ខេត្តស្វាយរៀង៖ លោក ចាយ សាមិត្ត រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក សេង សិលា អភិបាលរងខេត្តតំណាងលោកអភិបាលខេត្តស្វាយរៀងបានអញ្ជើញចូលរួមផ្សព្វផ្សាយគោលនយោបាយភូមិឃុំមានសុវត្ថិភាពក្នុងចំណុចទី ៦ មានអនាម័យល្អ សោភ័ណភាពល្អ និងបរិស្ថានស្អាត សម្អាតបរិស្ថាន រើសសំរាមតាមបណ្ដោយផ្លូវជាតិលេខ១ នៅភូមិសាស្ត្រស្រុកកំពង់ត្របែក ខេត្តព្រៃវែង និងភូមិក្រោលគោ ស្រុកស្វាយជ្រំខេត្តស្វាយរៀង នាព្រឹកថ្ងៃទី៣ខែឧសភាឆ្នាំ២០២៣។
ក្នុងឱកាសនោះក៏មានការចូលរួមពីសំណាក់លោក កើត សារឿន ប្រធានមន្ទីរបរិស្ថានខេត្ត កញ្ញា អភិបាលរងស្រុកស្វាយជ្រំ លោក ភោគ វណ្ណថន មេឃុំក្រោលគោ ក្រុមហ៊ុនប្រមូលសំរាមសុភីសម្បត្តិពាណិជ្ជនិងសមាជិកក្រុមប្រឹក្សាឃុំក្រោលគោរួមនឹងអង្គភាព ប៉ូលិសប៉ុស្តិ៍រដ្ឋបាលឃុំ គ្រូពេទ្យមណ្ឌលសុខភាពឃុំ លោកគ្រូអ្នកគ្រូសិស្សានុសិស្សវិទ្យាល័យហ៊ុនសែនក្រោលគោ មេភូមិអនុភូមិ ជំនួយការភូមិទាំង១៣ភូមិក្នុងឃុំនិងកម្លាំងប្រជាការពារក្នុងឃុំតាមភូមិទាំង១៣ភូមិ សរុបមានចំនួន ២៦១នាក់ស្រី១០៩នាក់។
លោក ភោគ វណ្ណថន មេឃុំក្រោលគោស្រុកស្វាយជ្រំ ក៏ដូចជាលោក កើត សារឿន ប្រធានមន្ទីរបរិស្ថានខេត្តបានឱ្យដឹងថា ការសម្អាតអនាម័យបរិស្ថាន រើសសំរាម និងការផ្សព្វផ្សាយក្នុងគោលបំណងលើកកម្ពស់គុណភាពបរិស្ថាន និងអនាម័យតាមរយៈការធ្វើអនាម័យបរិស្ថានរួមគ្នា ផ្សព្វផ្សាយ អប់រំដល់សាធារណជនទូទៅនូវការផ្លាស់ប្តូរឥរិយាបថនិងទម្លាប់នៃការរស់នៅប្រចាំថ្ងៃ ឱ្យមានការគិតគូរអំពីការសម្អាតអនាម័យបរិស្ថាន ដូចជាការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ចោលសំរាមឱ្យចំធុងសំរាម ដែលពិភពលោកកំពុងយកចិត្តទុកដាក់ទៅលើអនាម័យបរិស្ថាន ដីស្អាត ខ្យល់ស្អាត និងទឹកស្អាត សំដៅបំបាត់ឱ្យខាងតែបាននូវភាពកខ្វក់ សំរាម និងកាកសំណល់ផ្សេងៗ ដើម្បីកែលម្អគុណភាពបរិស្ថានក្រុងឱ្យមានសោភ័ណភាព មានផាសុកភាពសម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋ។
លោក សេង សិលា អភិបាលរងខេត្តស្វាយរៀង បានលើកឡើងថា ការធ្វើអនាម័យបរិស្ថានក៏ជាផ្នែកមួយនៃការចូលរួមជំរុញការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព ដែលលើកឡើងអំពីភូមិឃុំសង្កាត់ ត្រូវតែ «មានអនាម័យល្អ សោភ័ណភាព និងបរិស្ថានល្អ» ដែលសំដៅលើការមានវិធានការក្នុងការគ្រប់គ្រង ថែរក្សានិងការពារធនធានធម្មជាតិនិងបរិស្ថាន អនាម័យប្រកបដោយប្រសិទ្ធភាព ជាពិសេសយន្តការដោះស្រាយសំរាម ធ្វើឱ្យមានសោភ័ណភាព និងផាសុកភាព។
បន្ទាប់មកទៀតលោក ចាយ សាមិត្ត រដ្ឋលេខាធិការក្រសួងបរិស្ថានបានមានប្រសាសន៍ថ្លែងអំណរគុណនិងវាយតម្លៃខ្ពស់ដល់រដ្ឋបាលខេត្តស្វាយរៀងដែលបាននិងកំពុងខិតខំរៀបចំឱ្យមានការបញ្ជ្រាបការអប់រំដល់ប្រជាពលរដ្ឋអំពីច្បាប់ គោលការណ៍ និងវិធានការនានាស្តីពីការថែរក្សាបរិស្ថាន រួមទាំងវិធីសាស្ត្រនៃការរក្សាសុខភាព អនាម័យ សុវត្ថិភាពចំណីអាហារ និងសំណូមពរឱ្យប្រជាពលរដ្ឋចូលរួមថែរក្សាអនាម័យកន្លែងរស់នៅរៀងខ្លួនឱ្យបានល្អ វេចខ្ចប់ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។
លោកបានបន្តថា កន្លងមកក្រសួងបរិស្ថានបានធ្វើការគ្រប់គ្រងសំរាមតាមភូមិ ឃុំ ស្រុក នៃបណ្តាខេត្តជាច្រើននៅកម្ពុជាសំដៅកាត់បន្ថយសំណល់រឹង និងតំបន់ស្រុកខ្លះបានបង្កើតទីលានចាក់សំរាម និងផ្តល់ជាឡដុតសំរាមថែមទៀត។
ជាមួយគ្នានេះដែរ តាមរយៈការអប់រំផ្សព្វផ្សាយបានធ្វើឱ្យពលរដ្ឋយល់ដឹង និងចូលរួមថែរក្សាអនាម័យបរិស្ថានកាន់តែប្រសើរឡើងជាបន្តបន្ទាប់ផងដែរ៕
ដោយ៖ សុថាន