ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងប្រុសម្នាក់អាយុ០៤ឆ្នាំដើរទៅលេងស្រះទឹករអិលជើងលង់ទឹកស្រះស្លាប់នៅក្រោយផ្សារប៉ាងរលឹម ក្រុងប៉ៃលិន

ចែករំលែក៖

ខេត្តប៉ៃលិន ៖ តាមរបាយការណ៍ពីមន្ត្រីនគរបាលជំនាញក្រុងប៉ៃលិនបានឱ្យដឹងថា កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល១៥និង១៥នាទី មានករណីក្មេងលង់ទឹកស្រះបណ្តាលឱ្យស្លាប់ម្នាក់ នៅចំណុចក្រោយផ្សារប៉ាងរលឹម ស្ថិតក្នុងភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្ដប៉ៃលិន។ កូនក្មេងរងគ្រោះឈ្មោះ កា រស្មុី ភេទប្រុស អាយុ០៤ឆ្នាំ មានទីលំនៅភូមិខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្ដប៉ៃលិន។

ឪពុកឈ្មោះ ផៃ រស្មុី  អាយុ៤៣ឆ្នាំ មុខរបររត់តាក់ស៊ី រស់នៅភូមិ/សង្កាត់ខាងលើ។

ម្ដាយឈ្មោះ អ៊ុល ស្រីមុំ អាយុ៣៨ឆ្នាំ មុខរបរសម្អាងការ រស់នៅភូមិ/សង្កាត់ខាងលើ។

    ប្រភពព័ត៌មានពីម្ដាយរបស់ជនរងគ្រោះបានឆ្លើយបភ្លឺថា នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង០៧និង៣០នាទី គាត់បានចេញពីផ្ទះទៅបើកតូបនៅផ្សារប៉ាងរលឹមដូចរាល់ដងដោយនាំកូនរបស់គាត់ទៅជាមួយដែរ លុះដល់ម៉ោងប្រហែល១៥និង៣០នាទី មានក្មេងប្រុសម្នាក់រត់មកប្រាប់ខ្ញុំថា កូនមីងលង់ទឹកស្រះនៅក្រោយផ្សារប៉ាងរលឹម ពេលឮបែបនេះគាត់ក៏បានរត់ទៅមើលក៏ឃើញប្រជាពលរដ្ឋបានស្រង់កូនគាត់ចេញពីទឹកស្រះមកលើគោកបាត់ទៅហើយ  ភ្លាមនោះគាត់ជាម្ដាយក៏ដឹកកូនយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ដប៉ៃលិន ពេលទៅដល់ក្រុមគ្រូពេទ្យបានជួយសង្គ្រោះ ប៉ុន្ដែកូនរបស់គាត់បានស្លាប់ពេលមុនដឹកចូលមន្ទីរពេទ្យបាត់ទៅហើយ។

    សូមបញ្ជាក់ថា សពត្រូវបានក្រុមគ្រូពេទ្យជំនាញ នៃមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ពិនិត្យឃើញថាសពពិតជាស្លាប់ដោយសារលង់ទឹកស្រះប្រាកដមែន។

បន្ទាប់មក សពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅភូមិ/សង្កាត់ខាងលើ៕

ដោយ៖ ស សារ៉េត


ចែករំលែក៖