ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បើករថយន្ដទៅបុករថយន្ដចតចោលរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ​ ៖​ បុរសម្នាក់បើករថយន្ដមួយគ្រឿងមិនប្រយ័ត្ន​បានរេចង្កូតទៅបុករថយន្ដមួយគ្រឿងទៀតដែលចតចោលនៅខាងស្ដាំដៃពេញទំហឹង​បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ​ កាលពីវេលាម៉ោង១២:៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវលេខ២៧១ ក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

​   ប្រភពព័ត៌មាន​ពីកន្លែងកេីតហេតុបានឱ្យដឹងថា នៅមុនកើតហេតុ គេឃើញបុរសម្នាក់បើករថយន្ដមួយគ្រឿងម៉ាក Toyota Matrax ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ 2U-8105 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២៧១ ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន​ លុះធ្វើដំណើរមកដល់មុខមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ពេទ្យរុស្សុី)ក៏រេចង្កូតទៅខាងស្ដាំដៃឡើងលើខឿនចិញ្ចើមផ្លូវទៅបុករថយន្ដមួយគ្រឿងម៉ាក Visto ពណ៌ទឹកប្រាក់​ ពាក់ផ្លាកលេខភ្នំពេញ 2N-7930 ដែលចតចោលពេញទំហឹង បណ្ដាលឱ្យរងការខូចខាតផ្នែកខាងក្រោយ ឯរថយន្ដបង្ករងការខូខាតផ្នែកខាងមុខយ៉ាងដំណំ តែសំណាងដែរដែលក្នុងករណីនេះមិនបង្កឱ្យមានមនុស្សរងរបួស​ ។ 

​    ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ​ និងធ្វើការសម្របសម្រួលឱ្យភាគីទាំងពីរផងដែរ​ ។ ចុងក្រោយភាគីរថយន្ដ Toyota Matrax ព្រមចេញថ្លៃការខូចខាតទៅភាគីរថយន្ដ Visto ដេីម្បីបញ្ចប់រឿង​ នៅកន្លែងកេីតហេតុ​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖