ព័ត៌មានទាន់ហេតុការណ៍៖

ថ្ងៃបុណ្យវិសាខបូជា មីយ៉ាន់ម៉ា ដោះលែងអ្នកទោស២,១៥៣នាក់ ឱ្យមានសេរីភាព

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃពុធ ទី៣ ខែឧសភា ឆ្នាំ២០២៣ បានផ្សាយថា របបសឹកមីយ៉ាន់ម៉ា នៅថ្ងៃពុធនេះបានប្រកាសថាខ្លួននឹងលើកលែងទោសឱ្យអ្នកទោសច្រើនជាង ២,០០០នាក់ ដែលកំពុងជាប់ពន្ធនាគារដោយសារតែ ការចោទប្រកាន់ថាបានញុះញង់ឱ្យមានការបះបោរប្រឆាំងនឹងយោធា។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ របបសឹកមីយ៉ាន់ម៉ា បានបញ្ជាក់ថាយោធានឹងលើកលែងទោសឱ្យអ្នកទោស ២,១៥៣នាក់ ដែលកំពុងជាប់ពន្ធនាគារក្រោមក្រមព្រហ្មទណ្ឌ ៥០៥ ដើម្បីចូលរួមអបអរសាទរពិធីបុណ្យវិសាខបូជា ហើយការលើកលែងទោសនេះទៀតសោត ធ្វើឡើងដើម្បីសន្តិភាពផ្លូវចិត្តនៃប្រជាជនមីយ៉ាន់ម៉ា និងឈរលើគោលការណ៍មនុស្សធម៌។ ប៉ុន្តែចំពោះអ្នកដែលត្រូវបានដោះលែង ហើយបានប្រព្រឹត្តបទល្មើសម្ដងទៀត នោះនឹងត្រូវអនុវត្តទោសជាប់ពន្ធនាគារដែលនៅសល់ឡើងវិញ ជាមួយនឹងការ ដាក់ទណ្ឌកម្មបន្ថែមផងដែរ។
មនុស្សច្រើនជាង ២១,០០០នាក់ ត្រូវឃាត់ខ្លួន ចាប់តាំងពីរបបសឹកមីយ៉ាន់ម៉ាធ្វើរដ្ឋប្រហារបណ្ដេញរដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អោងសាន ស៊ូជី ចេញពីអំណាចកាលពីខែកុម្ភៈ ឆ្នាំ២០២១ ដែលបានបណ្ដាលឱ្យប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះធ្លាក់ក្នុងភាពចលាចលនៃអំពើហិង្សាមកទល់នឹងសព្វថៃ្ង។ ដោយឡែក បើតាមអង្គការសហប្រជាជាតិ អ្នកកាសែតយ៉ាងហោចណាស់១៧០នាក់កំពុងជាប់ឃុំក្នុងពន្ធនាគារ៕

ដោយ៖ ធីរីណា(រូប​ថត​ ៖ AFP)


ចែករំលែក៖