ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកខ្សាច់បេីកបុកកិនម៉ូតូអូសស្ត្រីម្នាក់បណ្តាលឱ្យធ្លាយខួរស្លាប់យ៉ាងអណោចអធ័ម

ចែករំលែក៖

ភ្នំពេញ​៖​ ស្ត្រីម្នាក់បានស្លាប់យ៉ាងអណោចអធ័មខណៈកំពុងជិះម៉ូតូត្រូវរថយន្តដឹកខ្សាច់បេីកមកពីក្រោយបុកនិងកិនអូសកាលពីវេលាម៉ោង៤និង៤០នាទីរសៀល​ ថ្ងៃទី០៥​ ខែឧសភា​ ឆ្នាំ២០២៣​ នៅតាមបណ្តោយផ្លូវ៣០ម៉ែត្រ​ សង្កាត់ព្រៃស​ ខណ្ឌដង្កោ។ 

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញស្ត្រីម្នាក់ជិះម៉ូតូម៉ាកនិច​ ពណ៌សលាយក្រហម​ ពាក់ស្លាកលេខភ្នំពេញ1JZ 8521 ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ៣០ម៉ែត្រ​ ក្នុងទិសដៅពីលិចទៅកេីតខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តបែនដឹកខ្សាច់​ ពណ៌ស​ ពាក់ស្លាកលេខចង្កូតស្តាំPP 2653 ធ្វេីដំណេីរមកពីក្រោយជ្រុលបុកនិងកិនអូសប្រហែល២០ម៉ែត្របណ្តាលឱ្យអ្នកជិះម៉ូតូបែកក្បាលធ្លាយខួរស្លាប់យ៉ាងអណោចអធ័ម​ ភ្លាមនោះម្ចាស់រថយន្តបង្កបេីកបានប្រហែល៥០ម៉ែត្រក៏ឈប់រថយន្តហេីយចុះរត់គេចខ្លួនបាត់។ 

ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកេីតហេតុរួចទំនាក់ទំនងទៅជំនាញមកធ្វេីការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីរង់ចាំដោះស្រាយពេលក្រោយចំណែកសពជនរងគ្រោះសមត្ថកិច្ចបានប្រគល់ជូនសាច់ញាតិមកទទួលយកទៅធ្វេីបុណ្យតាមប្រពៃណី៕

ដោយ៖ សុខាសែនជ័យ


ចែករំលែក៖