ខេត្តបាត់ដំបង ៖ នៅរសៀលថ្ងៃចន្ទ១២កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមក្នុងពិធីដង្ហែព្រះអគ្គិជ័យកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅខេត្តបាត់ដំបង ក្រោមអធិបតីភាព លោក នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ ។
ក្នុងនោះ មហាជនយ៉ាងច្រើនកុះករក្មេង ចាស់ ប្រុសស្រី មន្រ្តីរាជការ កងកំលាំងប្រដាប់អាវុធបុគ្គលិក សិស្ស និស្សិត ឈរត្រៀបត្រាអបអរសាទរ ប្រកបដោយស្នាមញញឹមជឿជាក់លើភាពជាម្ចាស់ផ្ទះ តាមរយៈក្បួនដង្ហែព្រះអគ្គិជ័យកីឡា មកដល់ខេត្តបាត់ដំបង ដើម្បីត្រៀមអបអរសាទរកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។
ព្រះអគ្គិជ័យកីឡា ត្រូវបានយកទៅតម្កល់ និងរក្សាទុក ព្រមទាំងរៀបចំពិធីតាមបែបប្រពៃណីព្រះពុទ្ធសាសនា នៅវត្តពោធិ៍វាល ដើម្បីសុំពរជ័យ និងសុំសេចក្តីសុខជូនដល់ប្រជាពលរដ្ឋរស់នៅក្នុងខេត្តបាត់ដំបង ហើយនៅព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ ព្រះអគ្គិជ័យកីឡា នឹងត្រូវបន្តក្បួនដង្ហែទៅកាន់ទឹកដីនៃខេត្តបន្ទាយមានជ័យ តាមផ្លូវជាតិលេខ៥ ដោយត្រូវឆ្លងកាត់ក្រុងបាត់ដំបង និងស្រុកថ្មគោល ខេត្តបាត់ដំបង ៕
ដោយ ៖ សិលា