ខេត្តមណ្ឌលគិរី៖ នៅយប់ថ្ងៃទី៣០ ខែមេសា២០២៣ លោក សៀង រ៉ាវី នាយករងដែនជម្រកបរិស្ថានស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានសហការជាមួយកម្លាំងសមត្ថកិច្ចស្រុកកែវសីមា ចុះពិនិត្យទៅលើរថយន្តនិងឈើនៅខាងក្នុងរថយន្តដែលចតចោលនោះគឺពិតជារថយន្តមានផ្ទុកនិងដឹកជញ្ជូនបទល្មើសព្រៃឈើពិតប្រាកដមែន។ មិនតែប៉ុណ្ណោះឈ្មួញឈើឈ្មោះ ទូ បានយក”ស្លាកយីយោរបស់កងរាជអាវុធហត្ថមកដាក់លើក្បាលរថយន្តរបស់គេយ៉ាងរំភើយ”។
សមត្ថកិច្ចចម្រុះបានតាមចាប់បានរថយន្តស៊េរីទំនើប ០១គ្រឿង ម៉ាកឡិចស៊ីសRX400h ពណ៌ផ្សែងបារីពាក់ស្លាកលេខភ្នំពេញ2BQ-2332 ដែលដឹកជញ្ជូនឈើគ្មានច្បាប់អនុញ្ញាតឆ្លងកាត់ស្រុកកែវសីមា។ បន្ទាប់ពីឃាត់រថយន្តដឹកបទល្មើសព្រៃឈើខាងលើនេះភ្លាមៗ សមត្ថកិច្ចអង្គការក្រៅរដ្ឋាភិបាលមួយ បានសួរទៅឈ្មួញថា លោកមានឈ្មោះ ទូ ជាម្ចាស់ឈើនិងរថយន្តនេះពិតដែរឬទេ គ្រានោះលោក ទូ បានឆ្លើយតបថា ខ្ញុំឈ្មោះ ទូ គឺជាម្ចាស់រថយន្តនិងឈើនេះមែន។ ពេលនោះឈ្មួញឈើរូបនេះបានចុះចេញពីរថយន្តដឹកបទល្មើសព្រៃឈើយ៉ាងលឿនបំផុត ដើម្បីគេចខ្លួន។
ក្រោយពីបានធ្វើការពិនិត្យទៅលើវត្ថុតាងរថយន្ត និងឈើ រួច លោក សៀង រ៉ាវី បានបញ្ជាកម្លាំងបរិស្ថានដើមឲ្យឃាត់ទុកនៅចំណុចបង្គោលគីឡូម៉ែត្រ៨២ ក្បែរស្នាក់ការបរិស្ថានលេខ៦៤ ស្រុកកែវសីមា។ វត្ថុតាងឈើនិងរថយន្តត្រូវបានយកទៅរក្សាទុកនៅស្នាក់ការបរិស្ថានស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដើម្បីចាត់វិធានការបន្តតាមនីតិវិធី។ ចំណែកឈ្មួញឈើឈ្មោះ ទូ ជាម្ចាស់ឈើនិងរថយន្តលោកនិងធ្វើរបាយការណ៍ជូនទៅ អយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរីទៅតាមច្បាប់៕
ដោយ៖ សូរិយា