ភ្នំពេញ៖ ក្រោយមានការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ឱ្យអ្នកលេងបណ្ដាញសង្គម Facebook លោក ម៉ៃ សុគន្ធ សុំទោសទៅកាន់ លោក Keisuke Honda ជាសាធារណៈ ចំពោះការស្លៀកពាក់របស់អ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជារូបនេះ នាអំឡុងពេលការប្រកួតជាមួយក្រុមទីម័រខាងកើត ក្នុងពិធីអញ្ជើញជួបសំណេះសំណាលជាមួយគណៈប្រតិភូកីឡារបស់កម្ពុជា មុននឹងពួកគេចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ហើយនោះ នៅល្ងាចថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ លោក ម៉ៃ សុគន្ធ បានចេញវីដេអូសូមទោសលោក ហុងដា ហើយ ។
តាមរយៈវីដេអូ អ្នកលេងបណ្តាញសង្គមរូបនេះ បានបញ្ជាក់ដូច្នេះថា «ខ្ញុំបាទ ម៉ៃ សុគន្ធ ដែលជាសិល្បករ សូមគោរពអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចពុក សម្តេចម៉ែ កូនសុំចេញវីដេអូសុំទោសជាសាធារណៈ ទៅកាន់លោកគ្រូហុងដាសូមលោកគ្រូ មេត្តាខន្តីអភ័យទោសដល់ខ្ញុំបាទ ម៉ៃ សុគន្ធ ផង នូវកំហុសឆ្គាំឆ្គងរួមទាំងសាធារណជនទាំងអស់ មេត្តាអធ្យាស្រ័យ និងអភ័យទោសដល់ខ្ញុំបាទផង ជាពិសេសផងនោះដោយអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចពុកកូនសូមសន្យា នឹងធ្វើជាកូនល្អ។
សូមរំលឹកថា សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ដាំឱ្យលោក ម៉ៃ សុគន្ធ ដែលជាអតីតតារាចម្រៀង និងប្រើប្រាស់បណ្ដេញសង្គម សុំទោសទៅកាន់ លោក Keisuke Honda ចំពោះការស្លៀកពាក់របស់អ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជារូបនេះ នាអំឡុងពេលការប្រកួតជាមួយក្រុមទីម័រខាងកើត នៃព្រឹត្តិការណ៍ស៊ីហ្គេម កាលពីថ្ងៃទី២៩ មេសា ។
សម្ដេចតេជោ បានបញ្ជាក់ថា កូនគួរតែចេញសារសុំទោសមួយ ទៅកាន់ហុងដា ។ កូនធ្វើបែបនេះ ដូចជាទះកំផ្លៀងកីឡាករបាល់ទាត់ ព្រោះរិះគន់គ្រូបង្វឹក ៕
ដោយ ៖ ភារ៉ា ដង្កោ