ព័ត៌មានទាន់ហេតុការណ៍៖

ចោរថ្លើមធំ០៤នាក់ចូលលួចគាស់ទ្វារផ្ទះនគរបាលត្រូវបានសមត្តកិច្ចនគរបាលនៃអធិការដ្ឋានស្រុកសាលាក្រៅឃាត់ខ្លួនតាមពាក្យបណ្ដឹង

ចែករំលែក៖

ខេត្តប៉ៃលិន៖ យោងតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលជំនាញនៃប៉ុស្ថិ៍ឃុំស្ទឹងកាច់បានឱ្យដឹងថា÷ កាលពីវេលាម៉ោង២១និង១០នាទី ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៣ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងកាច់ បានទទួលបណ្ដឹងករណីលួចមានស្ថានទម្ងន់ទោស (លួចគាស់ផ្ទះ)  ចំនួន០១ករណី ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់  ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។        

   សមត្តកិច្ចនគរបាលប៉ុស្ថិ៍បានបន្តថា ជនរងគ្រោះមានឈ្មោះ អ៊ូ បូរាណ ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរនគរបាល រស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ 

    សមត្តកិច្ចនគរបាលជំនាញស្រុកសាលាក្រៅឱ្យដឹងថា ក្រោយពីទទួលបានការរាយការណ៍ភ្លាមកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងកាច់ក៏បានធ្វើការស្រាវជ្រាវនិងកំណត់មុខសញ្ញា ហើយឈានដល់ការឃាត់ខ្លួនជនសង្ស័យ ចំនួន០៤នាក់មានឈ្មោះដូចខាងក្រោម៖

ទី១- ឈ្មោះ សំអ៊ុន វាសនា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅមិនពិតប្រាកដ (មុខសញ្ញាលួចយ៉ាងសកម្ម)។ 

ទី២- ឈ្មោះ ប៉ុន ធា ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ទី ៣- ឈ្មោះ ស សុីថា ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅមិនពិតប្រាកដ។

ទី៤- ឈ្មោះ សុខ សុវ៉ាត ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅមិនពិតប្រាកដ។

   ក្រោយពីសមត្តកិច្ចនគរបាលជំនាញស្រុកបានស្រាវជ្រាវភ្លាមៗក៏ចុះទៅឃាត់ខ្លួននិងនាំជនសង្ស័យទាំងនោះមកសួរនាំ ហើយជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តសកម្មភាពខាងលើប្រាកដមែន ហើយខ្លួនបានយកទៅលក់នៅផ្ទះយាយអេតចាយ មួយកន្លែងនៅចំណុចសំបុកចាប ។

+ វត្ថតាងបាត់រួមមាន៖ 

– ទូរទស្សន៍ចំនួន០២គ្រឿង

– ធុងហ្គាស ចំនួន ០១ 

– ម៉ាស៊ីនឈូសទឹកកកស៊េរីចាស់១គ្រឿង

– ទុយយោស្ពាន់ខ្សែនិងខ្សែភ្លើង

– ម៉ាស៊ីនឆុងកាហ្វេដែលបានដោះយកស្ពាន់ចំនួន០១គ្រឿង

– ម៉ាសុីនដេរខោអាវ ចំនួន០២គ្រឿង 

  បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅដើម្បីចាត់ការតាមនីតិវិធីច្បាប់។

   ករណីខាងលើនេះលោកអធិការស្នើសុំ លោកឧត្តមសេនីយ៍ស្នងការឃាត់ខ្លួនជនសង្ស័យទាំង០៤នាក់ខាងលើជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅដើម្បីបន្តនីតិវិធី ៕

ដោយ៖ ស សារ៉េត


ចែករំលែក៖