ព័ត៌មានទាន់ហេតុការណ៍៖

មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរីប្រាប់ថា មន្ត្រីប៉េអឹមម្នាក់ដែលបានបរបាញ់សត្វព្រៃខុសច្បាប់លោកបានធ្វើរបាយការណ៍ទៅថ្នាក់លើរួចហើយ

ចែករំលែក៖

ខេត្តរតនគិរី៖ លោកឧត្តមសេនីយ៍ត្រីថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរីបានប្រាប់ក្រុមអ្នកយកព័ត៌មានតាមប្រព័ន្ធតេឡេក្រាមថា   ករណីលោកអនុសេនីយ៍ទោអ៊ាង ប៊ុនអេងដែលបានទៅចូលរួមជាមួយបក្ខពួកដើម្បីបរបាញ់សត្វព្រៃខុសច្បាប់នៅខេត្តមណ្ឌលគិរីកន្លងមកនោះ  មកដល់ពេលនេះលោកបានកសាងឯកសារជូនទៅថ្នាក់លើ(នាយឧត្ដមសេនីយ៍សៅ សុខា)រួចហើយកាលពីពេលថ្មីៗនេះដើម្បីឱ្យជួយត្រួតពិនិត្យតាមផ្លូវច្បាប់និងដាក់វិន័យរបស់កងទ័ព។

    គួររំលឹកថា នៅយប់ថ្ងៃទី២២ ខែមេសាឆ្នាំ២០២៣ក្រោយពីមានភ្លៀងកក់ខែមួយមេធំធ្វើឱ្យពួកព្រានព្រៃមួយក្រុមមានគ្នាបួននាក់ក្នុងនោះរួមមានទី១-ឈ្មោះ អ៊ាង ប៊ុនអេង ហៅហេង ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិអូររមៀត សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្ដរតនគីរី ជាមន្ត្រីកងរាជអាវុធខេត្តរតនគិរី។  ទី២-ឈ្មោះប៉េង ផល្លែតភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិសាមគ្គីមានជ័យ ឃុំសាមគ្គីមានជ័យ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ មុខរបរជាមន្ត្រីកងរាជអាវុធហត្ថ។ ទី៣-ឈ្មោះរស់ សារ៉ន ភេទប្រុស អាយុ៤៣ ឆ្នាំជនជាតិខ្មែរមុខរបរជាងដែក នៅភូមិរកាទ្វារ  ឃុំព្រែកពោធិ៍  ស្រុកស្រីន្ធរ ខេត្តកំពង់ចាម។

ទី៤-ឈ្មោះលឹម ភារ៉ា ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិក្ដោយ ឃុំរយ៉ ស្រុកកោះញែកខេត្តមណ្ឌលគីរី។

   ពួកគេបានណាត់គ្នាទៅបរបាញ់សត្វព្រៃ នៅក្នុងតំបន់ឧទ្យានុរក្សមួយក្នុងភូមិមេមុំឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរីដើម្បីយកធ្វើម្ហូបដោយបំពានច្បាប់។

    ការបរបាញ់សត្វព្រៃរបស់ពួកព្រានទាំងនោះគឺប្រដាប់ដោយកាំភ្លើងវែងប្រមាណ៥ដើមនិងកាំភ្លើងខ្លីចំំនួន៣ដើមនិងគ្រាប់ចំនួន៣៤៤គ្រាប់ ជិះរថយន្ដម៉ាស្ដា ពាក់ស្លាកលេខ2AP-9211បើកចូលបាញ់សត្វបានជាច្រើនក្បាល ទើបកម្លាំងមន្ត្រីបរិស្ថានខេត្តមណ្ឌលគិរីបានចុះទៅដល់រួចឡោមព័ទ្ធនិងចាប់បានទាំងបួននាក់រួមនឹងភស្ដុតាងដូចខាងលើ។

    លោកឆៅ ប៊ុនធឿន ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគីរីបានប្រាប់ក្រុមអ្នកយកព័ត៌មានថា នាយប់ថ្ងៃទី ២២ ខែមេសាឆ្នាំ២០២៣ ពួកព្រានមួយក្រុមបានចូលទៅបរបាញ់សត្វនៅក្នុងដែនឧទ្យានុរក្សក្នុងខេត្តមណ្ឌលគិរី នៅពេលនោះកម្លាំងរបស់យើងបានទទួលព័ត៌មានក៏ចុះទៅធ្វើការឡោមព័ទ្ធដោយឃាត់ខ្លួនមនុស្សចំនួន០៤នាក់ សត្វចំនួន ០៤ក្បាលនិងកាំភ្លើងចំនួន០៥ដើម។

    លោកប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីបានអះអាងថា មនុស្សទាំងបួននាក់នោះក្រោយពីសាកសួររួចនៅថ្ងៃទី២៦ខែមេសាដដែលនោះលោកបានបញ្ជូនសំណុំរឿងនិងខ្លួនពួកគេទាំងបួននាក់ទៅកាន់សាលាដំបូងខេត្តមណ្ឌលគិរីដើម្បីបន្តចាត់ការតាមច្បាប់។

    លោកស៊ាវ ងីឈន់ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរីបានប្រាប់អ្នកសារព័ត៌មានថា ជនសង្ស័យដែលមន្ទីរបរិស្ថានខេត្តបញ្ជូនមកឱ្យនោះមានចំនួនតែ០៣នាក់ប៉ុណ្ណោះ ហើយអ្នកទាំងបីនោះបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្ដរួចហើយ។ ដោយឡែកម្នាក់ទៀតបានរត់គេចខ្លួនមុនពេលបញ្ជូនមកដល់ ខាងអយ្យការបានចេញដីកាតាមចាប់ខ្លួនជនសង្ស័យម្នាក់ទៀតនោះយកមកវិញដើម្បីចាត់ការតាមច្បាប់។

    ស្របពេលនេះដែរកាលពីថ្ងៃទី ១ ខែឧសភាឆ្នាំ២០២៣លោកនាយឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរីក៏បានឱ្យអ្នកយកព័ត៌មានដឹងតាមប្រព័ន្ធតេឡេក្រាមថា  រឿងមន្ត្រីម្នាក់ឈ្មោះអ៊ាង ប៊ុនអេង ហៅហេងទៅបរបាញ់សត្វព្រៃនៅមណ្ឌលគិរីជាមួយបក្ខពួកដោយពុំមានការអនុញ្ញាតពីអង្គភាពឡើយ។

    លោកមេបញ្ជាការបានបញ្ជាក់ថា រឿងនេះក្នុងនាមលោកជាប្រធានអង្គភាពបានធ្វើរបាយការណ៍ជូនទៅថ្នាក់លើរួចហើយដើម្បីឱ្យបានជ្រាបពីរឿងនោះថា តើគួរដាក់វិន័យតាមច្បាប់កងទ័ពដោយរបៀបណា?៕

ដោយ ៖ ជីវ័ន្ត


ចែករំលែក៖