ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ទី០៦ ខែឧសភា ឆ្នាំ២០២៣នេះ បានចូលរួមអបអរសាទរកីឡាករម្ចាស់ផ្ទះកម្ពុជា លី បូរ៉ាមី និងកីឡាករ សុខ លឹមហេង ឈ្នះមេដាយមាសបន្ថែមទៀត ជូនជាតិមាតុភូមិ។
ជាក់ស្ដែងយោងតាមផេកផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា៖ អបអរសាទរ🇰🇭🇰🇭 កីឡាករម្ចាស់ផ្ទះកម្ពុជា លី បូរ៉ាមី ឈ្នះមេដាយមាស លើវិញ្ញាសាសម្តែងមេគុណ ដែលធ្វើបាន ២៧២ពិន្ទុ នៃប្រភេទកីឡាវ៉ូវីណាម សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ នាព្រឹក ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៣។
ជាមួយគ្នានេះ សម្ដេចតេជោ បានអបអរសាទរ🇰🇭🇰🇭 កីឡាករ សុខ លឹមហេង ឈ្នះបានមេដាយមាស លើវិញ្ញាសាអុកចត្រង្គ (៥នាទី) ក្រោយយកឈ្នះកីឡាករវៀតណាម។
សូមជម្រាបជូនដែរថា យោងតាមទីភ្នាក់ងារ AKP នាព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៣នេះថា៖ កីឡាប៉េតង់ ដែលជាកីឡាដ៏មានសក្កានុពលមួយរបស់កម្ពុជា ចាប់ផ្តើមប្រកួតហើយនៅព្រឹកនេះ។
សកម្មភាពនៃការប្រកួតកីឡាប៉េតង់ ដែលមានប្រទេសចំនួន០៧ ចូលរួមប្រកួត រួមមាន ម្ចាស់ផ្ទះកម្ពុជា ព្រុយណេ ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ថៃ និងវៀតណាម នាព្រឹកថ្ងៃទី០៦ ខែឧសភានេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ៕
ដោយ៖សហការី