ព័ត៌មានទាន់ហេតុការណ៍៖

«ភាពចាំបាច់នៃការពិនិត្យផ្ទៃពោះ និងការសម្រាលកូននៅមូលដ្ឋានសុខាភិបាល»

ចែករំលែក៖

ភ្នំពេញ ៖ ដើម្បីចូលរួមអបអរសាទរទិវាឆ្មបជាតិ-អន្តរជាតិ ៥ ឧសភា ២០២៣នេះ កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន រួមជាមួយក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃទីស្នាក់ការកណ្តាល សហការជាមួយសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នៅថ្ងៃទី ៣ ខែឧសភា ឆ្នាំ២០២៣នេះ បានរៀបចំពិធីអប់រំផ្សព្វផ្សាយ ស្តីពី «ភាពចាំបាច់នៃការពិនិត្យផ្ទៃពោះ និងការសម្រាលកូននៅមូលដ្ឋានសុខាភិបាល» ជូនដល់និស្សិតឆ្មបនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល សរុបប្រមាណ ២០០នាក់។

ក្នុងឱកាសនោះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដែលបានអនុញ្ញាតឱ្យនិស្សិតឆ្មប បានចូលរួមវគ្គអប់រំផ្សព្វផ្សាយនាថ្ងៃនេះ។ 

ថ្លែងក្នុងពិធីអប់រំផ្សព្វផ្សាយនោះ លោកស្រី អនុប្រធានអចិន្ត្រៃយ៍ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ បានជម្រាបជូនអង្គពិធីទាំងមូលថា តើនរណាជាឥស្សរជនឆ្នើមថ្នាក់ជាតិ? ដែលពាក្យថាឥស្សរជនឆ្នើមថ្នាក់ជាតិនេះ គឺសម្តៅដល់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាស្ត្រីទី១នៃកម្ពុជា។ ក្នុងន័យនេះ លោកជំទាវ បានថ្លែងអំពី អង្គការសហប្រជាជាតិ ដែលទទួលស្គាល់ស្នាដៃការងាររបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាស្ត្រីទី១នៃកម្ពុជា ហើយបានប្រគល់ជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត នូវគោរមងារចំនួន២ គឺ ទី១. ជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា បានទទួលថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០០៦ និងគោរមងារទី២ ជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ បានទទួលថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០១១។ ការសម្រេចចិត្តទទួលយកគោរមងារខាងលើនេះ បានឆ្លុះបញ្ចាំងឱ្យឃើញពីការប្តេជ្ញាចិត្ត របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងការទទួលយកនូវភារកិច្ចដ៏ឧត្តុង្គឧត្តមចំពោះការងារឆ្លើយតបមេរោគអេដស៍ជំងឺអេដស៍ និងសុខភាពមាតា ទារក និងកុមារ ដើម្បីឧត្តមប្រយោជន៍ជាតិ មាតុភូមិកម្ពុជាយើង ហើយដែលក្នុងនោះកាតព្វកិច្ចទី១ គឺធ្វើយ៉ាងណាឱ្យអត្រាមរណភាពមាតា និងទារក ធ្លាក់ចុះទាបបំផុត ដែលប្រការនេះ តម្រូវឱ្យមានការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ជាពិសេសចំពោះស្ត្រីជាមាតា ឱ្យមានការយល់ដឹងខ្ពស់ អំពីសារប្រយោជន៍នៃពិនិត្យផ្ទៃពោះយ៉ាងតិច ៤ដងមុនពេលសម្រាល និងការទៅសម្រាលកូននៅមូលដ្ឋានសុខាភិបាល។ កាតព្វកិច្ចទី២ គឺការអប់រំផ្សព្វផ្សាយដើម្បីទប់ស្កាត់ការចម្លងមេរោគអេដស៍ពីម្តាយមកកូន ក៏ដូចជាទប់ស្កាត់ជំងឺផ្សេងៗដែលអាចឆ្លងពីម្តាយមកកូន ដូចជា ជំងឺថ្លើមប្រភេទបេ ជំងឺស្វាយ ជំងឺតំណពូជ។ល។ ទី៣ គឺទប់ស្កាត់មិនឱ្យមានអ្នកស្លាប់ដោយសារមេរោគអេដស៍ ដោយមិនបានប្រើថ្នាំប្រឆាំងមេរោគអេដស៍នោះឡើយ។ និងទី៤ គឺមិនឱ្យមានការរើសអើងចំពោះអ្នកផ្ទុកមេរោគអេដស៍ អ្នកជំងឺអេដស៍។

ឆ្លៀតក្នុងឱកាសនេះផងដែរ លោកស្រី បានគូសបញ្ជាក់ពីវឌ្ឍនភាពដ៏ល្អប្រសើរក្នុងការងារសុខភាពមាតា ទារក កុមារ តាមរយៈការអង្កេតប្រជាសាស្ត្រ និងសុខភាព ដែលនៅក្នុងនោះ អត្រានៃការសម្រាលកូនដោយឆ្មបជំនាញមានការកើនឡើងពី ៣៤% នៅឆ្នាំ២០០០ ដល់ ៩៩% នៅឆ្នាំ២០២១-២២ ដែលធ្វើឱ្យអត្រាមរណភាពមាតាបានថយចុះពី ៤៣៧ករណី នៅឆ្នាំ២០០០ មកនៅ ១៥៤ករណី ក្នុង ១សែនកំណើតរស់ នៅឆ្នាំ២០២១-២២ អត្រាមរណភាពទារកទើបកើតបានថយចុះពី ៣៧ករណី នៅឆ្នាំ២០០០ មកនៅ ៨ករណី ក្នុង ១ពាន់កំណើតរស់ នៅឆ្នាំ២០២១-២២ និងអត្រាមរណភាពកុមារអាយុក្រោម ៥ឆ្នាំ បានថយចុះពី ១២៤ករណី នៅឆ្នាំ២០០០ ដល់ ១៦ករណី ក្នុង ១ពាន់កំណើតរស់ នៅឆ្នាំ២០២១-២២។

សូមបញ្ជាក់ថា បន្ទាប់ពីបានស្តាប់បទបង្ហាញដោយ លោកជំទាវ មុំ ចន្ធី នាយិការងនាយកដ្ឋានសុខភាព និងជាលេខាធិការក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ និងអនុសាសន៍ល្អៗរបស់លោកជំទាវគណៈធិបតី និស្សិតទាំងអស់ មានការយល់ដឹងកាន់ច្រើន និងបានលើកឡើងថា វគ្គអប់រំផ្សព្វផ្សាយនេះ ពិតជាមានសារសំខាន់ ជាពិសេសចំពោះនិស្សិតទាំងអស់។ បន្ថែមពីនេះ និស្សិតឆ្មប ដែលបានចូលរួមកម្មវិធីនេះ ក៏បានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការអប់រំផ្សព្វផ្សាយបន្តក្នុងនាមជាមិត្តអប់រំមិត្ត ក៏ដូចជាបង្ហាញពីការប្តេជ្ញាចិត្តក្នុងនាមជាអនាគតឆ្មបជំនាញ នឹងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយអត្រាមរណៈមាតា ទារក និងកុមារ ដើម្បីឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅឆ្នាំ២០៣០៕

ដោយ ៖ សហការី


ចែករំលែក៖