ភ្នំពេញ ៖ សារលិខិតរបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួម អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ ក្នុងឱកាសទិវាឆ្មបជាតិ-អន្តរជាតិ ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ក្រោមប្រធានបទ “រួមគ្នាជាថ្មី: ពីភស្តុតាងជាក់លាក់ ទៅការអនុវត្តពិតប្រាកដ”។
ក្នុងនាមកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការ អង្គការសហប្រជាជាតិដើម្បីសុខភាពស្ត្រី និងកុមារ ខ្ញុំមានក្ដីសោមនស្សជាពន្លឹកដោយបានចូលរួមជាមួយ បង-ប្អូនជនរួមជាតិ ជាពិសេសជាមួយក្មួយៗយុវជនទាំងអស់អបអរសាទរទិវាឆ្មបជាតិ-អន្តរជាតិ ៥ឧសភា ឆ្នាំ២០២៣ ក្រោមប្រធានបទ រួមគ្នាជាថ្មី : ពីភស្តុតាងជាក់លាក់ ទៅការអនុវត្តពិតប្រាកដ” ក្នុងគោលបំណង លើកកម្ពស់ការយកចិត្តទុកដាក់ចំពោះសុខភាពមាតា ទារក កុមារទូទាំងសកលលោកនិយាយជារួម និង និយាយដោយឡែកសម្រាប់ប្រទេសកម្ពុជា។
ប្រធានបទឆ្នាំ២០២៣នេះ បានផ្តោតជាសំខាន់ទៅលើការប្ដេជ្ញាចិត្តរួមរបស់ប្រទេសទាំងអស់ជា សមាជិករបស់អង្គការសុខភាពពិភពលោក ក្នុងនោះមានទាំងប្រទេសកម្ពុជាផងដែរ ក្នុងការខិតខំប្រឹងប្រែង ដោយប្រមូលគ្រប់លទ្ធភាព និងធនធានដែលមានមកវិនិយោគលើការងារឆ្មប ដើម្បីមានឆ្មបជំនាញគ្រប់គ្រាន់ ពោលគឺ ត្រូវមានឆ្មប គិលានុបដ្ឋាក និងវេជ្ជបណ្ឌិតដែលបំពេញការងារជួយស្រ្តីក្នុងការសម្រាលកូន អាច ឆ្លើយតបបានទៅនឹងតម្រូវការចាំបាច់នៃការថែទាំសុខភាព ដើម្បីកាត់បន្ថយអត្រាស្លាប់របស់ ស្ត្រី មាតា ទារក និងកុមារ។ ឆ្មបជំនាញគ្រប់ៗរូប បាននិងកំពុងបំពេញការងារយ៉ាងសកម្មក្នុងការតាមដានរកដើមហេតុនៃបញ្ហា និងផលវិបាកនានា ដើម្បីទប់ស្កាត់ជំងឺ ព្យាបាល និងសង្គ្រោះបន្ទាន់ ក្នុងគោលបំណងកាត់បន្ថយអត្រាន ការស្លាប់របស់មាតា ទារក និងកុមារ។
ប្រទេសនីមួយៗចាំបាច់ត្រូវមានឆ្មបជំនាញគ្រប់គ្រាន់ ហើយឆ្មបជំនាញទាំងនោះត្រូវទទួលបានជាប្រចាំ នូវការបង្វឹកបំប៉នជំនាញ ទទួលបាននូវចំណេះដឹងថ្មីៗ ដែលមានប្រសិទ្ធភាពសម្រាប់ការផ្តល់សេវាថែទាំ ជួយសង្គ្រោះនិងព្យាបាលទាន់ពេលវេលា។ ក្រៅពីការផ្តល់សេវាសម្រាលកូន កាតព្វកិច្ចសំខាន់មួយទៀត គឺ ការថែទាំស្ត្រីក្នុងពេលមានគភ៌ និងការថែទាំមាតា ទារក ក្រោយពេលសម្រាល រួមទាំងផ្ដល់ការអប់រំអំពី អាហារូបត្ថម្ភ ការចិញ្ចឹម ថែទាំទារក និងកុមារតូច។ បន្ថែមពីលើនេះ ឆ្មបជំនាញអាចជួយស្ត្រីក្នុងការទទួល បាននូវសេវាពន្យារកំណើតតាមតម្រូវការនិងតាមប្រាថ្នា ផ្តល់ការពិនិត្យតាមដាន ជំងឺមហាវីកសុដន់ ឬ មហារីកមាត់ស្បូន និងជួយស្ត្រីដែលរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ ថែមទៀត។ ដូចបុគ្គលិកសុខាភិបាលដទៃទៀតដែរ ទោះបីមានមុខងារជាឆ្មបជំនាញក៏ដោយ ក៏ឆ្មបជំនាញទាំងអស់នោះមិនបាន រាថយឡើយក្នុងការប្រឈមនឹងជំងឺឆ្លងជាសកល រួមទាំងជំងឺកូវីដ-១៩ផង។ អាស្រ័យហេតុនេះហើយ ទិវា ឆ្មបជាតិ-អន្តរជាតិ : ៥ឧសភា ពិតជាមានអត្ថន័យ និងមានសារៈសំខាន់ណាស់ ក្នុងការជំរុញការប្តេជ្ញាចិត្ត របស់ប្រទេសទាំងអស់ក្នុងសកលលោកឱ្យ រួមគ្នាជាថ្មី : ពីភស្តុតាងជាក់លាក់ទៅជាការអនុវត្តពិតប្រាកដ និងត្រូវបន្តការវិនិយោគលើការងារឆ្មប ដើម្បីសុខភាព និងសុខុមាលភាពរបស់ប្រជាជនគ្រប់រូប។
ឆ្លៀតក្នុងឱកាសនេះផងដែរ ខ្ញុំសូមសម្ដែងនូវការកោតសរសើរ និងអបអរសាទរយ៉ាងក្រៃលែងចំពោះ ការសម្រេចបាននូវវឌ្ឍនភាពដ៏ល្អប្រសើរក្នុងការងារសុខភាពមាតា ទារក កុមារ ដូចដែលបានបញ្ជាក់ដោយ ការអង្កេតប្រជាសាស្ត្រ និងសុខភាព ដែលនៅក្នុងនោះ អត្រានៃការសម្រាលកូនដោយឆ្មបជំនាញមានការ កើនឡើងពី ៣៤% នៅឆ្នាំ២០០០ ដល់ ៩៩% នៅឆ្នាំ២០២១-២២ ដែលធ្វើឱ្យអត្រាមរណភាពមាតាបាន ថយចុះពី ៤៣៧ករណី នៅឆ្នាំ២០០០ មកនៅ ១៥៤ករណី ក្នុង ១សែនកំណើតរស់ នៅឆ្នាំ២០២១-២២ អត្រាមរណភាពទារកទើបកើតបានថយចុះពី ៣៧ករណី នៅឆ្នាំ២០០០ មកនៅ៨ករណី ក្នុង ១ ពាន់ កំណើតរស់ នៅឆ្នាំ២០២១-២២ និងអត្រាមរណភាពកុមារអាយុក្រោម ៥ឆ្នាំ បានថយចុះពី ១២៤ករណី នៅឆ្នាំ២០០០ ដល់ ១៦ករណី ក្នុង ១ពាន់កំណើតរស់ នៅឆ្នាំ២០២១-២២។
ទោះបីជាយ៉ាងណា យើងមិនត្រូវស្កប់ស្កល់នឹងវឌ្ឍនភាពខាងលើនេះឡើយ ដូចនេះហើយ ខ្ញុំសូម អំពាវនាវចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសុខាភិបាល អ្នកផ្តល់សេវាទាំងអស់សូមចូលរួមគាំទ ការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីឈានទៅសម្រេចបាន គោលដៅរបស់រាជរដ្ឋាភិបាលតាមការកំណត់ និងសូមអំពាវនាវដល់គ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ទាំងជាតិ និងអន្តរជាតិ សូមជួយ និងបន្តជួយវិនិយោគគាំទ្រដល់ការងារឆ្មបថែមទៀត ដើម្បីសុខភាពប្រជាជនកម្ពុជា ក្នុងពេលបច្ចុប្បន្ន និងពេលអនាគត។
ខ្ញុំមានក្តីសង្ឃឹមនិងជឿជាក់ថារាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិ បណ្ឌិតខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា នឹងបង្កើនលទ្ធភាពបន្ថែមទៀតក្នុងការធ្វើឱ្យកាន់តែប្រសើរឡើងនូវស្ថានភាពសុខុមាលភាពនៅកម្ពុជា។
ខ្ញុំសូមអរគុណជាអនេកចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រសួងសុខាភិបាល មន្ត្រីជំនាញ ស្ថាប័នពាក់ព័ន្ធ ម្ចាស់ជំនួយ អង្គការជាតិនិងអន្តរជាតិ កាកបាទក្រហមកម្ពុជា អង្គការសង្គមស៊ីវិល សប្បុរសជន អាជ្ញាធរដែនដី និងអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ដែលបាននិងកំពុង ហើយនឹងបន្តជួយគាំទ្រដល់ការងារឆ្មបកម្ពុជា។
នៅទីបញ្ចប់ ខ្ញុំសូមឧទ្ទិសខ្លឹមសារ និងអត្ថន័យនៃទិវាឆ្មបជាតិ-អន្តរជាតិ ឱ្យស្ថិតនៅក្នុងការចងចាំ និងជំរុញការប្ដេជ្ញាចិត្តដ៏រឹងមាំឱ្យទៅជាការអនុវត្តពិតប្រាកដ ដើម្បីសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយ ចីរភាពរបស់កម្ពុជា នៅឆ្នាំ២០៣០៕
ដោយ ៖ សិលា