សារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៦ ខែឧសភា ឆ្នាំ២០២៣នេះបានផ្សាយថា អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃសុក្រសប្ដាហ៍នេះបានប្រកាសថាជំងឺកូវីដ-១៩ លែងជា «ភាពអាសន្នសុខាភិបាលសកលទៀតហើយ» ដែលនេះជាការបោះជំហានមួយដ៏ធំ ឆ្ពោះទៅរកការបិទបញ្ចប់នៃការឆ្លងរាតត្បាតនៃជំងឺមួយនេះ ដែលបានសម្លាប់ជីវិតមនុស្សជាង ៦.៩លាននាក់។
ការប្រកាសខាងលើធ្វើឡើងដោយប្រមុខអង្គការ WHO លោក តេដ្រូស អាដាណម ហ្គេប្រេយ៉េស៊ូស (Tedros Adhanom Ghebreyesus) ដែលបានគូសបញ្ជាក់ដូច្នេះថា «កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅគណៈកម្មាធិការគ្រប់គ្រងស្ថានភាពបន្ទាន់ បានជួបប្រជុំគ្នាជាលើកទី១៥ និងបានផ្ដល់អនុសាសន៍ឱ្យខ្ញុំប្រកាសបិទបញ្ចប់ភាពអាសន្នសុខាភិបាលសកល។ ខ្ញុំបានទទួលយកអនុសាសន៍នេះ ហើយខ្ញុំប្រកាសថា កូវីដ-១៩លែងជាភាពអាសន្នសុខភិបាលសកលទៀតហើយ»។
គណៈកម្មាធិការគ្រប់គ្រងស្ថានភាពបន្ទាន់នៃអង្គការសុខភាពពិភពលោក បានប្រកាសចាត់ទុកថាកូវីដ-១៩ ជាភាពអាសន្នសុខាភិបាលកាលពីជាង៣ឆ្នាំមុន គឺនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០៕ ដោយ៖ ធីរីណា
រូបថត ៖ AP