ភ្នំពេញ ៖ សូដ្យូម និងប៉ូតាស្យូម ជាអ៊ីយ៉ុងដែលមានបរិមាណច្រើនជាងគេនៅក្នុងខ្លួនមនុស្ស។ សូដ្យូមភាគច្រើនស្ថិតនៅខាងក្រៅកោសិកា ចំណែកប៉ូតាស្យូមភាគច្រើនស្ថិតនៅក្នុងកោសិកា។ ប៉ូតាស្យូមដែលយើងវាស់ដោយពិនិត្យឈាម ជាចំណែកប៉ូតាស្យូមដែលនៅក្រៅកោសិកា គឺនៅក្នុងប្លាស្មាឈាម។ នេះជាការបញ្ជាក់ពីខាង #មន្ទីរពេទ្យកាល់ម៉ែត #calmettehospital ។
ប៉ូតាស្យូមមានតួនាទីដ៏សំខាន់សំរាប់អោយសាច់ដុំទាំងឡាយ រួមទាំងសាច់ដុំបេះដូងផង មានដំណើរការជាប្រក្រតី។
ដើម្បីដឹងថា លោកអ្នកកំពុងមានបញ្ហាលើសជាតិប៉ូតាស្យូម សូមលោកអ្នកសង្កេតលើរោគសញ្ញាសំខាន់ៗដូចខាងក្រោម៖
– ហត់
– ក្អួតចង្អោរ
– ចុះខ្សោយនៃភាពរំញោច
– ទន់សាច់ដុំ (ស្លាប់ដៃជើង paralysis)
– ស្ពឹក ឬស្រពន់
– ចុកទ្រូង ញ័រទ្រូង
– ខ្សោយអស់កម្លាំង
– បេះដូងដើរខុសសង្វាក់ (អាចឈានទៅដល់បេះដូងឈប់ដើរ ឬ ការបាត់បង់ជីវិត)
មានមនុស្សជាច្រើនដែលមានកម្រិតប៉ូតាស្យូមក្នុងឈាមលើស ក៏ប៉ុន្តែគ្មានចេញរោគសញ្ញាអ្វីសោះ។ ខ្លះទៀតមានរោគសញ្ញាច្រឡំជាមួយជំងឺទូទៅ។
រោគសញ្ញាដែលពាក់ព័ន្ធជាមួយការលើសកម្រិតប៉ូតាស្យូម ជាទូទៅគឺជាបញ្ហាសាច់ដុំ និងបញ្ហាបេះដូង។ ក្នុងកម្រិតដូចគ្នា ការកើនឡើងជាតិប៉ូតាស្យូមយ៉ាងលឿន នាំអោយមានរោគសញ្ញាធ្ងន់ធ្ងរជាងការកើនឡើងសន្សឹមៗ។
ប្រសិនបើលោកអ្នកមានរោគសញ្ញាដូចបានរៀបរាប់ខាងលើ សូមលោកអ្នកប្រញ៉ាប់មកជួបពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីទទួលបានការព្យាបាលទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព។
“ក្នុងករណីខ្លះ ការយឺតយូរតែប៉ុន្មាននាទី ឬកង្វះសម្ភារៈ ឧបករណ៍ និងខ្វះជំនាញណាមួយ អ្នកជំងឺនឹងអាចបាត់បង់ជីវិត។”
ដោយ ៖ សិលា