ខេត្តកំពង់ស្ពឺ៖ កម្លាំងនគរបាលស្រុកឧដុង្គបានក្រសោបក្រុមយុវជនចំនួន ៥នាក់ ដែលសំងំលាក់ខ្លួនក្នុងព្រៃក្រោយភូមិកណ្តក់ ឃុំព្រៃក្រសាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បន្ទាប់ពីក្រុមនេះតែងតែបង្កការអុកឡុក និងអសន្តិសុខដល់ពលរដ្ឋក្នុងមូលដ្ឋាន។ ករណីបង្ក្រាបនេះធ្វើឡើងនៅម៉ោង០២យប់រំលងអធ្រាត្រឈានចូល ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣។
លោកវរសេនីយ៍ឯក ខឹម សាម៉ុន អធិការនគរបាលស្រុកឧដុង្គ បានឱ្យដឹងថា ដោយទទួលបានការសហការ និងរាយការណ៍ពីប្រជាពលរដ្ឋពីក្រុមជនសង្ស័យមួយក្រុមដែលតែងធ្វេីសកម្មភាពអុកឡុកគៀរគរក្មេងៗចូលក្នុងព្រៃដើម្បីប្រេីប្រាស់គ្រឿងញៀន និងតែងលួចសត្វមាន់, ឆ្កែ សម្ភារអ្នកស្រុក បង្កអសន្ដិសុខ និងភាពភ័យខ្លាចក្នុងមូលដ្ឋានជាបន្ដបន្ទាប់នៅចំណុចភូមិខាងលើ លោក ក៏បានចាត់កម្លាំងជំនាញចុះឃ្លាំមើលរហូតកំណត់បានមុខសញ្ញា ហើយឈានដល់ការឃាត់ខ្លួនតែម្តង។
លោកអធិការស្រុកឧដុង្គ បានបន្ថែមថា ក្នុងប្រតិបត្តិការបង្ក្រាបជនសង្ស័យកម្លាំងជំនាញបានឃាត់ខ្លួនយុវជនចំនួន ៥នាក់ ក្នុងនោះ ឈ្មោះ ងិន ដា ភេទប្រុស អាយុ ៣៤ឆ្នាំ,ឈ្មោះ សៅ ម៉ាប់ ភេទប្រុស អាយុ២៧ឆ្នាំ,ឈ្មោះ នីន អ៉ីត ភេទប្រុស អាយុ១៨ឆ្នាំ, ឈ្មោះ ចក់ នុន ភេទ ប្រុស អាយុ២៨ឆ្នាំ, ឈ្មោះ ជន ថុល ភេទប្រុស អាយុ៣១ឆ្នាំ។
ក្រោយការឃាត់ខ្លួនកម្លាំងជំនាញបានឆែកឆេររកឃើញម្សៅក្រាមពណ៌ស សង្ស័យជាគ្រឿងញៀនចំនួន ២ កញ្ចប់ កាំបិតផ្គាក់ ៣ដើម ដំបង១កំណាត់ កាំភ្លើងខ្យល់ ១ដើម អន្ទាក់សម្រាប់ទាក់ឆ្កែចំនួន ១គ្រឿង ម៉ូតូ១គ្រឿង ម៉ាកC125ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ1CT.1464 និងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
ការចាប់ខ្លួនក្រុមសង្ស័យខាងលើ ប្រជាពលរដ្ឋក្នុងភូមិ កណ្តក់បានសាទរនិងត្រេកអរចំពោះចំណាត់ការដ៏មានប្រសិទ្ធិភាពរបស់សមត្ថកិច្ចក្នុងការអនុវត្តគោល នយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ដែលធ្វើឱ្យពលរដ្ឋក្នុងមូលដ្ឋានមានសុខសុវត្ថិភាព៕
ដោយ៖ សូរិយា