ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ ឆេះផ្ទះពលរដ្ឋមួយខ្នងទាំងស្រុង​ និងមួយខ្នងទៀតខូចខាតអស់៥០%នៅសង្កាត់បឹងទំពន់ទី២​ ខណ្ឌមានជ័យ​ខណៈមន្ត្រីនគរបាលម្នាក់បានរងរបួសត្រូវដៃខាងឆ្វេង

ចែករំលែក៖

ភ្នំពេញ​ ៖​ គ្រោះអគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង ដោយបានបំផ្លាញផ្ទះមួយខ្នងអស់ទាំងស្រុង និងបានរាលដាលដល់ផ្ទះមួយខ្នងទៀតងការខូចខាតអស់៥០%​ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ​ និងអាជ្ញាធរមូលដ្ឋាននៅវេលាម៉ោង០៦៖៣០នាទីល្ងាច ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣ ដែលស្ថិតនៅចំណុចផ្ទះលេខ៤២៩ ផ្លូវ៦៩ ក្រុម៣ ភូមិត្នោតជ្រុំ៥ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

    លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ក្រោយពីបានទទួលព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍មកកាន់មន្ត្រីជំនាញ ភ្លាមៗនោះ លោកបានបញ្ជាទៅរថយន្តពន្លត់អគ្គិភ័យគ្រប់គោលដៅទាំងអស់ ធ្វើការចេញរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍ផងដែរ។

    លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបន្តថា ដោយនៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងជំនាញ បានធ្វើការអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លាមៗ ក្នុងនោះ កម្លាំងសមត្ថកិច្ចជំនាញរបស់យើងបានបាញ់ទឹកទប់ស្កាត់ មិនឲ្យអណ្តាតភ្លើងឆាបឆេះម្តងទៀតឡើយ។ ខណ:ពេលដែលកំពុងប្រតិបត្តិការបាញ់ទឹកពន្លត់ខាងលើ ស្រាប់តែបណ្តាលឲ្យមន្ត្រីនគរបាលម្នាក់បានរងរបួសត្រូវដៃខាងឆ្វេង ត្រូវបានដឹកយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ។

    លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន​ បានឱ្យដឹងទៀតថា​ នៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យជិត៣០គ្រឿង ក្នុងនោះរួមមាន ៖​ រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន១២គ្រឿង ប្រើប្រាស់ទឹកអស់២៤ឡាន, រថយន្តក្រសួងមហាផ្ទៃ ចំនួន១គ្រឿង មិនបានប្រើប្រាស់ទឹក, រថយន្តក្រុមហ៊ុន OCIC ទីក្រុងកោះពេជ្រ ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់១ឡាន, រថយន្តផ្សារទំនើបអូឡាំព្យា ចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់២ឡាន និងរថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់១ឡាន។

    ជាមួយគ្នានោះដែរ​ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាក់ថា ចំពោះករណីគ្រោះអគ្គិភ័យខាងលើនេះ បានឆាបឆេះផ្ទះប្រជាពលរដ្ឋអស់ មួយខ្នងទាំងស្រុង ទំហំ (៨ម៉ែត្រ គុណ៨ម៉ែត្រ) និងបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះ មួយខ្នងទៀត ខូចខាតប្រហែល៥០ភាគរយ ដែលមានទំហំ (៨ម៉ែត្រ គុណ៨ម៉ែត្រ) សាងសង់អំពីឈើលើថ្មក្រោម។ ចំពោះមូលហេតុដែលបណ្តាលឲ្យកើតមានគ្រោះអគ្គិភ័យខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញកំពុងតែធ្វើការស្រាវជ្រាវ៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖