ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យម្នាក់ ចំណោម ២នាក់ ដែល​ហែកកន្លែងឃាត់ខ្លួនបណ្តោះអាសន្ន​ នៅ​អធិការដ្ឋាន​ ខណ្ឌ​ឬ​ស្សី​កែវ ឃាត់ខ្លួនបានម្នាក់ហើយ ដល់ខេត្តឧត្តរមានជ័យ

ចែករំលែក៖

ខេត្តឧត្តរមានជ័យ ៖ ជនសង្ស័យម្នាក់ ចំណោម ២នាក់ ដែលហែកកន្លែងឃាត់ខ្លួនបណ្តោះអាសន្ន​ នៅ​អធិការដ្ឋាន​ ខណ្ឌ​ឬ​ស្សី​កែវ រត់គេច​ខ្លួន​ .. ពេល​នេះ​ ប៉ូលិសចាប់បាន ​មក​វិញ​ហើយ នៅ​ខេត្ត​ឧត្ត​រមាន​ជ័យ ។ ដោយឡែកជនជាតិស្បែកខ្មៅមួយរូប ទៀត មិនទាន់ឃាត់ខ្លួនបាននៅឡើយទេ។

សូមបញ្ជាក់ថា, ជនសង្ស័យ ​ដែល​ត្រូវ​ចាប់ឃាត់ខ្លួន​មក​វិញ​នោះ មានឈ្មោះ ផល ភី​រុំ ភេទ​ប្រុស អាយុ​ ២៣​ឆ្នាំ ស្នាក់​នៅ​ យានដ្ឋាន​ជួសជុល​រថយន្ត ​ផ្លូវ ​១៨០៥ ក្រុម​ទី​៣ ស្ថិត​ក្នុងភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ​ទី​២ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន ​នៅ​ខេត្តឧត្តរមានជ័យ បន្ទាប់​ពី​ធ្វើ​សកម្មភាព​ លួច​រថយន្ត​ម៉ាក RANG ROVER ស៊េរី​ឆ្នាំ​២០១៤ ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ ភ្នំពេញ 2BT5818 មួយ​គ្រឿង នៅ​ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០២៣ ចំណុច​ផ្លូវ១៨០៥​ ក្រុម​៣ ស្ថិត​ក្នុងភូមិ​ទួល​ពពែ សង្កាត់​ទួល​សង្កែ​ទី​២ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ។

សូមរំលឹកថា : លោកឧត្តមសេនីយ៍ត្រី សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ពិតជាមានករណីជនសង្ស័យ២នាក់ បានលួចរត់ចេញពីកន្លែងឃាត់ខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ប្រាកដមែន កាលពីយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣។

ថ្លែងប្រាប់បណ្ដាញសារព័ត៌មាន  នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ត្រី សាន សុខសីហា បានបញ្ជាក់ថា មូលហេតុដែលបង្កឱកាសឲ្យជនសង្ស័យទាំងពីរនាក់នោះ លួចរត់ចេញពីកន្លែងឃាត់ខ្លួនបណ្ដោះអាសន្ន គឺដោយសារពេលកើតហេតុមេឃភ្លៀង និងមានខ្យល់ខ្លាំង ពេលនោះស្រាប់តែឆ្លងចរន្ដអគ្គិសនីដាច់ភ្លើង។

នៅពេលដាច់ភ្លើងនោះ ក៏ស្រាប់តែលឺសំឡេងឆោឡោឡើងនៅបន្ទប់ឃាត់ខ្លួនបណ្ដោះអាសន្ន ពេលនោះកម្លាំងនគរបាលបានចូលទៅពិនិត្យឃើញមានរបើកជ្រីជញ្ជាំង ទំហំប្រហែលកន្លះម៉ែត្រ ដែលអាចឲ្យជនសង្ស័យទាំងពីរលូនចេញក្រៅបាន។

អ្នកនាំពាក្យរូបនេះ បានបន្ដទៀតថា ជនសង្ស័យទាំងពីរនាក់នោះ ម្នាក់ជាជនជាតិបរទេស ដែលត្រូវបានចាប់ឃាត់ខ្លួនពាក់ព័ន្ធការប្រើប្រាស់អំពើហិង្សាលើជនជាតិបរទេសដូចគ្នា និងម្នាក់ទៀត ជាជនជាតិខ្មែរ ដែលត្រូវបានចាប់ខ្លួនពាក់ព័ន្ធករណីលួចរថយន្ដនៅខេត្តបន្ទាយមានជ័យ ក្រោយលួចរថយន្តចេញពីទឹកដីខណ្ឌឬស្សីកែវ។

បច្ចុប្បន្ននេះ កម្លាំងសមត្ថកិច្ចជំនាញកំពុងរួមដៃគ្នា ដើម្បីស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យទាំងពីរនាក់នេះមកផងដែរ។

ទីបំផុត ! ជនសង្ស័យម្នាក់ ចំណោម ២នាក់ ដែល​ហែកកន្លែងឃាត់ខ្លួនបណ្តោះអាសន្ន​ នៅ​អធិការដ្ឋាន​ ខណ្ឌ​ឬ​ស្សី​កែវ ឃាត់ខ្លួនបានម្នាក់ហើយ ដល់ខេត្តឧត្តរមានជ័យ៕

ដោយ ៖ សិលា


ចែករំលែក៖