ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ដើរវង្វេងផ្លូវរអិលធ្លាក់ទឹកបឹង បណ្ដាលឱ្យលង់ស្លាប់

ចែករំលែក៖

ខេត្តកំពង់ធំ៖ បុរសម្នាក់ដែលអ្នកភូមិអះអាងថាមានជំងឺសរសៃប្រសាទ ហើយដើរវង្វេងផ្លូវបានរអិលជើងធ្លាក់ចូលទឹកបឹង បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម។

   ហេតុការណ៍សពអណ្តែតទឹកនេះ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញនៅវេលាម៉ោងប្រមាណ១៣និង០០នាទី ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចបឹងអណ្ដូងនៃស្ទឹងព្រៃប្រស់ ស្ថិតក្នុងភូមិព្រៃព្រាល(ក) ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

    យោងតាមសាក្សីជាប្រជាពលរដ្ឋបានឱ្យដឹងថា គាត់បានជួបបុរសរងគ្រោះខាងលើនៅពេលព្រលប់មុនថ្ងៃកើតហេតុ ជនរងគ្រោះបានប្រាប់គាត់ថា មានស្រុកកំណើតនៅខេត្តបាត់ដំបង និងមានប្រពន្ធនៅខេត្តកំពតផងដែរ។ និយាយហើយក៏បន្តដំណើរទៅមុខទៀត រហូតដល់ថ្ងៃកើតហេតុបានទទួលព័ត៌មានថា បុរសនោះលង់ទឹកស្លាប់បាត់ហើយ។

   ដោយឡែកសមត្ថកិច្ចស្រុកកំពង់ស្វាយ បញ្ជាក់ឱ្យដឹងថា ជនរងគ្រោះមិនស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុប្រហែល ៣៨ឆ្នាំ កម្ពស់ប្រហែល១៧០សង់ទីម៉ែត្រសំបុរស្រអែម អត់ពាក់អាវ ស្លៀកខោជើងវែងពណ៌ខ្មៅ និងមានស្នាមសាក់នៅលើស្មា លើខ្នង និងលើភ្លៅ ។ ដោយមិនមានសាច់ញាតិមកទំនាក់ទំនងទទួលយកសាកសព បច្ចុប្បន្នត្រូវបានប្រជាពលរដ្ឋយកទៅបញ្ចុះនៅក្នុងវត្តប្រាសាទស្វាយព្រៃ ស្ថិតក្នុងភូមិត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

     សមត្ថកិច្ចបញ្ជាក់ថា មូលហេតុជនរងគ្រោះដើរវង្វេងផ្លូវហើយរអិលធ្លាក់ ចូលទឹកបឹងបណ្ដាលឱ្យលង់ស្លាប់តែម្ដង (សរសៃប្រសាទ)៕

ដោយ៖ សូរិយា


ចែករំលែក៖