ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ ករណីបាក់រណ្ដៅបូមរ៉ែមាស​ នៅខេត្ត​កំពង់​ធំ​ បណ្ដាលឱ្យមនុស្ស ៤នាក់ស្លាប់ មន្ត្រីនគរបាលយុត្តិធម៌ កំពុងចុះស្រាវជ្រាវ !

ចែករំលែក៖

ខេត្តកំពង់ធំ ៖ យ៉ាងហោចណាស់ មនុស្សចំនួន​ ៤នាក់ស្លាប់ខណៈពួកគេកំពុងតែធ្វើសកម្មភាព​បូមរ៉ែមាស​ តែសំណាងអាក្រក់ក៏ត្រូវដីបាក់សង្កត់ជាប់ នៅក្នុងរណ្តៅតែម្តង ហើយទំរាំតែប្រជាពលរដ្ឋរស់នៅក្បែរទីតាំងកើតហេតុដឹង​បាននាំគ្នាទៅជួយសង្គ្រោះជនរងគ្រោះចេញពីក្នុងរណ្តៅបាន​ក្រុម​ជនរងគ្រោះ បាន​ដាច់ខ្យល់ស្លាប់អស់​ទៅ​ហើយ។

ករណីបាក់រណ្ដៅ​ខាងលេីនេះ​ បានកើតឡើង កាលពីថ្ងៃទី០៤ ខែ​ឧសភា ឆ្នាំ២០២៣ម្សិលមិញនេះ​ ស្ថិតនៅចំណុច​​អូរក្រហាក់ ក្នុងតំបន់ស្នងអន នៅក្នុងភូមិវាលព្រីង ឃុំឈើទាល ស្រុកសណ្តាន់ ខេត្តកំពង់ធំ។

 បេីតាមការ​បញ្ជាក់ពី​មន្រ្តីនគរបាលមូលដ្ឋាន​ បានឱ្យដឹងថា​​ ​រណ្តៅបូមរ៉ែមាសខាងលើ ជារបស់ឈ្មោះ ស្វាយ ភឿន ភេទប្រុស អាយុ ៣៣ឆ្នាំ មានប្រពន្ធឈ្មោះ មឿន សុខវី អាយុ៣២ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។

ចំណែក​អ្នកស្លាប់ទាំង ៤នាក់នេះ រួមមាន៖ ទី១-ឈ្មោះ បៀន ហោ ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិវាលព្រីង ឃុំឈើទាល ស្រុកសណ្ដាន់ ទី២- ឈ្មោះ សុខ ឈាន់ ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅភូមិផ្ទោល ឃុំមានជ័យ ស្រុកសណ្ដាន់ៗ ទី៣- ឈ្មោះ យឹម ចិត្ត ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិ វាលព្រីង ឃុំឈើទាល ស្រុកសណ្ដាន់ និងទី ៤- ឈ្មោះ ពេល វុទ្ធី (ហៅតាវ៉ែនតា)ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិទួលថ្ម ឃុំតាឡោ ស្រុកបាកាន ខេត្តពោធិ៍សាត់។

មន្រ្តីដដែលបន្តថា​ មុនពេលកើតហេតុ ក្រុមជនរងគ្រោះកំពុងតែធ្វើសកម្មភាព​បូមរ៉ែមាស​ ស្រាប់​តែត្រូវដីបាក់សង្កត់ជាប់ នៅក្នុងរណ្តៅតែម្តងដោយមិនមានអ្នកជិតខាងដឹងនោះទេ​ ហើយ​ទំរាំ​តែប្រជាពលរដ្ឋដឹង​ ក៏រាយការណ៍ប្រាប់សមត្ថកិច្ច​ ដេីម្បី​ជួយ​សង្រ្គោះ​ ប៉ុន្តែ​ជា​អកុសល​ជនរងគ្រោះ​ទាំង៤នាក់នោះ​ បានស្លាប់បាត់ទៅហេីយ។ 

ក្រោយកេីតហេតុ​ កម្លាំងសមត្ថកិច្ច​ជំនាញ​បានធ្វើកោសលវិច័យរួចសពជនរងគ្រោះ ត្រូវបានប្រគល់ជូនសាច់ញាតិ យកទៅធ្វើបុណ្យ​តាមប្រពៃណីនៅស្រុកកំណេីត​រៀងៗខ្លួន ។

លោកវីរៈសេនីយ៍ត្រី លក វង្ស មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកសណ្ដាន់ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ បានប្រាប់អង្គភាពមជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” តាមទូរស័ព្ទយ៉ាងដូច្នេះថា ,  ពាក់ព័ន្ធនឹងករណីបាក់រណ្ដៅដីបូមមាស បើតាមខ្ញុំដឹងជាបឋម គឺជាកន្លែងដែលបងប្អូនប្រជាពលរដ្ឋ គាត់នាំគ្នារករ៉ែមាស ជាលក្ខណៈគ្រួសារ នៅក្នុងដីក្រុមហ៊ុនរបស់ចិន ។ ប៉ុន្តែមិនដឹងថា ក្រុមហ៊ុននោះឈ្មោះអ្វីពិតប្រាកដ ។ ម្យ៉ាងទៀតបងប្អូនប្រជាពលរដ្ឋ ចេះតែនាំគ្នា បូមរករ៉ែមាសនេះ ជាលក្ខណៈគ្រួសារ និងគ្មានបច្ចេកទេស ទើបបណ្ដាលឲ្យមានគ្រោះថ្នាក់នេះកើតឡើង។ 

លោក ទិត្យ សំណាង ស្នងការរងទទួលផែនព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានប្រាប់អង្គភាពមជ្ឈមណ្ឌលព័ត៌មាន” នគរវត្ត ” តាមទូរស័ព្ទថា, ខ្ញុំបានដឹកនាំកម្លាំង ជំនាញ ចុះមកពិនិត្យទីតាំងកន្លែងកើតហេតុ ដំបូងយើងយល់ឃើញថា ប្រជាពលរដ្ឋគាត់បានបូមរករ៉ែមាស ជាលក្ខណៈគ្រួសារ ខ្លះទៀតនៅតាមដីរបស់គាត់ ដែលគ្មានច្បាប់ទម្លាប់អ្វីទាំងអស់ ។

លោកស្នងការរង បញ្ជាក់ថា, រណ្តៅដែលពួកគាត់បានជីកបូមរករ៉ែមាស គ្មានបច្ចេកទេស គ្រាន់តែជីក ជារណ្ដៅ ស្រះ មានទំហំខ្លះ ៤មគុណ៤ម , ជម្រៅ ៥ ទៅ ៩ ម៉ែត្រ ។ ពួកគាត់បានប្រើ ម៉ាស៊ីនចិនប្រភេទតូចៗ ប្រើប្រេងម៉ាស៊ូត រៀបចំក្បាលបូម ដែលគ្មានបច្ចេកទេស ហើយម្យ៉ាងទៀត ដីនៅកន្លែងនោះ ភាគច្រើនសម្បូរទៅដោយខ្សាច់ ទើបបណ្ដាលឲ្យបាក់ស្រុត ខ្សាច់គ្រប់សង្កត់ពីលើជនរងគ្រោះ អន្តរាគមន៍ជួយមិនទាន់ ក៏បណ្ដាលឱ្យបាត់បង់ជីវិត។ 

លោកស្នងការរង ទិត្យ សំណាង បានបន្តថា , បើទោះជាការបូមរកមាសនេះ ជាលក្ខណៈគ្រួសារ ប៉ុន្តែកន្លែងខ្លះ គេបានជួលអ្នកភូមិ ឱ្យមកធ្វើការងារឲ្យ តែទោះជាយ៉ាងណា កម្លាំងជំនាញក៏បានស៊ើបអង្កេត ស្រាវជ្រាវ ក្នុងរឿងនេះឲ្យបានដិតដល់ ។ លោកបន្តថា, ទីមួយបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ , ទីពីរ យើងក៏ត្រូវស្រាវជ្រាវ រកឲ្យឃើញពីមូលហេតុ , ព្រោះមានអ្នកខ្លះ ជួលកម្មករ ដោយប្រើម៉ាស៊ីន ហើយបូមរករ៉ែមាស បានក្នុងមួយថ្ងៃ ១ជី ២ជី ដែលសម្រាប់មធ្យោបាយប្រើប្រាស់ប្រេងម៉ាស៊ីនផង កម្លាំងពលកម្មកម្មករផង ។ ដូច្នេះយើងតាមដានរក អ្នកដែលប្រើប្រាស់កម្មករ ប្រសិនបើពួកគាត់បណ្ដាលឱ្យស្លាប់ដោយសារការជួលនេះ ! ប៉ុន្តែការពិនិត្យជាក់ស្ដែង ឃើញថាឪពុកនិងកូនទេ បាននាំគ្នា រៀបចំក្បាលបូម ក្នុងរណ្ដៅ ជម្រៅ ៥ ម៉ែត្រ ដល់បូមយូរៗទៅ កន្លែងនោះសម្បូរទៅដោយខ្សាច់ ទើបទឹកច្រោះ បណ្ដាលឱ្យខ្សាច់ ច្រៀល បាក់រណ្ដៅជម្រៅ ៥ម៉ែត្រនោះ សង្កត់លើមនុស្ស ៤នាក់ ឈានដល់ស្លាប់។ 

លោកបញ្ជាក់ថា, ទោះជាការធ្វើមុខរបរនេះជាលក្ខណៈគ្រួសារក៏ដោយ ខាងជំនាញមន្ត្រីនគរបាលយុត្តិធម៌ កំពុងស្វះស្វែងប្រមូលរក វត្ថុតាង អ្នកពាក់ព័ន្ធ ដើម្បីបន្តនីតិវិធី កសាងសំណុំរឿងបញ្ជូនទៅតុលាការ ៕

ដោយ ៖ ស តារា


ចែករំលែក៖