ព័ត៌មានទាន់ហេតុការណ៍៖

ទំនាក់ទំនងចិន រុស្ស៊ី និងឥណ្ឌា កាន់តែស៊ីជម្រៅ ជិតស្និទ្ធពីមួយថ្ងៃទៅមួយថ្ងៃ

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៥ ខែឧសភា ឆ្នាំ២០២៣ បានដកស្រង់ការប្រកាសរបស់ រដ្ឋមន្រ្តីការបរទេសចិន លោក ឈិន កាង (Qin Gang) បានធានាប្រាប់សមភាគីរុស្ស៉ីនិងឥណ្ឌារបស់លោក អំពីការធ្វើឱ្យចំណងទ្វេភាគីកាន់តែស៉ីជម្រៅ ហើយលោកថែមទាំងបានសន្យាថា កិច្ចសហប្រតិបត្តិការមុខជានឹងកាន់តែរីកដុះដាលខ្លាំងឡើងៗ ខណៈវាគឺជាការបង្ហាញមួយនៃសាមគ្គីភាពរបស់ទីក្រុងប៉េកាំង ជាមួយប្រទេសជិតខាងធំបំផុតទាំងពីររបស់ចិន។
លោក ឈិន បានជួបពិភាក្សាគ្នាជាមួយក្រុមរដ្ឋមន្រ្តីការបរទេសដទៃទៀត នៃអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ (SCO) នៅឯប្រទេសឥណ្ឌា ស្របពេលដែលទីក្រុងប៉េកាំង កំពុងព្យាយាមរក្សាទំនាក់ទំនងឱ្យមានស្ថិរភាព ជាមួយបណ្តាប្រទេសនៅក្នុងតំបន់ ចំពោះមុខភាពបន្តតានតឹងនៃទំនាក់ទំនងរបស់ខ្លួន ជាមួយក្រុមលោកខាងលិច ជាពិសេសជាមួយ ទីក្រុងវ៉ាស៉ីនតោន។
យោងតាមសេចក្តីថ្លែងការណ៍ ពីក្រសួងការបរទេសចិននាថ្ងៃសុក្រនេះ កំលុងជំនួបជាមួយរដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក សឺហ្គៃ ឡាវរ៉ូវ (Sergei Lavrov) នៅក្រៅកិច្ចប្រជុំ SCO លោក ឈិន បាននិយាយថា ចិនស្ម័គ្រចិត្តរក្សាការទាក់ទងនិងការសហការគ្នាជាមួយរុស្ស៉ី ដើម្បីបង្កើតការចូលរួមចំណែកជាក់ស្តែង ទៅក្នុងកិច្ចប្រឹងប្រែងស្វែងរកដំណោះស្រាយ ផ្នែកនយោបាយ សម្រាប់វិបត្តិសង្រ្គាមនៅអ៊ុយក្រែន។ បន្ថែមពីនេះ ភាគីទាំងពីរបានឯកភាពគ្នាពង្រឹងការទាក់ទងនិងការសហការជាមួយរដ្ឋជាសមាជិក SCO ដទៃទៀត ហើយរក្សាសាមគ្គីភាពរបស់ប្លុកនេះ។ អ្នកទាំងពីរក៏បានយល់ព្រមពង្រឹងកិច្ចសហប្រតិបត្តិការ នៅតំបន់អាស៉ី-ប៉ាស៉ីហ្វិកផងដែរ។
ចំណែកក្នុងជំនួបដាច់ដោយឡែក ជាមួយរដ្ឋមន្រ្តីការបរទេសឥណ្ឌា លោក ស៊ូប្រាម៉ានយ៉ាម ចៃសានកា (Subrahmanyam Jaishankar) លោករដ្ឋមន្រ្តីការបរទេសចិន បាននិយាយថា ចិនស័្មគ្រចិត្តធ្វើឱ្យការទាក់ទងនិងកិច្ចសហប្រតិបត្តិការកាន់តែមានភាពស៉ីជម្រៅ ទាំងជុំវិញបញ្ហាក្នុងតំបន់និងអន្តរជាតិជាមួយឥណ្ឌា ហើយស្តារទំនាក់ទំនង ឱ្យត្រឡប់ទៅរកស្ថានភាពអភិវឌ្ឍដែលប្រក្រតីឡើងវិញ។
បច្ចុប្បន្ន សមាជិករបស់ SCO រួមមានរុស្ស៉ី ឥណ្ឌា ចិន ប៉ាគីស្ថាន និងប្រទេសអាស៉ីកណ្តាលចំនួន៤ គឺកាហ្សាក់ស្ថាន កៀហ្ស៉ីស៉ីស្ថាន តាហ្ស៉ីគីស្ថាន និងអ៊ូសបេគីស្ថាន។ យោងតាមប្រភពពីមន្រ្តីក្រសួងការបរទេសឥណ្ឌា អ៉ីរ៉ង់និងបេឡារុសត្រូវបានរំពឹងថា នឹងត្រូវបញ្ជូលជាសមាជិកនៃអង្គការនេះ កំលុងកិច្ចប្រជុំកំពូល SCO ដែលត្រូវរៀបចំឡើងនៅទីក្រុងញូដេលីរបស់ឥណ្ឌា នាខែកក្កដាខាងមុខ៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ rianovosti

 

 


ចែករំលែក៖