ខេត្តព្រះសីហនុ ៖ អ្វីដែលមិនកែកំហុស ! ប្រព្រឹត្តដដែលៗទីបំផុត ! សាលាដំបូងខេត្តព្រះសីហនុ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនជនត្រូវចោទ ដេវីដ ឆាណាយវ៉ា ពីបទ«ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបទប្រព្រឹត្តបទបរិហាកេរ្តិ៍ជាសាធារណៈ» បន្ទាប់ពីមានបណ្ដឹង ជាច្រើននិង តាមដីកាបង្គាប់ឱ្យឃុំខ្លួន របស់ លោក ផាត់ ពៅ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តព្រះសីហនុ កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣។
សូមបញ្ជាក់ថា, ដីកាចុះហត្ថលេខានៅថ្ងៃទី៣ ឧសភា ឆ្នាំ២០២៣ ដោយចៅក្រមស៊ើបសួរ ផាត់ ពៅ បានបង្គាប់៖
-១.បញ្ជាឱ្យភ្នាក់ងារមានសមត្ថកិច្ចនៃកម្លាំងសាធារណៈ ធ្វើការនាំខ្លួនជនត្រូវចោទឈ្មោះ ដេវីដ ឆាណាយវ៉ា ហៅក្រៅ កូនមានវាសនា ភេទប្រុស អាយុ៥១ឆ្នាំ (កើតថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ១៩៧២) ជនជាតិខ្មែរ (ដែលមានសាវតាជាតិដូចខាងលើ) ទៅឃុំខ្លួននៅពន្ធនាគារខេត្តព្រះសីហនុ ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមនីតិវិធីច្បាប់ ។
– ២-បង្គាប់ឱ្យប្រធានពន្ធនាគារខេត្តព្រះសីហនុ ទទួលយកជននេះ និងឃុំខ្លួនជននេះ រហូតដល់មានបញ្ជាថ្មីសម្រេចផ្សេងពីនេះ។
-៣-បង្គាប់ឱ្យគ្រប់ភ្នាក់ងារនៃកម្លាំងសាធារណៈទាំងអស់ នៅពេលត្រូវបានបង្ហាញដីកានេះត្រូវសហការអនុវត្តឱ្យបានល្អ នៅក្នុងករណីចាំបាច់ ។
ដីកាដដែលបានបញ្ជាក់ថា ជនត្រូវចោទត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យពីបទ«ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបទប្រព្រឹត្តបទបរិហាកេរ្តិ៍ជាសាធារណៈ ប្រព្រឹត្តនៅចំណុចភូមិចំណោតរាម ឃុំចំណោតរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីអំឡុងខែមីនា ដល់ខែមេសា ឆ្នាំ២០២៣ បទល្មើសដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៤៩៤, មាត្រា៤៩៥ និងមាត្រា៣០៥នៃក្រមព្រហ្មទណ្ឌ ។
ជនត្រូវចោទ ដេវីដ ឆាណាយវ៉ា គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានប្តឹង ទៅ អយ្យការអមសាលាដំបូងរាជធានី ពីបទ ដែលបានប្រព្រឹត្តអំពើក្លែងឋានៈជាមេធាវី ផ្ដល់ យោបល់ផ្នែកច្បាប់ក្នុងនាមជាមេធាវី និងជេរប្រមាថជាសាធារណៈមកលើគណៈមេធាវីនៃ ព្រះរាជាណាចក្រកម្ពុជា ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា, ក្នុងខែឧសភា ឆ្នាំ២០២១ ឈ្មោះ ដេវីដ ឆាណាយវ៉ា ប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ កូន មានវាសនា បានអះអាងថាខ្លួនជាមេធាវី ទាក់ទងនឹងការបកស្រាយរឿងក្តីមួយ។ ពេល នោះគណៈមេធាវីបានចេញសេចក្តីប្រកាសព័ត៌មានបដិសេធថា ឈ្មោះ ដេវីដ ឆាណាយវ៉ា មិនមែន ជាមេធាវី។ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ គណៈមេធាវីទទួលបានលិខិតបំភ្លឺពីឈ្មោះ ដេវីដ ឆាណាយវា ដោយបានចេញមុខសុំទោសជាសាធារណៈនិងសុំអំពាវនាវដល់សាធារណជនកុំឱ្យ មានការយល់ច្រឡំតទៅទៀត ពីព្រោះខ្លួនមិនមានឈ្មោះជាមេធាវីនៅគណៈមេធាវីនៃព្រះរាជា ណាចក្រកម្ពុជាទេ។
សូមជម្រាបជូនថា ៖ សាលាដំបូងខេត្តព្រះសីហនុ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនជនត្រូវចោទ ដេវីដ ឆាណាយវ៉ា ហៅក្រៅ «កូនមានវាសនា» ភេទប្រុស អាយុ៥១ឆ្នាំ (កើតនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ១៩៧២) ជនជាតិខ្មែរ មុខរបរជាសារព័ត៌មាន ទីកន្លែងកំណើតសង្កាត់លេខ៥ភ្នំពេញ មានទីលំនៅមុនពេលឃាត់ខ្លួនផ្ទះលេខ១២៦អឺ២ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ៕
ដោយ ៖ សហការី