ព័ត៌មានទាន់ហេតុការណ៍៖

កងកម្លាំងរក្សាសន្តិភាពកម្ពុជា ២៤៤នាក់ និងសុនខហិតមីន២ក្បាល ចេញទៅបំពេញបេសកកម្មមនុស្សធម៌ក្រោមឆត្រ UN នៅអាហ្វ្រិកកណ្តាល

ចែករំលែក៖

ភ្នំពេញ៖ នៅអធ្រាត្រម៉ោង១យប់ឈានចូល ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣ កម្ពុជាបានបន្តបញ្ជូនកងអនុសេនាធំវិស្វកម្មពហុជំនាញលេខ៤២៣ ចំនួន២៤៤នាក់ ស្ត្រី៣០នាក់ និងសុននហិតមីនចំនួន២ក្បាល ដែលជាកម្លាំងប្តូរវេន ចេញទៅបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល (MINUSCA)។

ពិធីជូនដំណើរកងទ័ពមួកខៀវកម្ពុជា បានធ្វើឡើងក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ប៉ុល សារឿន ទេសរដ្ឋមន្រ្តីទទួលបន្ទុកការងារបញ្ជូនកងកម្លាំងចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី១គណៈកម្មាធិការជាតិនិងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ដល់ជើងយន្តហោះរបស់អង្គការ សហប្រជាជាតិ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

រយៈពេល១៧ឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានបន្តកងទ័ពមួកខៀវកម្ពុជា ជិត៩ពាន់នាក់ ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ នៅបណ្តាប្រទេសដែលខ្ទេចខ្ទាំដោយសារសង្គ្រាម និងជម្លោះផ្ទៃក្នុងរាំរ៉ៃ ដែលសម្រេចបានកិត្យានុភាពជាច្រើនជូនជាតិ។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនីឱ្យដឹងថា កងវិស្វកម្មលេខ៤២៣ ជាកងទី៩ ចេញទៅបំពេញបេសកកម្មនៅសាធារណរដ្ឋអាហ្រ្វិកកណ្តាលនេះមានចំនួនសរុប ២៤៤ នាក់ ដោយមាននារី ៣០នាក់ ដែលមកពីបណ្តា ៤០កងឯកភាព នៃកង យោធពល ខេមរភូមិន្ទ។ កង កម្លាំង ដែលចេញបំពេញបេសកកម្មក្នុងឆ្នាំនេះ សុទ្ធតែបានទទួលការហ្វឹកហ្វឺនមុនចល័ត និងលើជំនាញ វិជ្ជាជីវៈ ប្រកបដោយគុណភាពពីគ្រូបង្គោលកម្ពុជា និងពីបណ្តាប្រទេសជាមិត្តដើម្បីប្រសិទ្ធភាពនិងប្រសិទ្ធផល ដូចបណ្តាកងមុនៗដែរ។

ទេសរដ្ឋមន្ត្រី ប៉ុល សារឿន ក៏បានផ្តាំផ្ញើដល់នាយកងកម្លាំងទាំងអស់ត្រូវប្រកាន់ភ្ជាប់និងអនុវត្តឱ្យបានម៉ឺង ម៉ាត់នូវប្រសាសន៍បទបញ្ជា ទាំង៤ចំណុចរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

សូមជម្រាបថា ដល់ឆ្នាំ២០២៣នេះ កម្ពុជាបានបញ្ជូនកងកម្លាំងជិត៩ពាន់នាក់ ចេញបំពេញបេសកកម្មចំនួន ១១ ក្នុងប្រទេសចំនួន៩ មានជាអាទិ៍៖ សាធារណរដ្ឋស៊ូដង់,ស៊ូដង់ខាងត្បូង,ឆាដ,អាហ្វ្រិកកណ្តាល,លីបង់, ម៉ាលី,ស៊ីរី,សាយប្រឺសនិងយេមែន លើជំនាញបោស សំអាតមីន,វិស្វកម្ម សំណង់ផ្តេក-បញ្ឈរ,អាវុធហត្ថ, មន្ទីរពេទ្យកម្រិត២ វិស្វកម្ម ព្រលានយន្តហោះ,កំទេចគ្រាប់មីនទាន់ផ្ទុះ,នាយទាហានសេនាធិការ និងសង្កេត ការណ៍យោធា។ 

បច្ចុប្បន្នកម្លាំងកម្ពុជាចំនួន ៨៧៤នាក់ ក្នុងនោះនារី ចំនួន១៤១នាក់ កំពុងបំពេញបេសកកម្ម នៅប្រទេសចំនួន៤ រួមមាន៖ សាធារណរដ្ឋស៊ូដង់ខាងត្បូង,លីបង់ អាហ្វ្រិកកណ្តាល និងម៉ាលី៕

ដោយ៖ សូរិយា


ចែករំលែក៖