ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចប៉ុស្តិ៍ច្បារអំពៅទី ២ ឃាត់ខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ២ករណីផ្សេងគ្នា

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍ច្បារអំពៅទី ២ បានស្រាវជ្រាវ បង្ក្រាបករណីជួញដូរគ្រឿងញៀន ២ករណី ឃាត់ខ្លួនជនសង្ស័យ ២នាក់ ព្រមទាំងដកហូតក្រាមសថ្លា ០៨កញ្ចប់ថង់តូច។

ប្រតិបត្តិការនេះធ្វើឡើងកាលពីវេលាម៉ោង១៤និង៣០នាទី ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ចំណុចមុខផ្ទះជួល ផ្លូវបេតុង ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន ករណីទី១ ឈ្មោះ យ៉ាន់ ប្រុសដែន ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ និង ស្នាក់នៅមិនពិតប្រាកដ  (ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន)។

ករណីទី២ ឈ្មោះ ជា អេឡិច ភេទប្រុស អាយុ២០ឆ្នាំ (ធ្លាប់ជាប់ពន្ធនាគារ ពីបទជួញដូរគ្រឿងញៀន កាលពីអំឡុងឆ្នាំ២០២០) ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រែក សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ។ 

ដោយអនុវត្តន៍តាមបទបញ្ជាពីលោក វរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ ដាក់បទបញ្ជាដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ ត្រូវដាក់កម្លាំង ស្រាវជ្រាវ ល្បាតពួនស្ទាក់ ក្នុងមូលដ្ឋាន ដែលស្មុគស្មាញ ដូចនេះហើយកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ច្បារអំពៅទី២ បានអនុវត្តន៍ តាមបទបញ្ជាភ្លាមៗ ដោយឃាត់ជនសង្ស័យ ២នាក់ ពាក់ព័ន្ធករណីជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ដោយករណីទី១ កម្លាំងសមត្ថកិច្ចបានឃាត់ជនសង្ស័យម្នាក់ នៅចំណុចផ្ទះជួល ផ្លូវបេតុង ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ធ្វើការដកហូតក្រាមពណ៌សថ្លា សង្ស័យសារធាតុញៀន ចំនួន ៦កញ្ចប់ថង់តូច កាលពីវេលាម៉ោង ១៣និង០០នាទីរសៀល ថ្ងៃទី០៥ ខែឧសភាឆ្នាំ២០២៣ ។ ករណីទី២ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលច្បារអំពៅទី ២ បានបន្តឃាត់ខ្លួនជនសង្ស័យ ម្នាក់បន្ថែមទៀត នៅចំណុចមុខផ្ទះជួលផ្លូវបេតុង ក្នុងភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ដដែល បានដកហូតក្រាមពណ៌សថ្លា សង្ស័យសារធាតុញៀនចំនួន ២កញ្ចប់ថងតូច កាលពីវេលាម៉ោង ១៤និង៣០នាទីរសៀល ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ។

បច្ចុប្បន្នជនសង្ស័យទាំង ០២នាក់ រួមនិងវត្ថុតាង ត្រូវបានកម្លាំងសមត្ថកិច្ច ឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការខណ្ឌច្បារអំពៅ ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតានីតិវិធី៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖