើមចាកចេញមកចូលរួមរស់ជាមួយគណបក្សផ្សេងៗ និងទម្លាក់ស្លាកភ្លើងទៀនចុះជាបន្តបន្ទាប់។
សរុបមក យើងនៅចាំមើលថា តើអ្នកណាជាបេក្ខភាពនាយករដ្ឋមន្រ្តីរបស់គណបក្សភ្លើងទៀន ហើយមានមតិមួយចំនួនបានលើកឡើងថា ទោះបីជាគណបក្សភ្លើងទៀនដាក់បេក្ខភាពអ្នកណាក៏ដោយ ក៏មិនអាចយកឈ្នះគណបក្សប្រជាជនកម្ពុជាបានដែរ ដោយសារតែគណបក្សនេះ ប្រើប្រាស់យុទ្ធសាស្រ្តនយោបាយដដែលៗ គឺនយោបាយញុះញង់លាបពណ៌មួលបង្កាច់ ប្រជាភិថុតិបោកប្រាស់ប្រជាពលរដ្ឋ ការសន្យាខ្យល់ និងអំពើពុករលួយលក់តំណែងនៅក្នុងបក្ស ព្រមទាំងរឿងអាស្រូវជាច្រើនទៀត៕
ដោយ ៖ តាំង ករុណា