ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ប្រាប់អ្នកសារព័ត៌មានពីការផ្សាយបន្តផ្ទាល់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣

ចែករំលែក៖

ភ្នំពេញ ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ បាន ជម្រាបមកឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី ម្ចាស់ស្ថានីយទូរទស្សន៍ទាំងអស់

កម្មវត្ថុ ស្តីពីការផ្សាយបន្តផ្ទាល់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣។

យោងៈ លិខិតលេខ២២៥២៣ ស.ណ ចុះថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ របស់គណៈកម្មាធិការជាតិ CAMSOC។ តាមកម្មវត្ថុ និងយោងខាងលើ ខ្ញុំសូមជម្រាបជូន ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកសី ម្ចាស់ស្ថានីយទូរទស្សន៍ទាំងអស់ជ្រាបថា នៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ គណៈកម្មាធិការជាតិ CAMSOC បានប្រគល់សិទ្ធិឱ្យក្រុមហ៊ុនCSTVនិងក្រុមហ៊ុនSGTV ផ្សាយផ្ទាល់ការប្រកួត កីឡាចំនួន២០ប្រភេទដែលមានប្រជាប្រិយភាពខ្លាំងតាមស្តង់ដាបច្ចេកទេស មានរូបភាពច្បាស់ប្រកបដោយ ភាពទាក់ទាញដើម្បីចែកជូនប្រព័ន្ធផ្សព្វផ្សាយទាំងនៅក្នុង និងក្រៅប្រទេសផ្សព្វផ្សាយដោយឥតគិតថ្លដោយ ធ្វើការផ្សាយបន្តផ្ទាល់ពីមជ្ឈមណ្ឌលផ្សាយអន្តរជាតិ IBC ទីតាំងនៅពហុកីឡដ្ឋានជាតិមរតកតេជោ។

ជាមួយគ្នានេះដែរ ក្រសួងព័ត៌មានក៏បានរៀបចំមជ្ឈមណ្ឌលផ្សាយអន្តរជាតិ IBC2 មានទីតាំងនៅ ក្រសួងព័ត៌មានសម្រាប់ឱ្យទូរទស្សន៍ទាំងអស់ផ្សាយបន្តផ្ទាល់នូវព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះផងដែរ។ ដោយសារបរិមាណអ្នកសារព័ត៌មានជាតិ និងអន្តរជាតិចូលរួមក្នុងព្រឹត្តិការណ៍នេះមានចំនួនច្រើន និងដើម្បីរក្សាសុវត្ថិភាពបច្ចេកទេសការផ្សាយ ក្រសួងព័ត៌មានបានផ្ដល់ជូនទូរទស្សន៍ក្នុងស្រុកចំនួន៦អង្គភាព រួមមាន៖ TVK, BTV, PNN, CBS(MyTV,CBC,CNC) ផ្សាយបន្តផ្ទាល់ពីមជ្ឈមណ្ឌលផ្សាយអន្តរជាតិ IBC នៅ ពហុកីឡដ្ឋានជាតិមរតកតេជោ។ ចំណែកអង្គភាពទូរទស្សន៍ផ្សេងទៀតដែលមានបំណងផ្សាយបន្តផ្ទាល់នូវ ព្រឹត្តិការណ៍នេះ តម្រូវឱ្យផ្សាយបន្តផ្ទាល់ពីមជ្ឈមណ្ឌលផ្សាយអន្តរជាតិ IBC2ទីតាំងស្ថិតនៅក្រសួងព័ត៌មាន។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូម ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកសី្រម្ចាស់ស្ថានីយទូរទស្សន៍ទាំងអស់ ចាត់ចែងអនុវត្តតាមសេចក្តីជូនដំណឹងនេះឱ្យមានប្រសិទ្ធភាពខ្ពស់។

សូម ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រីទទួលនូវការរាប់អានដ៏កក់ក្តៅពីខ្ញុំ ៕

ដោយ ៖ សិលា


ចែករំលែក៖