ព័ត៌មានទាន់ហេតុការណ៍៖

អ៊ូសបេគីស្ថាន បោះឆ្នោតប្រជាមតិពន្យាររយៈពេលកាន់អំណាចរបស់ប្រធានាធិបតី

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី៣០ ខែមេសា ឆ្នាំ២០២៣ បានផ្សាយថា ប្រជាជនអ៊ូសបេគីស្ថានកំពុងនាំគ្នាទៅបោះឆ្នោត លើសំណើធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលសន្យាផ្តល់ការគាំពារសង្គមប្រសើរជាងមុនដល់ប្រជាជន ជាថ្នូរនឹងការរាប់អាណត្តិរបស់មេដឹកនាំសាជាថ្មីឡើងវិញ ដែលអាចនឹងអនុញ្ញាតឱ្យប្រធានាធិបតីនៅកាន់អំណាចបានរហូតដល់ឆ្នាំ២០៤០។ស្របពេលដែលរដ្ឋធម្មនុញ្ញបច្ចុប្បន្ន ព្រមទាំងខ្លឹមសារនៅក្នុងសំណើធ្វើវិសោធនកម្ម កំណត់ឱ្យប្រធានាធិបតីអ៊ូសបេគីស្ថាន លោក សាវកាត់ មៀហ្ស៉ីយ៉ូយេវ (Shavkat Mirziyoyev) អាចកាន់អំណាចបានត្រឹម២អាណត្តិជាប់គ្នាក៏ដោយ ក្រុមមន្រ្តីអ៊ូសបេគីស្ថានធ្លាប់និយាយហើយថា ប្រសិនបើការធ្វើវិសោធនកម្មត្រូវបានអនុម័ត នោះអាណត្តិរបស់លោក មៀហ្ស៉ីយ៉ូយេវ នឹងត្រូវរាប់សាដើមឡើងវិញ។

មិនតែប៉ុណ្ណោះ ការកែសម្រួលនោះ ក៏បង្កើនរយៈពេលកាន់អំណាចពី៥ឆ្នាំ ឡើងដល់៧ឆ្នាំ សម្រាប់មួយអាណត្តិផងដែរ ខណៈបើតាមទ្រឹស្តីគឺលោក មៀហ្ស៉ីយ៉ូយេវ ដែលសព្វថ្ងៃមានវ័យ៦៥ឆ្នាំ អាចនៅធ្វើជាមេដឹកនាំរហូតនៃប្រទេស ដែលមានប្រជាជន៣៥លាននាក់នេះ រហូតដល់ឆ្នាំ២០៤០។
ការបោះឆ្នោតប្រជាមតិខាងលើ នឹងត្រូវប្រកាសមានសុពលភាព ប្រសិនបើជាងពាក់កណ្តាលនៃប្រជាជនអ៊ូសបេគីស្ថាន ដែលមានសិទ្ធិបោះឆ្នោតចំនួន ១៩.៧លាននាក់ នាំគ្នាចូលរួម ហើយលទ្ធផលបឋមត្រូវគេរំពឹងថា នឹងទទួលបាននៅថ្ងៃចន្ទសប្តាហ៍ក្រោយ៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ AFP


ចែករំលែក៖