ព័ត៌មានទាន់ហេតុការណ៍៖

កីឡាករកូនកាត់ខ្មែរអាមេរិកស្រស់សង្ហាដូចតារាហ្វីលីពីន ឈ្មោះ សុវណ្ណ មកដល់កម្ពុជាត្រៀមចូលរួមប្រកួតស៊ីហ្គេម

ចែករំលែក៖

ភ្នំពេញ៖ ទីបំផុត ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាត្រៀមធ្វើជាម្ចាស់ផ្ទះដោយមោទកភាពនោះនឹងត្រូវប្រកាសបើកប្រកួតជាផ្លូវការនៅថ្ងៃទី០៥ខែឧសភា ឆ្នាំ ២០២៣នេះហើយដែរ។ ក្នុងនោះកីឡាករជម្រើសជាតិកម្ពុជាដែលបានសំងំហ្វឹកហាត់សម្រួចកម្លាំងដើម្បីប្រកួតបានត្រៀមខ្លួនរួចជាស្រេចដើម្បីដណ្តើមកិត្តិយសជូនជាតិមាតុភូមិ។

សុវណ្ណ គឺជាកូនកាត់ខ្មែរអាមេរិកកាំងដែលមានឪពុកជាជនជាតិអាមេរិក គឺជាអ្នកជំនួញនៅកម្ពុជា ខណៈដែលម្តាយលោកគឺជាជនជាតិខ្មែរ ហើយគាត់កំពុងរស់នៅប្រទេសកម្ពុជាផងដែរ។ អ្វីដែលធ្វើឲ្យគេចាប់អារម្មណ៍ខ្លាំងផងដែរទៅលើកីឡាករវ័យ២០ឆ្នាំរូបនេះគឺលោកមានទម្រង់មុខស្រដៀងគ្នាទៅនឹងតារាសម្តែងប្រុសស្រស់សង្ហាល្បីឈ្មោះលោក Daniel Padilla  ។សម្រស់ស្រស់សង្ហារបស់លោកត្រូវបានគេចែករំលែក និងកោតសរសើរព្រោងព្រាតរហូតមានអ្នកគាំទ្រលោកខ្លះស្នើឲ្យលោកចូលរូមប្រកួតក្នុងកម្មវិធីសម្រស់ថែមទៀតផង ហើយគេក៏ចង់ឃើញលោកចូលប្រឡូកក្នុងវិស័យសិល្បៈផងដែរព្រោះតែរូបរាងមុខមាត់ស្រស់សង្ហា កាយសម្បទារឹងមាំ ខណៈដែលចំណេះដឹងក៏ល្អប្រសើរ។  មុននេះដែរកីឡាករហែលទឹកលេចធ្លោររបស់កម្ពុជា គឺលោក ម៉ុនត្រូស សុវណ្ណ  បានធ្វើដំណើរចាកចេញពីប្រទេសថៃដែលជាទីកន្លែងហ្វឹកហាត់រយៈពេល៣ឆ្នាំកន្លងមកហើយនោះ មកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញកាលពីរាត្រីថ្ងៃទី០១ ខែឧសភា ឆ្នាំ ២០២៣ ដោយមានការចាំទទួលស្វាគមន៍ពីក្រុមគ្រួសារ។ សុវណ្ណគឺជាកីឡាករកូនកាត់ខ្មែរអាមេរិកកាំងវ័យក្មេង ដែលធ្លាប់ឈ្នះមេដាយពីការប្រគួតជាច្រើនបន្តបន្ទាប់ ក្នុងនោះលោកក៏ទទួលបានអាហារួបករណ៍សិក្សាបន្ថែមលើកីឡាហែលទឹកពីសហព័ន្ធកីឡាហែលទឹកអន្តរជាតិ ដោយបានធ្វើការហ្វឹកហាត់នៅប្រទេសថៃចំនួន៣ឆ្នាំកន្លងមកហើយ ហើយវេលានេះគឺជាឱកាសដែលលោកនឹងធ្វើការប្រគួតលើជំនាញហែលទឹកក្បាច់មេអំបៅចម្ងាយ៥០ម៉ែត្រ។ នេះបើតាមការបញ្ជាក់របស់លោកក្រោយពីវិលត្រឡប់មកកាន់មាតុប្រទេសវិញ។

 លោកថ្លែងក្តីរំភើប និងមានមោទកភាពខ្លាំងដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ហើយក៏ជាការទន្ទឹងរងចាំជាយូរមកហើយរបស់កីឡាករទាំងអស់ដែលបានត្រៀមខ្លួនក្នុងការដណ្តើមយកមេដាយជូនជាតិមាតុភូមិ។ លោកថានៅប្រទេសថៃលោកប្រឹងប្រែងហ្វឹកហាត់ប្រមាណ៥ម៉ោង ជារៀងរាលថ្ងៃដើម្បីប្រាកដថានឹងទទួលបានលទ្ធផលល្អប្រសើរនៅពេលប្រគួតក្នុងពេលដ៏ខ្លីខាងមុខនេះ។ លោកលើកឡើងថាមិនថាលទ្ធផលយ៉ាងណាប៉ុន្តែអ្វីដែលលោកអាចនិយាយបាននៅពេលនេះគឺនឹងប្តេជ្ញាថានឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីនាំមកនូវកិត្តិយសជូនជាតិមាតុភូមិ និងរំពឹងថាទទួលបានការគាំទ្រ ការលើកទឹកចិត្តពីប្រជាពលរដ្ឋខ្មែរ៕

ដោយ៖ វឌ្ឍនា


ចែករំលែក៖