ព័ត៌មានទាន់ហេតុការណ៍៖

រងការរិះគន់រឿងបញ្ចេញសារអសុរសលើហ្វេសប៊ុកផេក តន់ ចន្ទសីម៉ា ពោលបែបនេះវិញ

ចែករំលែក៖

 ភ្នំពេញ៖ ផ្អើលកក្រើកលើបណ្តាញសង្គមុននេះក្រោយពីអ្នកឧកញ៉ា ឡេងណាវ៉ាត្រា បានចេញមុខរិះគន់ទៅកាន់តារាចម្រៀងវណ្ណដា នូវខ្លឹមសារ និងវីដេអូជាបន្តបន្ទាប់។ ស្រាប់តែមុននេះដែរគេបានលេចចេញសំណេរលើបណ្តាញសង្គមហ្វេសប៊ុកផេកផ្លូវការរបស់តន់ ចន្ទសីម៉ា លេចចេញនូវពាក្យមិនពិរោះត្រចៀកទៅវិញ។ 

ករណីនេះមិនស្ងាត់បាត់ការជជែកគ្នានៅឡើយមុននេះក្រោយពីករណីថ្មីៗមួយចំនួនត្រូវបានលេចឡើងពិសេសការបញ្ចេញសាររិះគន់ពីសំណាក់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ទៅកាន់តារាចម្រៀងរ៉េប វណ្ណដា។ ករណីដែលធ្វើឲ្យមានការវែកញែកខ្លាំងនោះគឺក្រោយពីមុននេះគេបានឃើញមានការចែករំលែក និងបញ្ចេញយោបល់អំពីគណីយហ្វេសប៊ុកផ្លូវការរបស់កញ្ញា តន់ ចន្ទសីម៉ា តារាចម្រៀងប្រចាំផលិតកម្មហ្គាឡាក់ស៊ី បានតបទៅកាន់អ្នកលេងបណ្តាញសង្គមម្នាក់ដោយពាក្យអសីលធម៌មិនពិរោះត្រចៀក ក្រោយពីគណនីយហ្វេសប៊ុកមួយចូលទៅបញ្ចេញយោបល់លើបណ្តាញសង្គម។ អ្នកដែលបានអានសារនេះបានបើកភ្នែកធំៗ និងមិនគួរឲ្យជឿទេថាតារាចម្រៀងល្បីលំដាប់ជួរមុខក្នុងផលិតកម្មបែជាពោលពាក្យបែបនេះ។ 

  មិនបានប៉ុន្មានម៉ោងផងក្រោយលេចចេញការរិះគន់វែកញែកស្រាប់តែគេបានឃើញគណនីយហ្វេស៊ុកផេកផ្លូវការរបស់នាងបានបញ្ចេញសារដោយខ្លីថា”ជម្រាបជូនពុកម៉ែបងប្អូនសូមអធ្យាស្រ័យមានអ្នកយកផេករបស់ខ្ញុំទៅComment ដោយប្រើប្រាស់ភាសាមិនសមរម្យនោះមិនមែនជាសម្តីរបស់នាងខ្ញុំឡើយ សុំមេត្តាពុកម៉ែបងបងប្អូនយោគយល់។ ទោះជាយ៉ាងណានាងមិនបានបញ្ជាក់ទេថាតើគណនីយហ្វេសប៊ុកផេករបស់នាងត្រូវបានគេលួចយក ឬអ្នកណាប្រើប្រាស់ឡើយ។ អ្វីដែលជាការកត់សម្គាល់ក្នុងនោះគេក៏បានឃើញតារាចម្រៀងរួមដំបូលម្នាក់បានចេញមុខការពារតារាចម្រៀងស្រីរូបនេះដែរថានាងមិនមែនជាមនុស្សគ្មានសីលធម៌ និងប្រើប្រាស់ភាសាមិនសមរម្យបែបនេះឡើយ។ 

  គួរបញ្ជាក់ផងដែរថា មុននេះមានការចាប់អារម្មណ៍ខ្លាំងក្នុងស្រទាប់មហាជនក្រោយពីអ្នកឧកញ៉ា ឡេងណាវ៉ាត្រា បានចេញមុខរិះគន់ទៅកាន់តារាចម្រៀងវណ្ណដា ដែលមិនបានសំពះសិល្បកររៀមច្បង ការលើកអាវចេញខោក្នុងលើឆាកតន្ត្រី និងការប្រើប្រាស់ការរ៉េបនូវពាក្យមិនសមរម្យ និងការប្រើប្រាស់ក្រុមMMOឬក្រុមអ្នករកប្រាក់តាមអនឡាញ ចែករំលែក និងបញ្ចេញសារវាយប្រហារនៅលើការផលិតបទចម្រៀង ស្រលាញ់អ្វីដែលខ្មែរមានដែលត្រូវបានអ្នកឧកញ៉ា និងក្រុមការងារខិតខំផលិតយ៉ាងលំបាកនោះដែលអ្នកឧកញ៉ា លើកឡើងថាជាការប្រកួតប្រជែងមិនស្មោះត្រង់។ 

  ផលិតកម្មបារមី និងតារាចម្រៀងវណ្ណដា មិនបានបញ្ចេញសារណាតបតទៅកាន់ការរិះគន់របស់អ្នកឧកញ៉ាឡើយ ក្នុងនោះតារាចម្រៀងវណ្ណដាដែលបានបង្ហោះរូបថតមួយសន្លឹកប៉ុណ្ណោះស្រាប់តែផ្ទុះការLike  Comment រាប់សែនដងនិងចែករំលែកព្រោងព្រាតផងដែរ៕

ដោយ៖ វឌ្ឍនា


ចែករំលែក៖